bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Samuel 13
2 Samuel 13
Khmer Standard Version 1954 = Hammond Version
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
1
ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្ដេចអាប់សាឡុម ជាបុត្ររបស់ព្រះបាទដាវីឌ មានប្អូនស្រីម្នាក់ នាមព្រះនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្ដេចអាំណូនជាបុត្រាមួយអង្គទៀតរបស់ព្រះបាទដាវីឌ បានកើតចិត្តប្រតិព័ទ្ធលើរូបនាង។
2
សម្ដេចអាំណូនមានចិត្តស្រឡាញ់ព្រះនាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។
3
សម្ដេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ។
4
លោកយ៉ូណាដាប់សួរសម្ដេចអាំណូនថា៖ «អ្នកអង្គម្ចាស់ ហេតុអ្វីក៏មានទឹកមុខស្រងូតជារៀងរាល់ព្រឹកដូច្នេះ? សូមប្រាប់អោយខ្ញុំដឹងផងបានឬទេ?»។ សម្ដេចអាំណូនឆ្លើយថា៖ «ខ្ញុំកើតចិត្តប្រតិព័ទ្ធលើរូបព្រះនាងតាម៉ារ ជាប្អូនរបស់សម្ដេចអាប់សាឡុម ប្អូនរបស់ខ្ញុំ»។
5
លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅផ្ទំនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលបិតារបស់អ្នកអង្គម្ចាស់យាងមកសួរសុខទុក្ខ អ្នកអង្គម្ចាស់ត្រូវទូលថា “សូមបិតាមេត្តាអនុញ្ញាតអោយតាម៉ារ ជាប្អូនស្រីរបស់ទូលបង្គំ យកម្ហូបអាហារមកអោយទូលបង្គំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខទូលបង្គំ ដើម្បីអោយទូលបង្គំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។
6
សម្ដេចអាំណូនក៏ទៅផ្ទំ ហើយធ្វើពុតជាឈឺ។ ពេលព្រះរាជាយាងមកសួរសុខទុក្ខ សម្ដេចទូលថា៖ «សូមបិតាមេត្តាអនុញ្ញាតអោយតាម៉ារ ជាប្អូនស្រីទូលបង្គំមកធ្វើនំពីរនៅមុខទូលបង្គំ រួចហើយនាងលើកនំនោះ មកអោយទូលបង្គំដោយផ្ទាល់ដៃ ទើបទូលបង្គំទទួលទាន»។
7
ព្រះបាទដាវីឌចាត់គេអោយទៅប្រាប់ព្រះនាងតាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូន ជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារអោយបងសោយផង»។
8
ព្រះនាងតាម៉ារយាងទៅដល់ដំណាក់របស់សម្ដេចអាំណូន ជាបងដែលកំពុងផ្ទំលើគ្រែ។ ព្រះនាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។
9
ព្រះនាងយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្ដេចអាំណូន ប៉ុន្តែ សម្ដេចមិនព្រមសោយទេ។ សម្ដេចបញ្ជាអោយអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
10
សម្ដេចអាំណូនប្រាប់ព្រះនាងតាម៉ារថា៖ «ចូរយកនំមកអោយបងដល់គ្រែផង ដើម្បីអោយបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ ព្រះនាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅថ្វាយសម្ដេចអាំណូនដល់គ្រែ។
11
ពេលនាងកំពុងលើកនំមកថ្វាយនោះ សម្ដេចចាប់នាងទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។
12
ព្រះនាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះអោយសោះ។
13
បើធ្វើដូច្នេះ តើអោយខ្ញុំម្ចាស់យកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រាអែល។ សូមម្ចាស់បងទូលបិតាទៅ ទ្រង់នឹងមិនបដិសេធលើកខ្ញុំម្ចាស់អោយម្ចាស់បងឡើយ»។
14
សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ សម្ដេចបានចាប់បង្ខំ ហើយរំលោភលើនាង។
15
បន្ទាប់មក សម្ដេចអាំណូនស្អប់នាងយ៉ាងខ្លាំង ពោលគឺសម្ដេចស្អប់ខ្ពើមនាងខ្លាំងជាងសេចក្ដីស្រឡាញ់ ដែលសម្ដេចមានចំពោះរូបនាង កាលពីពេលមុនទៅទៀត។ សម្ដេចបណ្ដេញនាងថា៖ «ចេញទៅ!»។
16
ព្រះនាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្ដេញខ្ញុំម្ចាស់ដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំម្ចាស់នោះទៅទៀត!»។ ប៉ុន្តែ សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ
17
សម្ដេចហៅក្មេងបំរើម្នាក់មកបង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារអោយជិត»។
18
ក្មេងបំរើរបស់សម្ដេចអាំណូនក៏ដេញនាងចេញទៅក្រៅ រួចខ្ទាស់ទ្វារជិត។ ព្រះនាងតាម៉ារពាក់អាវយ៉ាងល្អប្រណីត ដូចបុត្រីរបស់ស្ដេចនានាតែងពាក់ពេលនៅក្រមុំ។
19
ព្រះនាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាលរួចចេញទៅទាំងស្រែកផង។
20
សម្ដេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក ព្រះនាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្ដេចអាប់សាឡុម ជាបង។
21
ពេលព្រះបាទដាវីឌជ្រាបរឿងនេះ ទ្រង់ក្រេវក្រោធយ៉ាងខ្លាំង។
22
សម្ដេចអាប់សាឡុមមិននិយាយរកសម្ដេចអាំណូន សូម្បីមួយម៉ាត់សោះឡើយ ព្រោះទ្រង់ស្អប់សម្ដេចអាំណូន ដែលបានចាប់រំលោភព្រះនាងតាម៉ារជាប្អូនស្រី។
23
ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្ដេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្ដេចអាប់សាឡុមបានអញ្ជើញបុត្រទាំងអស់របស់ព្រះបាទដាវីឌ អោយមកចូលរួមដែរ។
24
សម្ដេចអាប់សាឡុមបានចូលទៅគាល់ព្រះរាជា ហើយទូលថា៖ «បពិត្របិតា ពួកគង្វាលរបស់ទូលបង្គំកំពុងតែកាត់រោមចៀម សូមបិតាមេត្តាយាងទៅចូលរួមក្នុងពិធីនោះ ជាមួយពួកមន្ត្រីរបស់បិតាផង»។
25
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំអោយកូនពិបាក»។ សម្ដេចអាប់សាឡុមបានទទូចអង្វរព្រះរាជា តែស្ដេចប្រកែកមិនព្រមទៅទេ គឺទ្រង់គ្រាន់តែប្រទានពរអោយបុត្រប៉ុណ្ណោះ។
26
សម្ដេចអាប់សាឡុមទូលថា៖ «បើបិតាមិនយាងទៅទេ សូមអនុញ្ញាតអោយតែបងអាំណូនទៅរួមជាមួយពួកយើងក៏បាន»។ ព្រះរាជាសួរថា៖ «ហេតុអ្វីចាំបាច់អោយអាំណូនទៅជាមួយ?»។
27
សម្ដេចអាប់សាឡុមទទូចអង្វរសាជាថ្មី ហើយព្រះរាជាក៏អនុញ្ញាតអោយសម្ដេចអាំណូន និងបុត្រឯទៀតៗទៅជាមួយដែរ។
28
សម្ដេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបំរើថា៖ «ចូរឃ្លាំមើលសម្ដេចអាំណូនអោយជាប់ ពេលណាសម្ដេចអាំណូនសោយស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។
29
ពួកអ្នកបំរើធ្វើតាមបញ្ជារបស់សម្ដេចអាប់សាឡុម ហើយសម្លាប់សម្ដេចអាំណូន។ បុត្រឯទៀតៗរបស់ព្រះបាទដាវីឌឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។
30
បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្ដេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្ដេចគ្មានសល់មួយអង្គណាសោះឡើយ។
31
ពេលនោះ ព្រះរាជាហែកសម្លៀកបំពាក់ ហើយផ្ទំផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញស្ដេច ទាំងហែកសម្លៀកបំពាក់ដែរ។
32
ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ ទូលស្ដេចថា៖ «បពិត្រព្រះករុណាសូមកុំនឹកស្មានថា គេធ្វើគុតបុត្រាទាំងអស់របស់ព្រះករុណាឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត ដ្បិតសម្ដេចអាប់សាឡុមបានសំរេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្ដេចអាំណូនបានរំលោភលើរូបព្រះនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។
33
ហេតុនេះ សូមព្រះករុណាកុំនឹកស្មានថា បុត្រារបស់ព្រះករុណាត្រូវសុគតអស់នោះឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត»។
34
សម្ដេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។
35
លោកយ៉ូណាដាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណា បុត្រាទាំងអស់របស់ព្រះករុណាយាងមកដល់ហើយ! ដូចទូលបង្គំបានទូលព្រះករុណាមែន»។
36
លោកយ៉ូណាដាប់ទូលមិនទាន់ផុតពីមាត់ផង បុត្រារបស់ស្ដេចក៏យាងមកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយស្ដេច និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។
37
សម្ដេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយព្រះបាទតាលម៉ាយ ជាបុត្ររបស់ព្រះបាទអាំមីហ៊ូដ និងជាស្ដេចស្រុកកេស៊ួរី។ ក្នុងអំឡុងពេលនោះ ព្រះបាទដាវីឌកាន់ទុក្ខសម្ដេចអាំណូនជាបុត្រ។
38
សម្ដេចអាប់សាឡុមបានគេចខ្លួនទៅនៅស្រុកកេស៊ួរី អស់រយៈពេលបីឆ្នាំ។
39
ព្រះបាទដាវីឌឈប់ខ្ញាល់ នឹងសម្ដេចអាប់សាឡុមទៀត ព្រោះស្ដេចលែងព្រួយចិត្តអំពីសម្ដេចអាំណូនសោយទិវង្គត។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24