bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Hosea 2
Hosea 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
1
ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី” ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា “រូហាម៉ា”។
2
ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរអោយនាងដកសញ្ញាសំគាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរអោយនាងដកសញ្ញាសំគាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ!
3
បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកអោយខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើអោយនាងប្រៀបបាននឹង វាលរហោស្ថាន។ យើងធ្វើអោយនាងក្លាយដូចជាដីហួតហែង យើងធ្វើអោយនាងស្លាប់ដោយស្រេកទឹក។
4
យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យាចារ។
5
ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះអោយខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សំរាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។
6
ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំអោយនាងរកផ្លូវឃើញទៀតឡើយ។
7
នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
8
នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងអោយនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។
9
ហេតុនេះបានជាយើងនឹងវិលមកយក ស្រូវរបស់យើងវិញ នៅរដូវចំរូត យើងនឹងយកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងយករោមចៀម និងក្រណាត់ទេសឯក សំរាប់បិទបាំងកាយនាងទៅវិញដែរ។
10
ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11
យើងធ្វើអោយនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។
12
យើងនឹងបំផ្លាញចំការទំពាំងបាយជូរ និងចំការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចំការទាំងនោះ ជាកំរៃដែលគូស្នេហ៍បានប្រគល់អោយ។ យើងធ្វើអោយចំការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
13
យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
14
ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។
15
ពេលនោះ យើងនឹងប្រគល់ចំការ ទំពាំងបាយជូរអោយនាងវិញ។ ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរក សេចក្ដីសង្ឃឹម។ នៅទីនោះនាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16
នៅថ្ងៃនោះនាងនឹងហៅយើងថា “ស្វាមី” គឺនាងលែងហៅយើងថា “ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
17
យើងនឹងអោយនាងលែងបញ្ចេញ ឈ្មោះព្រះបាលទាំងនោះទៀត គឺគេលែងរំលឹកឈ្មោះទាំងនេះទៀតហើយ។
18
នៅថ្ងៃនោះយើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនអោយមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងអោយពួកគេដេកយ៉ាងសុខស្រួល។
19
យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិធម៌ ដោយភក្ដីភាព និងអាណិតអាសូរ។
20
យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ ព្រះអម្ចាស់ ។
21
នៅថ្ងៃនោះយើងនឹងឆ្លើយតប ពាក្យអង្វររបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ យើងនឹងធ្វើអោយមេឃបង្អុរភ្លៀង យើងនឹងធ្វើអោយដីបង្កើតផល តាមសេចក្ដីត្រូវការ។
22
ផែនដីនឹងធ្វើអោយមានស្រូវ ព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេង តាមសេចក្ដីត្រូវការរបស់វាលយេសរាល។
23
យើងនឹងព្រោះពូជទុកសំរាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ត្ររបស់យើង” ហើយគេនឹងពោលមកយើងថា “ព្រះនៃទូលបង្គំ!”។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14