bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Timothy 1
1 Timothy 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
1
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ ស្របតាមបទបញ្ជារបស់ព្រះដែលជាព្រះសង្គ្រោះនៃយើង និងរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាសេចក្ដីសង្ឃឹមរបស់យើង
2
ជូនចំពោះធីម៉ូថេ កូនដ៏ពិតប្រាកដរបស់ខ្ញុំ ខាងជំនឿ។ សូមឲ្យព្រះគុណ សេចក្ដីមេត្តា និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង មានដល់អ្នក!
3
ដូចដែលខ្ញុំបានជំរុញអ្នក កាលខ្ញុំចេញដំណើរទៅម៉ាសេដូន សូមអ្នកស្នាក់នៅអេភេសូរ ដើម្បីបានបង្គាប់អ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិផ្សេង
4
កុំឲ្យផ្ដោតចិត្តលើទេវកថា និងវង្សត្រកូលដែលមិនចេះចប់មិនចេះហើយ ដែលរឿងទាំងនេះបង្កភាពចម្រូងចម្រាសជាជាងចម្រើនកិច្ចការរបស់ព្រះ ដែលធ្វើដោយជំនឿ។
5
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។
6
មានអ្នកខ្លះបានជ្រួសចេញពីសេចក្ដីទាំងនេះ ហើយបែរទៅរកពាក្យសម្ដីឥតខ្លឹមសារ
7
ទាំងចង់ធ្វើជាគ្រូវិន័យ ប៉ុន្តែមិនយល់ទាំងអ្វីដែលខ្លួននិយាយ និងអ្វីដែលខ្លួនអះអាងនោះផង។
8
រីឯយើងវិញ យើងដឹងថា ក្រឹត្យវិន័យល្អមែន ប្រសិនបើគេប្រើបានត្រឹមត្រូវ
9
ហើយយើងដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនតាំងឡើងសម្រាប់មនុស្សសុចរិតទេ គឺតាំងឡើងសម្រាប់មនុស្សឥតច្បាប់ និងមនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពព្រះ និងមនុស្សបាប មនុស្សមិនវិសុទ្ធ និងមនុស្សប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ
10
មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នកស្បថដោយកុហក ព្រមទាំងអ្នកណាផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។
11
សេចក្ដីបង្រៀននេះ ស្របតាមដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលខ្ញុំត្រូវបានផ្ទុកផ្ដាក់។
12
ខ្ញុំសូមអរព្រះគុណដល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងដែលចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានចាត់ទុកខ្ញុំថាស្មោះត្រង់ ដោយតែងតាំងខ្ញុំមកក្នុងការងារបម្រើនេះ។
13
ទោះបីពីមុន ខ្ញុំជាមនុស្សប្រមាថព្រះ ជាអ្នកបៀតបៀន និងជាមនុស្សព្រហើនក៏ដោយ ក៏ខ្ញុំបានទទួលសេចក្ដីមេត្តា ពីព្រោះខ្ញុំបានប្រព្រឹត្តដោយភាពមិនយល់ ក្នុងភាពឥតជំនឿ
14
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានកើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
15
ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង គឺថា: “ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប” ដែលក្នុងចំណោមមនុស្សបាបនោះ ខ្ញុំជាមេ។
16
យ៉ាងណាមិញ នេះជាហេតុដែលខ្ញុំបានទទួលសេចក្ដីមេត្តា គឺដើម្បីឲ្យព្រះគ្រីស្ទយេស៊ូវបានសម្ដែងការអត់ធ្មត់ដ៏ពេញលេញក្នុងខ្ញុំដែលជាមេនៃមនុស្សបាប ដើម្បីជាគំរូដល់អ្នកដែលរៀបនឹងជឿទុកចិត្តលើព្រះអង្គដើម្បីបានជីវិតអស់កល្បជានិច្ច។
17
សូមឲ្យកិត្តិយស និងសិរីរុងរឿង មានដល់ព្រះមហាក្សត្រដ៏អស់កល្ប គឺព្រះតែមួយអង្គគត់ដ៏អមតៈ ដែលយើងមើលមិនឃើញ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
18
ធីម៉ូថេ កូនខ្ញុំ អើយ ខ្ញុំសូមផ្ទុកផ្ដាក់សេចក្ដីបង្គាប់នេះនឹងអ្នក ស្របតាមពាក្យព្យាករដែលត្រូវបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកបានតយុទ្ធដោយសេចក្ដីទាំងនោះ ក្នុងចម្បាំងដ៏ល្អ
19
ទាំងកាន់ខ្ជាប់នូវជំនឿ និងសតិសម្បជញ្ញៈត្រឹមត្រូវផង។ មានអ្នកខ្លះបោះបង់ចោលសេចក្ដីទាំងនេះ បណ្ដាលឲ្យលិចសំពៅនៃជំនឿ។
20
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅសាតាំង ដើម្បីឲ្យពួកគេត្រូវបានប្រៀនប្រដៅ កុំឲ្យនិយាយប្រមាថព្រះឡើយ៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
All chapters:
1
2
3
4
5
6