bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Kings 11
1 Kings 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
1
ព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីសាសន៍ដទៃជាច្រើនរូប។ ក្រៅពីបុត្រីរបស់ព្រះចៅផារ៉ោន ស្ដេចមានមហេសីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។
2
មហេសីទាំងនោះមានដើមកំណើតពីប្រជាជាតិដែល ព្រះអម្ចាស់ បានហាមដល់កូនចៅអ៊ីស្រាអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នា អោយទៅគោរពព្រះរបស់គេជាមិនខាន»។ ព្រះបាទសាឡូម៉ូនចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្ដីស្នេហា។
3
ព្រះបាទសាឡូម៉ូនមានមហេសីដែលជាបុត្រីរបស់ស្ដេចសាសន៍ដទៃ ចំនួនប្រាំពីររយអង្គ និងស្រីស្នំចំនួនបីរយនាក់។ ពួកមហេសី និងស្រីស្នំរបស់ស្ដេច បានអូសទាញព្រះហឫទ័យស្ដេចចេញពីព្រះជាម្ចាស់។
4
ពេលព្រះបាទសាឡូម៉ូនមានព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះហឫទ័យស្ដេចអោយទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។
5
ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូមជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
6
ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ហើយមិនដើរតាមមាគ៌ារបស់ ព្រះអម្ចាស់ ទាំងស្រុង ដូចព្រះបាទដាវីឌ ជាបិតាឡើយ។
7
នៅគ្រានោះ ព្រះបាទសាឡូម៉ូនបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ថ្វាយព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
8
ព្រះរាជាបានសង់ទីសក្ការៈជាច្រើនទៀតសំរាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីអោយពួកនាងថ្វាយគ្រឿងក្រអូប និងថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។
9
ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតស្ដេចបែកចិត្តចេញពី ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្ដេចដល់ទៅពីរដង
10
ហើយហាមផ្ដាច់មិនអោយស្ដេចគោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ ព្រះអម្ចាស់ ឡើយ។
11
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅអោយអ្នកបំរើរបស់អ្នកវិញ។
12
ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។
13
យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយអោយកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
14
ព្រះអម្ចាស់ បានបណ្ដាលអោយលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។
15
នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែល ដែលស្លាប់ក្នុងចំបាំងយកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
16
លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រាអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
17
គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយលោកបានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោក។
18
ពួកគេចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់លោក ព្រមទាំងប្រទានដីធ្លីអោយលោកទៀតផង។
19
លោកហាដាឌបានទទួលការប្រោសប្រណីពីព្រះចៅផារ៉ោន។ ស្ដេចបានលើកប្អូនថ្លៃ គឺប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេសអោយធ្វើជាភរិយារបស់លោកផង។
20
ប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេស បង្កើតកូនប្រុសមួយរូបឈ្មោះកេនូបាតជូនលោកហាដាឌ។ ព្រះមហាក្សត្រិយានីថាផ្នេស យកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំង ជាមួយបុត្ររបស់ព្រះចៅផារ៉ោន។
21
នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ព្រះបាទដាវីឌសោយទិវង្គត ហើយលោកមេទ័ពយ៉ូអាប់ក៏ទទួលមរណភាពដែរ។ លោកហាដាឌទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណារាជានុញ្ញាតអោយទូលបង្គំត្រឡប់ទៅស្រុករបស់ទូលបង្គំវិញផង»។
22
ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ លោកទូលថា៖ «ទូលបង្គំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមព្រះករុណាមេត្តារាជានុញ្ញាត អោយទូលបង្គំចាកចេញទៅផង!»។
23
ព្រះជាម្ចាស់បានបណ្ដាលអោយលោករេសោនជាកូនរបស់លោកអេលីយ៉ាដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ព្រះបាទសាឡូម៉ូន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺព្រះបាទហាដា-រេស៊ើរ ជាស្ដេចស្រុកសូបា។
24
គាត់បានប្រមែប្រមូលមនុស្ស អោយមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។
25
លោករេសោនក្លាយទៅជាគូវិវាទរបស់អ៊ីស្រាអែល អស់មួយរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ដូចលោកហាដាឌ ដែលបានធ្វើទុក្ខបុកម្នេញអ៊ីស្រាអែលដែរ។ ព្រះបាទរេសោនបានឡើងសោយរាជ្យលើស្រុកស៊ីរី ហើយតែងតែស្អប់ជនជាតិអ៊ីស្រាអែល។
26
លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមនៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូអាជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបំរើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។
27
មូលហេតុដែលបណ្ដាលអោយលោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្ដេចមានដូចតទៅ: នៅពេលព្រះបាទសាឡូម៉ូនសង់ព្រលាននៅមីឡូ និងជួសជុលកំពែងបាក់បែក នៅបុរីព្រះបាទដាវីឌជាបិតា
28
ទ្រង់សង្កេតឃើញលោកយេរ៉ូបោម ជាមនុស្សក្លាហានអង់អាច។ ដូច្នេះ ស្ដេចក៏ចាត់លោកអោយមើលខុសត្រូវលើកំណែនរបស់កូនចៅលោកយ៉ូសែប។
29
ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្យាការីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានមកជួបលោក ទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។
30
លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះ មកហែកជាដប់ពីរចំរៀក។
31
បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់អោយអ្នក យើងនឹងអោយអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
32
យើងទុកកុលសម្ព័ន្ធតែមួយអោយសាឡូម៉ូន ដោយយល់ដល់ដាវីឌជាអ្នកបំរើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធ ទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល។
33
យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូត ជាព្រះនៃជនជាតិស៊ីដូន កេម៉ូស ជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង មិនកាន់តាមច្បាប់ និងវិន័យរបស់យើង ដូចដាវីឌជាបិតារបស់សាឡូម៉ូនឡើយ។
34
យើងមិនដកយកអាណាចក្រទាំងមូលចេញពីសាឡូម៉ូនទេ យើងអោយគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ដាវីឌ ជាអ្នកបំរើដែលយើងបានជ្រើសរើសព្រោះដាវីឌបានកាន់តាមបទបញ្ជា និងច្បាប់របស់យើង។
35
យើងនឹងដកអាណាចក្រពីកូនរបស់សាឡូម៉ូន ហើយប្រគល់អោយអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
36
រីឯកូនរបស់សាឡូម៉ូនវិញ យើងទុកកុលសម្ព័ន្ធមួយអោយគេគ្រប់គ្រង ដើម្បីអោយដាវីឌ ជាអ្នកបំរើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសំរាប់នាមយើង។
37
រីឯអ្នកវិញ យើងនឹងតែងតាំងអ្នកអោយធ្វើជាស្ដេច លើស្រុកអ៊ីស្រាអែល អ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។
38
ប្រសិនបើអ្នកស្ដាប់សេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌជាអ្នកបំរើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើអោយអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះដាវីឌដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រាអែលដល់អ្នក។
39
យើងនឹងធ្វើអោយពូជពង្សដាវីឌត្រូវអាម៉ាស់ តែមិនមែនរហូតទេ”»។
40
ព្រះបាទសាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោមលោកក៏រត់ភៀសខ្លួនទៅជ្រកកោន ជាមួយព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
41
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន មានកត់ត្រាទុក ក្នុងសៀវភៅដែលមានចំណងជើងថា «រាជកិច្ចរបស់ព្រះបាទសាឡូម៉ូន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស្ដេចបានធ្វើ និងអំពីប្រាជ្ញារបស់ស្ដេច។
42
ព្រះបាទសាឡូម៉ូនសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹមអស់រយៈពេលសែសិបឆ្នាំ។
43
កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេបានយកសពទៅបញ្ចុះ នៅបុរីព្រះបាទដាវីឌជាបិតា។ ព្រះបាទរេហូបោមជាបុត្រឡើងស្នងរាជ្យ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22