bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Acts 26
Acts 26
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
1
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួនបាន»។ ពេលនោះ លោកប៉ុលក៏លាតដៃឡើង ហើយមានប្រសាសន៍ការពារខ្លួនថា៖
2
«បពិត្រព្រះករុណាអ័គ្រីប៉ា នៅថ្ងៃនេះ ទូលបង្គំរាប់ថាជាសំណាងណាស់ ដោយមានសិទ្ធិឆ្លើយការពារខ្លួននៅចំពោះព្រះករុណា អំពីអស់ទាំងការដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ
3
ព្រោះព្រះករុណាជ្រាបហើយពីទំនៀមទម្លាប់ និងការជជែកវែកញែករបស់សាសន៍យូដា។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្តាប់ទូលបង្គំ ដោយអនុគ្រោះផង។
4
សាសន៍យូដាទាំងអស់ស្គាល់ដំណើរជីវិតទូលបង្គំតាំងពីក្មេង គឺទូលបង្គំបាននៅរស់នៅក្នុងចំណោមសាសន៍របស់ទូលបង្គំ និងនៅក្រុងយេរូសាឡិមតាំងពីដំបូង។
5
ពួកគេបានស្គាល់ទូលបង្គំយូរមកហើយ ប្រសិនគេព្រមធ្វើបន្ទាល់ គេអាចធ្វើបានថា ទូលបង្គំបានរស់នៅក្នុងពួកផារិស៊ី ស្របតាមគណៈមួយតឹងរ៉ឹងជាងគេនៅក្នុងសាសន៍ទូលបង្គំ
6
ហើយឥឡូវ ទូលបង្គំជាប់ជំនុំជម្រះនេះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំចំពោះសេចក្ដីសន្យា ដែលព្រះបានតាំងជាមួយបុព្វបុរសរបស់យើង
7
កុលសម្ព័ន្ធទាំងដប់ពីររបស់យើង ខំប្រឹងគោរពប្រតិបត្តិតាមទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ បពិត្រព្រះរាជា គឺដោយព្រោះសេចក្តីសង្ឃឹមនេះហើយ បានជាពួកសាសន៍យូដាចោទប្រកាន់ទូលបង្គំ។
8
ហេតុអ្វីបានជាអស់លោកយល់ថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ?
9
ទូលបង្គំផ្ទាល់ធ្លាប់គិតថា ទូលបង្គំត្រូវតែខំប្រឹងជាច្រើនទាស់ប្រឆាំងនឹងព្រះនាមព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត
10
ហើយទូលបង្គំបានធ្វើការទាំងនោះនៅក្រុងយេរូសាឡិម ទាំងបានចាប់ពួកបរិសុទ្ធជាច្រើនយកទៅដាក់គុក ដោយទទួលអំណាចពីពួកសង្គ្រាជ ហើយកាលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ព្រមដែរ។
11
ទូលបង្គំបានធ្វើទោសគេជាញឹកញាប់ នៅអស់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថព្រះ ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលទាស់នឹងគេ ទូលបង្គំក៏បៀតបៀនគេ រហូតដល់ក្រុងនានារបស់សាសន៍ដទៃទៀតផង»។
12
«ក្នុងគោលបំណងនេះ ទូលបង្គំបានធ្វើដំណើរទៅក្រុងដាម៉ាស ទាំងទទួលអំណាច និងការអនុញ្ញាតពីពួកសង្គ្រាជ។
13
បពិត្រព្រះករុណា នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរ ទូលបង្គំឃើញពន្លឺមួយភ្លឺជាងថ្ងៃ ចាំងពីលើមេឃមកជុំវិញទូលបង្គំ និងអស់អ្នកដែលរួមដំណើរជាមួយទូលបង្គំ។
14
កាលយើងទាំងអស់គ្នាដួលទៅលើដី ទូលបង្គំបានឮសំឡេងមួយ ពោលមកកាន់ទូលបង្គំជាភាសាហេព្រើរថា៖ "សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ? ដ្បិតដែលអ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់"។
15
ទូលបង្គំទូលសួរថា "ឱព្រះអម្ចាស់អើយ តើព្រះអង្គជានរណា?"។ ព្រះអម្ចាស់មានព្រះបន្ទូលថា "ខ្ញុំជាយេស៊ូវ ដែលអ្នកកំពុងបៀតបៀន
16
ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចឲ្យអ្នកឃើញសម្រាប់គោលបំណងនេះឯង គឺដើម្បីតាំងអ្នកឲ្យបម្រើ ហើយធ្វើបន្ទាល់អំពីអស់ទាំងហេតុការណ៍ដែលអ្នកបានឃើញខ្ញុំ និងអំពីហេតុការណ៍ទាំងប៉ុន្មានដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ
17
ដោយញែកអ្នកចេញពីសាសន៍របស់អ្នក និងពីពួកសាសន៍ដទៃ ដែលខ្ញុំនឹងចាត់អ្នកឲ្យទៅ
18
ដើម្បីបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មករកពន្លឺ និងពីអំណាចរបស់អារក្សសាតាំង បែរមករកព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមត៌ករួមជាមួយអស់អ្នកដែលបានញែកជាបរិសុទ្ធ ដោយសារមានជំនឿដល់ខ្ញុំ"។
19
ដូច្នេះ បពិត្រព្រះករុណាអ័គ្រីប៉ា ទូលបង្គំមិនបានចចេសនឹងនិមិត្តពីស្ថានសួគ៌នោះទេ
20
គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។
21
ហេតុនេះហើយបានជាសាសន៍យូដាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ទូលបង្គំ។
22
ព្រះបានជួយទូលបង្គំរហូតមកដល់ថ្ងៃនេះ ដូច្នេះហើយបានជាទូលបង្គំឈរនៅទីនេះ ទាំងធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូច ទាំងអ្នកធំ ដោយមិននិយាយអ្វីក្រៅតែពីសេចក្តីដែលពួកហោរា និងលោកម៉ូសេបានថ្លែងថានឹងត្រូវកើតមកនោះឡើយ
23
គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រកាសប្រាប់អំពីពន្លឺដល់ប្រជាជនរបស់យើង និងដល់សាសន៍ដទៃ»។
24
កាលលោកប៉ុលកំពុងមានប្រសាសន៍ការពារខ្លួន លោកភេស្ទុសក៏ឡើងសំឡេងកាត់ថា៖ «ប៉ុលអើយ អ្នកវង្វេងស្មារតីហើយ អ្នករៀនជាច្រើនពេកបានជាអ្នកវង្វេងស្មារតីដូច្នេះ!»
25
ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «សូមគោរពឯកឧត្តមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ខ្ញុំបាទនិយាយតែពាក្យពិត ហើយត្រឹមត្រូវ។
26
ដ្បិតព្រះរាជាជ្រាបអំពីហេតុការណ៍ទាំងនេះហើយ ខ្ញុំបាទទូលស្ដេចដោយក្លាហាន ដ្បិតខ្ញុំបាទជឿជាក់ថា ក្នុងចំណោមការទាំងនេះ គ្មានអ្វីមួយលាក់កំបាំងនឹងស្ដេចទេ ដ្បិតហេតុការណ៍នេះមិនមែនធ្វើនៅកៀនកោះមួយណាឡើយ។
27
បពិត្រព្រះករុណាអ័គ្រីប៉ា តើព្រះអង្គជឿទំនាយរបស់ពួកហោរាឬទេ? ទូលបង្គំដឹងថាព្រះអង្គជឿ!»។
28
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «តើអ្នកកំពុងតែបញ្ចុះបញ្ចូលយើង ឲ្យត្រឡប់ជាគ្រីស្ទបរិស័ទរហ័សយ៉ាងនេះឬ?»
29
លោកប៉ុលទូលថា៖ «ទូលបង្គំសូមដល់ព្រះ មិនត្រឹមតែព្រះករុណាប៉ុណ្ណោះទេ គឺអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅតែបន្តិចទៀត ឬយូរទៅទៀតក្តី ដើម្បីឲ្យបានដូចទូលបង្គំដែរ លើកលែងតែចំណងនេះចេញ»។
30
បន្ទាប់មក ស្ដេច លោកទេសាភិបាល និងព្រះនាងបេរេនីស ព្រមទាំងអស់អ្នកដែលអង្គុយជាមួយ ក៏ក្រោកឡើង។
31
កាលអ្នកទាំងអស់ថយចេញទៅ គេក៏ពិភាក្សាគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីដែលសមនឹងស្លាប់ ឬដាក់គុកឡើយ»។
32
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «យើងអាចដោះលែងបុរសនេះបាន ប្រសិនបើគាត់មិនបានសូមរើក្តីទៅសេសារ»។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28