bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Kings 21
1 Kings 21
Khmer Standard Version 1954 = Hammond Version
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
1
ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចំការទំពាំងបាយជូរមួយនៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។
2
ថ្ងៃមួយ ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកណាបោតថា៖ «ចូរប្រគល់ចំការទំពាំងបាយជូររបស់អ្នកមកអោយយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចំការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចំការទំពាំងបាយជូរមួយល្អជាងចំការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់អោយតាមតម្លៃចំការ»។
3
លោកណាបោតទូលព្រះបាទអហាប់ថា៖ «សូម ព្រះអម្ចាស់ ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ»។
4
ព្រះបាទអហាប់យាងចូលទៅក្នុងវាំងវិញទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសំដីដែលលោកណាបោត ជាអ្នកស្រុកយេសរាលទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ”។ ស្ដេចផ្ទំលើព្រះទែនបែរព្រះភក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។
5
ម្ចាស់ក្សត្រីយេសិបិល ជាមហេសី យាងមកគាល់ស្ដេចហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។
6
ស្ដេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបោត ជាអ្នកស្រុកយេសរាលថា “ចូរលក់ចំការទំពាំងបាយជូររបស់អ្នក មកអោយយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចំការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចំការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។
7
ម្ចាស់ក្សត្រីយេសិបិលជាមហេសីទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចំការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាលមកថ្វាយ»។
8
ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមព្រះបាទអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេអោយយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបោត។
9
ក្នុងរាជសារទាំងនោះម្ចាស់ក្សត្រីយេសិបិលបានសរសេរថា៖ «ចូរប្រកាសអោយប្រជាជនធ្វើពិធីតមអាហារ ហើយអោយលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
10
ត្រូវអោយមនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!”។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
11
ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបោត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រីយេសិបិលបានបញ្ជាក្នុងរាជសារ។
12
ពួកគេប្រកាសពិធីតមអាហារ ហើយអោយលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
13
មនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។
14
គេចាត់មនុស្សអោយទៅទូលម្ចាស់ក្សត្រីយេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។
15
កាលម្ចាស់ក្សត្រីយេសិបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបោហើយនោះ ម្ចាស់ក្សត្រីក៏ទូលព្រះបាទអហាប់ថា៖ «សូមតើនឡើងយាងទៅចាប់យកចំការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបោតស្លាប់បាត់បង់ជីវិតហើយ»។
16
កាលព្រះបាទអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ ទ្រង់ក៏តើនឡើងយាងចុះទៅចាប់យកចំការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
17
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖
18
«ចូរក្រោកឡើងទៅជួបអហាប់ ជាស្ដេចអ៊ីស្រាអែលនៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចំការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។
19
ត្រូវប្រាប់អហាប់ដូចតទៅ: “ ព្រះអម្ចាស់ មានព្រះបន្ទូលថាហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់ មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
20
ព្រះបាទអហាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀត ហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
21
ព្រះអម្ចាស់មានព្រះបន្ទូលថា: “យើងនឹងធ្វើអោយគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកងារ ទាំងអ្នកជា អោយអស់ពីស្រុកអ៊ីស្រាអែល។
22
យើងនឹងធ្វើអោយពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើអោយយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
23
ព្រះអម្ចាស់ មានព្រះបន្ទូល អំពីម្ចាស់ក្សត្រីយេសិបិលថា “ឆ្កែនឹងហែកស៊ីយេសិបិល នៅជើងកំពែងក្រុងយេសរាល។
24
កូនចៅរបស់អហាប់ដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ីដែរ”»។
25
មិនដែលមាននរណា ដូចព្រះបាទអហាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាមហេសី។
26
ស្ដេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយបង្គំព្រះក្លែងក្លាយ ដូចជនជាតិអាម៉ូរី ដែល ព្រះអម្ចាស់ បានបណ្ដេញចេញពីមុខប្រជាជនអ៊ីស្រាអែល។
27
កាលព្រះបាទអហាប់ឮព្រះបន្ទូលទាំងនោះហើយ ទ្រង់ហែកព្រះពស្ដ្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្ដេចស្លៀកបាវដែរ ហើយយាងយឺតៗ។
28
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖
29
«អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើអោយគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើអោយគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេនៅជំនាន់ក្រោយ»។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22