bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Acts 7
Acts 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
1
បន្ទាប់មក សម្តេចសង្ឃសួរថា៖ «តើមានការដូច្នេះមែនឬ?»
2
លោកស្ទេផានឆ្លើយថា៖ «ពុកម៉ែបងប្អូនអើយ សូមស្តាប់ខ្ញុំសិន។ ព្រះដ៏មានសិរីល្អ ទ្រង់បានលេចឲ្យលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងឃើញ កាលលោកនៅឯស្រុកមេសូប៉ូតាមា មុនពេលលោកទៅនៅស្រុកខារ៉ាន
3
ហើយមានព្រះបន្ទូលមកកាន់លោកថា៖ "ចូរអ្នកចេញពីស្រុក និងពីញាតិសន្តានរបស់អ្នក ទៅនៅឯស្រុកមួយដែលយើងនឹងបង្ហាញអ្នក" ។
4
បន្ទាប់មក លោកក៏ចេញពីស្រុករបស់សាសន៍ខាល់ដេ ទៅនៅស្រុកខារ៉ាន។ ក្រោយពីឪពុករបស់លោកស្លាប់ទៅ ព្រះបានឲ្យលោកចេញពីទីនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃនេះ។
5
ព្រះមិនបានប្រទានឲ្យលោកមានមត៌កអ្វីនៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានផង តែទ្រង់បានសន្យាថានឹងប្រទានស្រុកនេះ ទុកជាមត៌កដល់លោក និងពូជពង្សរបស់លោកជំនាន់ក្រោយ ទោះជាលោកមិនទាន់មានកូនក៏ដោយ។
6
ព្រះមានព្រះបន្ទូលដូច្នេះថា "ពូជពង្សអ្នកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នកធ្វើជាទាសករ ហើយធ្វើទុក្ខទោសគេរយៈពេលបួនរយឆ្នាំ"។
7
ព្រះអង្គមានព្រះបន្ទូលទៀតថា "យើងនឹងជំនុំជម្រះសាសន៍ដែលយកពួកគេទៅបម្រើ ហើយក្រោយមក គេនឹងចេញមកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ" ។
8
ព្រះអង្គបានតាំងសញ្ញាខាងការកាត់ស្បែកដល់លោក។ ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី។ លោកអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយលោកយ៉ាកុបបង្កើតបុព្វបុរសទាំងដប់ពីររូប។
9
បុព្វបុរសទាំងនោះក៏លក់លោកយ៉ូសែបទៅស្រុកអេស៊ីព្ទ ដោយមានចិត្តឈ្នានីស តែព្រះគង់ជាមួយលោក
10
ហើយប្រោសឲ្យលោករួចពីគ្រប់ទាំងសេចក្តីវេទនា ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងជាទីគាប់ព្រះហឫទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ផារ៉ានក៏តាំងឲ្យលោកធ្វើជាអ្នកគ្រប់គ្រងលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូល។
11
ពេលនោះ មានអំណត់កើតឡើងនៅពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណាន ហើយមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគមិនបានឡើយ។
12
ប៉ុន្ដែ កាលលោកយ៉ាកុបបានឮថា មានស្រូវនៅស្រុកអេស៊ីព្ទ លោកក៏ចាត់បុព្វបុរសរបស់យើងឲ្យទៅជាលើកទីមួយ។
13
លុះលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ហើយផារ៉ោនក៏បានស្គាល់គ្រួសាររបស់លោកយ៉ូសែបដែរ។
14
ពេលនោះ លោកយ៉ូសែបក៏ចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងអស់ មានចំនួនចិតសិបប្រាំនាក់នោះមក។
15
ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយលោក និងបុព្វបុរសរបស់យើងក៏បានស្លាប់នៅទីនោះ។
16
គេបានដង្ហែសពលោកទៅក្រុងស៊ីគែម ហើយបានបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញពីកូនចៅហេម័រ នៅក្រុងស៊ីគែមនោះ។
17
លុះជិតដល់ពេលកំណត់នៃសេចក្តីសន្យា ដែលព្រះបានស្បថជាមួយលោកអ័ប្រាហាំ ប្រជាជនយើងក៏មានចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីព្ទ
18
រហូតដល់មានស្តេចមួយទៀតឡើងសោយរាជ្យ តែទ្រង់មិនបានស្គាល់លោកយ៉ូសែបទេ។
19
ស្តេចនោះប្រព្រឹត្តនឹងពូជសាសន៍យើងដោយឆ្លៀវឆ្លាត ហើយបង្ខំឲ្យបុព្វបុរសរបស់យើងបំបរបង់ចោលកូនតូចៗរបស់ខ្លួន ដើម្បីកុំឲ្យរស់តទៅទៀត។
20
នៅគ្រានោះ លោកម៉ូសេបានកើតមក ហើយលោកជាកូនដ៏ស្អាតនៅចំពោះព្រះ។ គេក៏ចិញ្ចឹមលោកនៅក្នុងផ្ទះឪពុករបស់លោក អស់រយៈពេលបីខែ
21
កាលគេយកលោកទៅបំបរបង់ចោល បុត្រីរបស់ផារ៉ោនក៏យកលោកទៅចិញ្ចឹម ទុកដូចជាកូនបង្កើតរបស់ព្រះនាង។
22
លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជារបស់សាសន៍អេស៊ីព្ទ ហើយលោកពូកែទាំងការនិយាយស្ដី ពូកែទាំងការងារ។
23
លុះលោកមានអាយុសែសិបឆ្នាំ លោកមានចិត្តនឹករឭក ចង់ទៅសួរសុខទុក្ខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់លោក។
24
ពេលលោកឃើញគេធ្វើបាបបងប្អូនម្នាក់របស់លោក លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះទៅ។
25
លោកនឹកស្មានថា ពួកបងប្អូនរបស់លោកមុខជាយល់ថា ព្រះប្រទានការសង្គ្រោះដល់គេ ដោយសារដៃរបស់លោក តែគេមិនយល់ដូច្នោះឡើយ។
26
នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា លោកក៏ព្យាយាមសម្រុះសម្រួលពួកគេ ដោយពោលថា "អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ?"។
27
ប៉ុន្តែ ម្នាក់ដែលកំពុងធ្វើបាបអ្នកជិតខាងរបស់ខ្លួននោះ ក៏ច្រានលោកម៉ូសេចេញ ទាំងពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រមលើយើង?
28
តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ពីម្សិលមិញដែរឬ?" ។
29
កាលលោកម៉ូសេឮដូច្នេះ លោកក៏ភៀសទៅនៅស្រុកម៉ាឌាន ហើយនៅស្រុកនោះ លោកបង្កើតបានកូនប្រុសពីរនាក់។
30
លុះសែសិបឆ្នាំក្រោយមក ទេវតារបស់ព្រះអម្ចាស់លេចឲ្យលោកឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាមួយ នៅទីរហោស្ថានភ្នំស៊ីណាយ។
31
ពេលលោកម៉ូសេឃើញ លោកឆ្ងល់នឹងទិដ្ឋភាពនោះ ហើយពេលលោកចូលទៅជិតដើម្បីពិនិត្យមើល ស្រាប់តែមានព្រះសូរសៀងរបស់ព្រះអម្ចាស់ចេញមកថា៖
32
"យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប" ។ លោកម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានមើលឡើយ។
33
បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា "ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះ ជាដីបរិសុទ្ធ។
34
យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីព្ទហើយ ហើយក៏ឮសំឡេងស្រែកថ្ងូររបស់គេដែរ យើងចុះមកដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ" ។
35
លោកម៉ូសេនេះ ដែលគេបានបដិសេធមិនព្រមទទួល ដោយពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រម?"។ លោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាមេគ្រប់គ្រង និងជាអ្នករំដោះ ដោយសារដៃរបស់ទេវតា ដែលបានលេចឲ្យលោកឃើញក្នុងគុម្ពបន្លា។
36
លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសម្គាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោស្ថាន រយៈពេលសែសិបឆ្នាំ។
37
លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា "ព្រះនឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនរបស់អ្នករាល់គ្នា" ។
38
លោកម៉ូសេនេះហើយ ដែលនៅក្នុងក្រុមជំនុំនៅទីរហោស្ថាន ជាមួយទេវតាដែលថ្លែងមកកាន់លោកនៅភ្នំស៊ីណាយ និងជាមួយបុព្វបុរសរបស់យើង។ លោកបានទទួលព្រះបន្ទូលរស់ យកមកប្រគល់ឲ្យយើងរាល់គ្នា។
39
បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គេច្រានលោកចោល ហើយចិត្តរបស់គេ គេបែរទៅរកស្រុកអេស៊ីព្ទវិញ
40
ដោយពោលទៅកាន់លោកអើរ៉ុនថា "ចូរធ្វើព្រះឲ្យយើង ដែលនឹងនាំមុខយើង ដ្បិតលោកម៉ូសេ ដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនេះ យើងមិនដឹងជាមានអ្វីកើតឡើងដល់លោកទេ" ។
41
នៅគ្រានោះ គេក៏ធ្វើរូបកូនគោមួយ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ខ្លួន។
42
ប៉ុន្ដែ ព្រះបានបែរចេញ ហើយប្រគល់គេឲ្យគោរពថ្វាយបង្គំពួកបរិវារដែលនៅលើមេឃ ដូចមានសេចក្តីចែងទុកនៅក្នុងគម្ពីរហោរាថា "ឱពួកវង្សអ៊ីស្រាអែលអើយ រយៈពេលសែសិបឆ្នាំនៅទីរហោស្ថាន តើអ្នករាល់គ្នាបានសម្លាប់សត្វ ហើយថ្វាយយញ្ញបូជាដល់យើងឬទេ?
43
អ្នករាល់គ្នាបានរើសយកខ្ទមរបស់ព្រះម៉ូឡុក និងផ្កាយរបស់ព្រះរេមផាន់ ជារូបដែលអ្នកបានធ្វើដើម្បីថ្វាយបង្គំ។ ដូច្នេះ យើងនឹងនិរទេសអ្នករាល់គ្នា ទៅហួសស្រុកបាប៊ីឡូនទៅទៀត" ។
44
បុព្វបុរសរបស់យើងមានរោងនៃសេចក្តីបន្ទាល់នៅទីរហោស្ថាន ដូចព្រះអង្គបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ហើយបង្គាប់លោកឲ្យធ្វើតាមគំរូដែលលោកបានឃើញ។
45
បុព្វបុរសរបស់យើងក៏ទទួលរោងនោះតៗមក ហើយបាននាំយកមកជាមួយលោកយ៉ូស្វេ ពេលគេចាប់យកទឹកដីពីសាសន៍នានា ដែលព្រះបានបណ្តេញចេញពីមុខបុព្វបុរសរបស់យើង។ រោងនោះ នៅរហូតដល់ជំនាន់ព្រះបាទដាវីឌ
46
ព្រះសព្វព្រះហឫទ័យនឹងព្រះបាទដាវីឌ ហើយស្តេចបានទូលសូមរកដំណាក់មួយសម្រាប់ព្រះរបស់លោកយ៉ាកុប ។
47
ប៉ុន្ដែ ព្រះបាទសាឡូម៉ូនឯណោះវិញទេ ដែលបានសង់ដំណាក់មួយថ្វាយព្រះអង្គ។
48
ព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងដំណាក់ដែលធ្វើដោយដៃមនុស្សឡើយ ដូចជាហោរាបានថ្លែងថា
49
"ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង។ ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់ណាឲ្យយើង ឬតើកន្លែងសម្រាករបស់យើងជាអ្វី?
50
តើមិនមែនដៃរបស់យើងដែលបង្កើតរបស់ទាំងនេះទេឬ?"
51
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!
52
តើមានហោរាណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះ? ពួកគាត់បានសម្លាប់អស់អ្នកដែលប្រកាសប្រាប់ឲ្យដឹងជាមុន ពីដំណើរដែលព្រះដ៏សុចរិតត្រូវយាងមក ឥឡូវនេះ អស់លោកបានត្រឡប់ជាអ្នកក្បត់ ហើយសម្លាប់ព្រះអង្គនោះថែមទៀតផង។
53
អស់លោកជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមរយៈពួកទេវតា តែអស់លោកមិនបានកាន់តាមសោះ!»។
54
ពេលគេបានឮដូច្នោះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយគេសង្កៀតធ្មេញដាក់លោកស្ទេផាន។
55
ប៉ុន្ដែ លោកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលោកសម្លឹងមើលទៅលើមេឃ ឃើញសិរីល្អរបស់ព្រះ និងព្រះយេស៊ូវឈរនៅខាងស្តាំព្រះហស្តរបស់ព្រះ។
56
លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្តាំព្រះហស្តរបស់ព្រះ»។
57
ប៉ុន្តែ គេក៏ស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅសង្គ្រប់លើលោក។
58
បន្ទាប់មក គេអូសលោកចេញទៅខាងក្រៅទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ រីឯពួកស្មរបន្ទាល់ បានដោះសម្លៀកបំពាក់របស់ខ្លួន ទុកនៅទៀបជើងរបស់យុវជនម្នាក់ ឈ្មោះសុល។
59
កាលគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម លោកអធិស្ឋានថា៖ «ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង!»
60
បន្ទាប់មក លោកលុតជង្គង់ចុះ ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ការនេះជាបាបដល់គេឡើយ»។ កាលលោកបានពោលដូច្នេះហើយ នោះក៏ដេកលក់ទៅ ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28