bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Joshua 10
Joshua 10
Khmer Standard Version 1954 = Hammond Version
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
1
ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។
2
ដំណឹងនេះបានធ្វើអោយអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។
3
ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅព្រះបាទហូហាំ ជាស្ដេចក្រុងហេប្រូន ព្រះបាទពារ៉ាម ជាស្ដេចក្រុងយ៉ារមូត ព្រះបាទយ៉ាភា ជាស្ដេចក្រុងឡាគីស និងព្រះបាទដេបៀរជាស្ដេចក្រុងអេក្លូនថា៖
4
«សូមស្ដេចយាងមក ហើយជួយទូលបង្គំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។
5
ស្ដេចរបស់ជនជាតិអាម៉ូរីទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន បានពួតដៃគ្នាលើកទ័ពទាំងអស់ទៅឡោមព័ទ្ធក្រុងគីបៀន ហើយវាយក្រុងនោះ។
6
អ្នកស្រុកគីបៀនចាត់គេអោយទៅជំរាបលោកយ៉ូស្វេនៅជំរំគីលកាល់ថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំប្របាទឡើយ! សូមអញ្ជើញមករំដោះយើងខ្ញុំជាប្រញាប់ សូមជួយសង្គ្រោះយើងខ្ញុំផង ដ្បិតស្ដេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរី ដែលនៅស្រុកភ្នំ បានរួមគ្នាប្រឆាំងនឹងយើងខ្ញុំ»។
7
លោកយ៉ូស្វេក៏នាំកងទ័ពទាំងមូលចេញពីគីលកាល់ ដោយមានកងទាហានដ៏អង់អាចរបស់លោកមកជាមួយផង។
8
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។
9
លោកយ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសំរុកពួកគេ ដោយមិនអោយដឹងខ្លួនជាមុនឡើយ។
10
ព្រះអម្ចាស់ ធ្វើអោយជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេតាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។
11
ពេលជនជាតិអាម៉ូរីបាក់ទ័ព រត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់ បានធ្វើអោយមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។
12
នៅថ្ងៃដែល ព្រះអម្ចាស់ ប្រទានអោយជនជាតិអ៊ីស្រាអែលមានជ័យជំនះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅ ព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអៃយ៉ាឡូនទៅ»។
13
ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះ ខ្មាំងសត្រូវរបស់ខ្លួន។ ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។
14
តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺ ព្រះអម្ចាស់ ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិត ព្រះអម្ចាស់ បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។
15
បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។
16
ស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គ បានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។
17
មានគេទៅរាយការណ៍ជូនលោកយ៉ូស្វេថា ស្ដេចទាំងប្រាំអង្គនោះពួនក្នុងរូងភ្នំនៅម៉ាកេដា។
18
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានអោយចាំយាមនៅទីនោះផង។
19
រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់អោយសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកអោយពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនបានឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។
20
លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីអោយបរាជ័យយ៉ាងធ្ងន់ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួចចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។
21
បន្ទាប់មក កងទ័ពអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំដោយសុខសាន្ត ពួកគេជួបនឹងលោកយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមកគ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រាអែលទៀតឡើយ។
22
បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។
23
គេក៏បើកមាត់រូង ហើយនាំស្ដេចទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន ចេញមកជួបលោក។
24
កាលគេនាំស្ដេចទាំងប្រាំអង្គចេញមកជួបលោកយ៉ូស្វេ ហើយលោកក៏ហៅកងទ័ពអ៊ីស្រាអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោកអោយចូលមកជិត និងយកជើងជាន់កស្ដេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្ដេចទាំងនោះ។
25
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិត ព្រះអម្ចាស់ នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។
26
លោកយ៉ូស្វេប្រហារជីវិតស្ដេចទាំងនោះ ហើយយកទៅព្យួរកនៅនឹងដើមឈើប្រាំដើម។ សពស្ដេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។
27
ពេលថ្ងៃលិច លោកយ៉ូស្វេបញ្ជាអោយគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្ដេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។
28
នៅថ្ងៃដដែលនោះ លោកយ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្ដេចទាំងប្រជាជន គឺលោកបានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់គ្មាននរណាម្នាក់រួចជីវិតឡើយ។ លោកប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដាដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
29
លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងម៉ាកេដា ឆ្ពោះទៅក្រុងលីបណា ហើយវាយលុកក្រុងនោះ។
30
ព្រះអម្ចាស់ ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់អោយរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
31
បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។
32
ព្រះអម្ចាស់ បានប្រគល់ក្រុងឡាគីស មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។
33
ពេលនោះ ព្រះបាទហោរ៉ាម ជាស្ដេចក្រុងកេស៊ើរបានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ លោកយ៉ូស្វេវាយប្រហារទាំងស្ដេច ទាំងប្រជាជនរបស់ស្ដេចនោះ ឥតទុកអោយអ្នកណាម្នាក់រួចជីវិតឡើយ។
34
បន្ទាប់មកទៀតលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូលចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។
35
នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។
36
លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ឡើងពីក្រុងអេក្លូនឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។
37
គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្ដេចព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ លោកយ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។
38
លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូលងាកទៅរកក្រុងដេបៀរ ហើយវាយលុកក្រុងនោះ។
39
លោកវាយយកក្រុងនោះ ហើយចាប់បានស្ដេច ព្រមទាំងដណ្ដើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណាព្រមទាំងស្ដេចរបស់គេដែរ។
40
លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិបតំបន់វាលទំនាប និងតំបន់ជំរាលភ្នំព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកអោយនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។
41
លោកយ៉ូស្វេវាយលុកចាប់តាំងពីកេដេស-បារនា រហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។
42
លោកយ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្ដេចរបស់គេក្នុងគ្រាតែមួយ ព្រោះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។
43
បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំនៅគីលកាល់វិញ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24