bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Galatians 3
Galatians 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
ឱ អ្នកកាឡាទីដ៏ល្ងង់ខ្លៅអើយ! តើនរណាបានធ្វើអំពើដាក់អ្នករាល់គ្នា ? តើព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង មិនត្រូវបានពណ៌នាយ៉ាងច្បាស់នៅចំពោះភ្នែកអ្នករាល់គ្នាទេឬ?
2
ខ្ញុំគ្រាន់តែចង់ដឹងពីអ្នករាល់គ្នាអំពីការនេះប៉ុណ្ណោះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ?
3
ម្ដេចក៏អ្នករាល់គ្នាល្ងង់ខ្លៅម្ល៉េះ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយវិញ្ញាណ ហើយឥឡូវនេះ អ្នករាល់គ្នាចង់បង្ហើយដោយសាច់ឈាមឬ?
4
តើអ្នករាល់គ្នាបានរងទុក្ខជាច្រើនដោយឥតប្រយោជន៍ឬ? បើពិតជាឥតប្រយោជន៍មែននោះ។
5
ចុះព្រះប្រទានព្រះវិញ្ញាណដល់អ្នករាល់គ្នា ព្រមទាំងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារតែការស្ដាប់ដោយជំនឿ?
6
ដូចដែល “អ័ប្រាហាំ បានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់ ”
7
ដូច្នេះ ចូរដឹងថា អ្នកដែលមានជំនឿ គឺអ្នកទាំងនោះហើយ ជាកូនចៅរបស់អ័ប្រាហាំ។
8
ព្រះគម្ពីរដឹងជាមុនថា ព្រះនឹងរាប់សាសន៍ដទៃជាសុចរិតដោយសារតែជំនឿ បានជាព្រះគម្ពីរបានប្រកាសដំណឹងល្អដល់អ័ប្រាហាំទុកមុនថា: “ប្រជាជាតិទាំងអស់នឹងទទួលព្រះពរតាមរយៈអ្នក” ។
9
ដោយហេតុនេះ អ្នកដែលមានជំនឿក៏ទទួលព្រះពរជាមួយអ័ប្រាហាំដែលជាមនុស្សនៃជំនឿ។
10
អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ ដ្បិតមានសរសេរទុកមកថា: “អស់អ្នកដែលមិនកាន់ខ្ជាប់ និងមិនប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលមានសរសេរទុកក្នុងគម្ពីរក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ” ។
11
ដូច្នេះ ច្បាស់ហើយថា គ្មានអ្នកណាត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះដោយក្រឹត្យវិន័យឡើយ ពីព្រោះ “មនុស្សសុចរិតនឹងរស់ដោយជំនឿ” ។
12
រីឯក្រឹត្យវិន័យមិនពឹងផ្អែកលើជំនឿទេ ផ្ទុយទៅវិញ “អ្នកដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ នឹងរស់ដោយសេចក្ដីទាំងនោះ” ។
13
ព្រះគ្រីស្ទបានប្រោសលោះយើងពីបណ្ដាសានៃក្រឹត្យវិន័យ ដោយព្រះអង្គត្រូវបណ្ដាសាជំនួសយើង ដ្បិតមានសរសេរទុកមកថា: “អស់អ្នកដែលត្រូវបានព្យួរនៅលើឈើ ត្រូវបណ្ដាសាហើយ” ។
14
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។
15
បងប្អូនអើយ ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា សូម្បីតែកិច្ចសន្យារបស់មនុស្ស កាលព្រមព្រៀងគ្នាហើយ ក៏គ្មានអ្នកណាបោះបង់ចោល ឬបន្ថែមអ្វីឡើយ។
16
រីឯសេចក្ដីសន្យារបស់ព្រះ ត្រូវបានសន្យាដល់អ័ប្រាហាំ និងពូជពង្សម្នាក់របស់លោក។ ព្រះអង្គមិនបានមានបន្ទូលថា៖ “ដល់ពូជពង្សទាំងឡាយ” ហាក់ដូចជាសំដៅលើមនុស្សជាច្រើននោះទេ គឺមានបន្ទូលថា៖ “ដល់ពូជពង្សម្នាក់របស់អ្នក” ហាក់ដូចជាសំដៅលើម្នាក់ប៉ុណ្ណោះ ពោលគឺព្រះគ្រីស្ទ។
17
ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនអាចធ្វើឲ្យសម្ពន្ធមេត្រីដែលព្រះបានតាំងទុកមុន ទៅជាមោឃៈ ហើយឲ្យសេចក្ដីសន្យានោះទៅជាឥតប្រយោជន៍បានឡើយ។
18
ដ្បិតប្រសិនបើមរតកបានមកដោយអាងក្រឹត្យវិន័យ នោះមិនមែនដោយអាងសេចក្ដីសន្យាទៀតទេ ប៉ុន្តែព្រះបានប្រទានមរតកនោះ ដល់អ័ប្រាហាំតាមសេចក្ដីសន្យា។
19
បើដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតដល់ពូជពង្សម្នាក់ដែលត្រូវបានសន្យានោះ បានមកដល់។ ក្រឹត្យវិន័យនេះ ត្រូវបានដាក់ឲ្យអនុវត្តដោយដៃរបស់អ្នកកណ្ដាលម្នាក់ តាមរយៈបណ្ដាទូតសួគ៌។
20
យ៉ាងណាមិញ អ្នកកណ្ដាលមិនមែនសម្រាប់តែភាគីម្ខាងទេ ប៉ុន្តែព្រះមានតែមួយអង្គគត់។
21
បើដូច្នេះ តើក្រឹត្យវិន័យផ្ទុយនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនដូច្នោះជាដាច់ខាត! ដ្បិតប្រសិនបើក្រឹត្យវិន័យដែលប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតពិតជានឹងមកដោយសារតែក្រឹត្យវិន័យមែន។
22
ផ្ទុយទៅវិញ ព្រះគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យានោះបានប្រទានមកដល់អ្នកដែលជឿ ដោយសារតែជំនឿលើព្រះយេស៊ូវគ្រីស្ទ។
23
មុនពេលជំនឿនេះបានមកដល់ យើងស្ថិតនៅក្រោមការឃ្លាំយាមរបស់ក្រឹត្យវិន័យ ទាំងត្រូវបានបង្ខាំង រហូតដល់ជំនឿដែលរៀបនឹងមកដល់ត្រូវបានបើកសម្ដែង។
24
ដូច្នេះ ក្រឹត្យវិន័យជាអ្នកបង្រៀន យើង រហូតដល់ព្រះគ្រីស្ទបានយាងមក ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ។
25
ប៉ុន្តែឥឡូវនេះ ជំនឿនោះបានមកដល់ហើយ ដូច្នេះយើងមិនស្ថិតនៅក្រោមអ្នកបង្រៀន ទៀតទេ
26
ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនរបស់ព្រះ ដោយសារតែជំនឿលើព្រះគ្រីស្ទយេស៊ូវ។
27
ជាការពិត អស់អ្នកដែលទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រីស្ទ បានបំពាក់ខ្លួនដោយព្រះគ្រីស្ទហើយ។
28
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
29
ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6