bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Timothy 6
1 Timothy 6
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
1
អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវចាត់ទុកចៅហ្វាយរបស់ខ្លួនថាស័ក្ដិសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀន ត្រូវបានប្រមាថឡើយ។
2
អ្នកដែលមានចៅហ្វាយជាអ្នកជឿ ក៏កុំឲ្យមើលងាយចៅហ្វាយឡើយ ពីព្រោះពួកគាត់ជាបងប្អូន។ ផ្ទុយទៅវិញ ត្រូវបម្រើកាន់តែខ្លាំងឡើង ពីព្រោះពួកគាត់ជាអ្នកជឿ និងជាអ្នកដ៏ជាទីស្រឡាញ់ដែលទទួលប្រយោជន៍ពីការបម្រើដ៏ល្អ។ ចូរបង្រៀន និងជំរុញទឹកចិត្តអំពីសេចក្ដីទាំងនេះចុះ។
3
ប្រសិនបើមានអ្នកណាបង្រៀនគោលលទ្ធិផ្សេង ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងមិនយល់ស្របនឹងសេចក្ដីបង្រៀននៃការគោរពព្រះទេ
4
អ្នកនោះមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែកវែកញែក និងប្រកែកអំពីពាក្យសម្ដី ដែលនាំឲ្យមានការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យដ៏អាក្រក់
5
និងជម្លោះដែលមិនចេះចប់របស់មនុស្សដែលមានគំនិតខូចសីលធម៌ និងបាត់បង់សេចក្ដីពិត ដែលពួកគេចាត់ទុកថា ការគោរពព្រះជាមធ្យោបាយរកកម្រៃ។
6
តាមពិត ការគោរពព្រះដោយចិត្តស្កប់ស្កល់ ជាការបានកម្រៃដ៏ធំ។
7
ជាការពិត យើងមិនបានយកអ្វីចូលមកក្នុងពិភពលោកនេះទេ ហើយក៏ មិនអាចយកអ្វីចេញបានដែរ។
8
ប៉ុន្តែបើមានអាហារ និងសម្លៀកបំពាក់ យើងក៏ស្កប់ចិត្តនឹងរបស់ទាំងនេះ។
9
រីឯអ្នកដែលចង់មានស្ដុកស្ដម្ភ តែងតែធ្លាក់ទៅក្នុងការល្បួង អន្ទាក់ និងតណ្ហាជាច្រើនដ៏ល្ងង់ខ្លៅដែលនាំឲ្យអន្តរាយ។ តណ្ហាទាំងនេះ ពន្លិចមនុស្សទៅក្នុងការខូចខាត និងសេចក្ដីវិនាស។
10
ដ្បិតការស្រឡាញ់លុយជាឫសគល់នៃសេចក្ដីអាក្រក់គ្រប់យ៉ាង។ អ្នកខ្លះលោភចង់បានលុយ ក៏បានវង្វេងចេញពីជំនឿ ហើយចាក់ទម្លុះខ្លួនឯងដោយការឈឺចុកចាប់ជាច្រើន។
11
រីឯអ្នកវិញ ឱ មនុស្សរបស់ព្រះអើយ! ចូរគេចឲ្យផុតពីសេចក្ដីទាំងនេះទៅ! ចូរស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីសុភាពរាបសា។
12
ចូរប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អនៃជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យបាន។ អ្នកត្រូវបានត្រាស់ហៅដើម្បីការនេះ និងដើម្បីសារភាពពាក្យសារភាពដ៏ល្អ នៅមុខសាក្សីជាច្រើន។
13
នៅចំពោះព្រះដែលប្រទានជីវិតដល់របស់សព្វសារពើ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវដែលធ្វើបន្ទាល់ជាពាក្យសារភាពដ៏ល្អនៅមុខប៉ុនទាសពីឡាត់ ខ្ញុំសូមបង្គាប់អ្នកថា
14
ចូរកាន់តាមសេចក្ដីបង្គាប់ឲ្យបានឥតសៅហ្មង និងឥតកន្លែងបន្ទោសបាន រហូតដល់ការលេចមករបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង
15
ដែលព្រះនឹងបង្ហាញឲ្យឃើញ ក្នុងពេលកំណត់។ ព្រះអង្គជាព្រះអង្គដ៏មានពរ ជាព្រះអង្គតែមួយអង្គគត់ដ៏មានព្រះចេស្ដា ជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
16
ជាព្រះអង្គតែមួយអង្គគត់ដ៏មានអមតភាព ដែលស្ថិតនៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន ជាព្រះអង្គដែលគ្មានមនុស្សណាបានឃើញ ហើយក៏មិនអាចមើលឃើញបានដែរ។ សូមឲ្យកិត្តិយស និងព្រះចេស្ដាដ៏អស់កល្បជានិច្ច មានដល់ព្រះអង្គ! អាម៉ែន។
17
ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះ ដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។
18
ចូរបង្គាប់ពួកគេឲ្យធ្វើល្អ ឲ្យមានស្ដុកស្ដម្ភខាងឯការប្រព្រឹត្តល្អ មានចិត្តទូលាយ និងមានចិត្តចែករំលែក
19
ធ្វើដូច្នេះ គេនឹងប្រមូលទុកសម្រាប់ខ្លួនឯងនូវគ្រឹះដ៏ល្អសម្រាប់អនាគត ដើម្បីឲ្យបានចាប់ជីវិតដ៏ពិតប្រាកដ ។
20
ឱ ធីម៉ូថេអើយ! ចូររក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងអ្នក ទាំងចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ និងពាក្យទទឹងទទែងដែលគេហៅខុសថា “ចំណេះដឹង”។
21
មានអ្នកខ្លះអាង “ចំណេះដឹង” នេះ ក៏ជ្រួសចេញពីជំនឿ។ សូមឲ្យព្រះគុណ ស្ថិតនៅជាមួយអ្នករាល់គ្នា ! ៕៚
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
All chapters:
1
2
3
4
5
6