bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Esther 1
Esther 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
1
រីឯនៅគ្រាព្រះបាទអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើមួយរយម្ភៃប្រាំពីរខេត្ត ចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី
2
ក្នុងគ្រានោះ កាលព្រះបាទអ័ហាស៊ូរុស គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាក្រុងហ្លួង
3
គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានជប់លៀងដល់ពួកមន្ត្រី និងពួករាជបម្រើទាំងអស់របស់ស្ដេច ព្រមទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអភិជន និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាន ក៏នៅចំពោះស្ដេចដែរ
4
ឯស្ដេចទ្រង់បង្ហាញអស់ទាំងរាជសម្បត្តិដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ និងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ អស់រយៈពេលជាច្រើនថ្ងៃ គឺអស់មួយរយប៉ែតសិបថ្ងៃ។
5
កាលផុតថ្ងៃទាំងនេះហើយ ស្ដេចជប់លៀងដល់ប្រជាជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួង អស់ប្រាំពីរថ្ងៃ នៅក្នុងទីធ្លាឧទ្យាននៃដំណាក់របស់ស្ដេច។
6
គេចងសំពត់ពណ៌ស ពណ៌បៃតង និងពណ៌ខៀវ ដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង និងខ្មៅ។
7
គេបម្រើភេសជ្ជៈនៅក្នុងពែងមាស ជាពែងផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូរហ្លួងជាបរិបូរ តាមសណ្ឋានស្តេច។
8
តាមព្រះរាជបញ្ជារបស់ស្ដេច ការពិសាស្រាឥតមានដាក់កំហិតឡើយ ដ្បិតស្ដេចបានបង្គាប់ឲ្យរាជបម្រើទាំងប៉ុន្មានរបស់ទ្រង់ បម្រើជូនភ្ញៀវនីមួយៗ តាមតែភ្ញៀវចង់បាន។
9
ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្ត្រី នៅក្នុងព្រះរាជដំណាក់របស់ព្រះបាទអ័ហាស៊ូរុសដែរ។
10
នៅថ្ងៃទីប្រាំពីរ កាលស្ដេចមានព្រះហឫទ័យសប្បាយដោយស្រា ស្ដេចក៏បង្គាប់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាមហាតលិកទាំងប្រាំពីរ ដែលបម្រើនៅចំពោះព្រះបាទអ័ហាស៊ូរុស
11
ឲ្យទៅយាងព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ ទាំងពាក់មកុដរាជ្យ ដើម្បីនឹងបង្ហាញរូបឆោមឲ្យប្រជាជន និងពួកមន្ត្រីឃើញ ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតគួរគយគន់។
12
ប៉ុន្ដែ ព្រះនាងវ៉ាសធីមិនព្រមយាងមកតាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយនោះទេ។ ពេលនោះ ស្ដេចទ្រង់ក្រេវក្រោធ ហើយកំហឹងនោះក៏ឆួលឆេះក្នុងព្រះហឫទ័យជាខ្លាំង។
13
ដូច្នេះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យកាល (ដ្បិតនេះជាទម្លាប់របស់ស្ដេច ដែលតែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ
14
ហើយអ្នកដែលនៅជិតដិតនឹងស្ដេចមាន កើសេណា សេថារ អ័ឌម៉ាថា តើស៊ី មេរេស ម៉ាសេណា និងមមូកាន ជាមន្ត្រីទាំងប្រាំពីររូបរបស់សាសន៍ពើស៊ី និងសាសន៍មេឌី ដែលជាអ្នកជំនិតរបស់ស្តេច ហើយជាអ្នកលេខមួយក្នុងនគរ)។
15
ស្ដេចសួរថា៖ «តាមច្បាប់ តើត្រូវធ្វើដូចម្តេចចំពោះព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ?»
16
ពេលនោះ មមូកានមានប្រសាសន៍នៅចំពោះស្តេច និងពួកមន្ត្រីទាំងប៉ុន្មានថា៖ «ព្រះនាងវ៉ាសធី ជាអគ្គមហេសីបានធ្វើខុស មិនមែនត្រឹមតែចំពោះព្រះករុណាប៉ុណ្ណោះ គឺថែមទាំងប៉ះពាល់ដល់អស់ទាំងពួកមន្ត្រី ដល់អស់ទាំងប្រជាជន ដែលនៅអស់ទាំងអាណាខេត្តរបស់ព្រះករុណាអ័ហាស៊ូរុសទៀតផង។
17
ដ្បិតការប្រព្រឹត្តរបស់អគ្គមហេសី នឹងលេចឮដល់ស្ត្រីទាំងអស់ ហើយបណ្ដាលឲ្យគេមើលងាយប្តីរបស់ខ្លួន ព្រោះពួកគេនឹងពោលថា "ព្រះបាទអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាងវ៉ាសធី ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមយាងមកទេ"។
18
នៅថ្ងៃនេះ ពួកជំទាវសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮពីទង្វើរបស់អគ្គមហេសី ពួកគេនឹងប្រកែកចំពោះប្តីរបស់ខ្លួន ដែលជាមន្ត្រីរបស់ព្រះករុណាដូច្នោះដែរ ហើយនឹងកើតមានសេចក្ដីមើលងាយ និងកំហឹងជាច្រើន។
19
ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមទ្រង់ចេញរាជបញ្ជា ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី និងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់ប្ដូរបានឡើយ គឺកុំឲ្យព្រះនាងចូលមកចំពោះព្រះករុណារហូតតទៅ ហើយសូមព្រះករុណាប្រគល់តំណែងហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀត ដែលវិសេសជាងព្រះនាង។
20
ដូច្នេះ កាលណាសេចក្ដីសម្រេចរបស់ព្រះរាជាបានប្រកាសពាសពេញនគររបស់ទ្រង់ (ដ្បិតនគរនោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្តីរបស់ខ្លួន តាំងពីអ្នកធំ រហូតដល់អ្នកតូច»។
21
យោបល់នេះគាប់ព្រះហឫទ័យដល់ស្តេច និងពេញចិត្តដល់ពួកមន្ត្រីណាស់ ហើយស្ដេចក៏ធ្វើតាមពាក្យរបស់មមូកាន។
22
ស្ដេចផ្ញើព្រះរាជសារទៅគ្រប់អាណាខេត្តទាំងអស់ គឺទៅកាន់អាណាខេត្តនីមួយៗ តាមអក្សរសាស្ត្រជាតិរបស់គេ ហើយទៅកាន់សាសន៍នីមួយៗ តាមភាសារបស់គេ ដោយប្រកាសឲ្យបុរសៗទាំងអស់ ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយត្រូវនិយាយតាមភាសាកំណើតរបស់ប្ដី។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10