bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Judges 6
Judges 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 7 →
1
ជនជាតិអ៊ីស្រអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណង អុលឡោះតាអាឡា សាជាថ្មីទៀត ហេតុនេះហើយបានជាទ្រង់ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។
2
ជនជាតិម៉ាឌាន ជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង។ ជនជាតិអ៊ីស្រអែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជំរក ដើម្បីគេចខ្លួនពីជនជាតិម៉ាឌាន។
3
រាល់ពេលដែលជនជាតិអ៊ីស្រអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។
4
អ្នកទាំងនោះបានមកបោះទ័ព នៅក្បែរជនជាតិអ៊ីស្រអែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជនជាតិអ៊ីស្រអែលបរិភោគឡើយទោះបីចៀម គោ ឬលាក្តី ក៏មិនទុកឲ្យសល់ដែរ។
5
ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រអែល។
6
ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរ អុលឡោះតាអាឡា ឲ្យជួយសង្គ្រោះគេ។
7
នៅពេលជនជាតិអ៊ីស្រអែលស្រែកអង្វរ សុំ អុលឡោះតាអាឡា រំដោះគេឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន
8
ទ្រង់ក៏ចាត់ណាពីមួយនាក់ឲ្យមកប្រាប់ពួកគេថា៖ « អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នា ចេញពីកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។
9
យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប និងកណ្តាប់ដៃរបស់អស់អ្នកដែលជិះជាន់ សង្កត់សង្កិនអ្នករាល់គ្នា។ យើងបានដេញពួកគេចេញពីមុខអ្នករាល់គ្នា ព្រមទាំងប្រគល់ទឹកដីរបស់ពួកគេមកឲ្យអ្នករាល់គ្នាទៀតផង។
10
យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្តាប់យើងសោះ”»។
11
គ្រានោះ ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា បានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាសកំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។
12
ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា មកបង្ហាញខ្លួនឲ្យលោកគេឌានឃើញ ហើយពោលថា៖ «វីរជនដ៏អង់អាចអើយ អុលឡោះតាអាឡា នៅជាមួយអ្នកហើយ!»។
13
លោកគេឌានឆ្លើយតបវិញថា៖ «លោកអើយ ប្រសិនបើ អុលឡោះតាអាឡា នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មាន ដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា អុលឡោះតាអាឡា បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ អុលឡោះតាអាឡា បោះបង់ចោលយើងហើយ ទ្រង់បានប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន!»។
14
អុលឡោះតាអាឡា បែរមករកគាត់ ហើយមានបន្ទូលថា៖ «ដោយសារកម្លាំងដែលអ្នកមាន ចូរទៅសង្គ្រោះអ៊ីស្រអែលឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ!»។
15
លោកគេឌានឆ្លើយថា៖ «អុលឡោះជាអម្ចាស់អើយ ធ្វើដូចម្តេចឲ្យខ្ញុំអាចសង្គ្រោះអ៊ីស្រអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេអំបូររបស់ខ្ញុំខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំទៀតសោត ក៏ខ្ញុំក្មេងជាងគេដែរ»។
16
អុលឡោះតាអាឡា មានបន្ទូលមកគាត់វិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។
17
លោកគេឌានឆ្លើយតបថា៖ «ប្រសិនបើទ្រង់ពេញចិត្តខ្ញុំមែន សូមផ្តល់ទីសំគាល់មួយឲ្យខ្ញុំបានដឹងថា ទ្រង់ពិតជា អុលឡោះតាអាឡា ដែលកំពុងតែមានបន្ទូលមកខ្ញុំមែន!
18
សូមកុំអញ្ជើញទៅណា ចាំខ្ញុំត្រឡប់មកវិញ ទាំងនាំយកជំនូនមកជូនផង»។ ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ឆ្លើយថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។
19
លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំបុ័ងឥតមេ។ គាត់ស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា នៅក្រោមដើមជ្រៃ។
20
ម៉ាឡាអ៊ីកាត់របស់អុលឡោះពោលមកគាត់ថា៖ «ចូរដាក់សាច់ និងនំបុ័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។
21
ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា យកចុងដំបងដែលគាត់កាន់ទៅពាល់សាច់ និងនំបុ័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំបុ័ងអស់ទៅ។ បន្ទាប់មក ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា ក៏កំបាំងបាត់ទៅ។
22
ពេលនោះ លោកគេឌានដឹងថា ជាម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា គាត់ពោលថា៖ «វីវរហើយ អុលឡោះតាអាឡា ជាម្ចាស់អើយ! ដ្បិតខ្ញុំបានឃើញម៉ាឡាអ៊ីកាត់របស់ទ្រង់ ផ្ទាល់នឹងភ្នែក!»។
23
អុលឡោះតាអាឡា មានបន្ទូលមកគាត់ថា៖ «ឲ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត កុំខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។
24
លោកគេឌានសង់អាសនៈមួយជូន អុលឡោះតាអាឡា ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ « អុលឡោះតាអាឡា ប្រទានសេចក្តីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
25
នៅយប់ដដែលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់លោកគេឌានថា៖ «ចូរយកគោបារបស់ឪពុកអ្នក គឺគោទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ។ បន្ទាប់មក ចូររំលំអាសនៈព្រះបាលរបស់ឪពុកអ្នក ព្រមទាំងកាប់បំផ្លាញបង្គោលរបស់ព្រះអាសេរ៉ានៅក្បែរនោះផង។
26
បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាគូរបាន ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។
27
លោកគេឌាននាំអ្នកបម្រើរបស់គាត់ដប់នាក់មក ហើយធ្វើតាមសេចក្តីដែល អុលឡោះតាអាឡា បានបង្គាប់មកគាត់ ប៉ុន្តែ ដោយគាត់ខ្លាចក្រុមញាតិរបស់គាត់ និងខ្លាចអ្នកភូមិ លោកមិនហ៊ានធ្វើការនោះនៅពេលថ្ងៃទេ គឺគាត់ធ្វើនៅពេលយប់វិញ។
28
លុះព្រលឹមឡើង ពេលក្រោកពីដំណេក អ្នកភូមិឃើញអាសនៈរបស់ព្រះបាលរលំ ហើយបង្គោលរបស់ព្រះអាសេរ៉ាដែលនៅជិតនោះក៏ត្រូវគេកាប់ចោលដែរ ព្រមទាំងឃើញគោបាទីពីរដែលគេដុតជាគូរបាន នៅលើអាសនៈទើបនឹងសង់ទៀតផង។
29
គេសួរគ្នាទៅវិញទៅមកថា៖ «តើនរណាបានធ្វើការនេះ?»។ កាលស៊ើបសួរទៅមានគេប្រាប់ថា៖ «គឺគេឌាន ជាកូនរបស់យ៉ូអាសបានធ្វើការនេះ»។
30
អ្នកភូមិពោលទៅកាន់លោកយ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ព្រោះវាបានរំលំអាសនៈរបស់ព្រះបាល ព្រមទាំងកាប់បង្គោលរបស់ព្រះអាសេរ៉ា ដែលនៅជិតនោះទៀតផង!»។
31
លោកយ៉ូអាសឆ្លើយទៅអស់អ្នកដែលនៅក្បែរលោកថា៖ «តើបងប្អូនឬដែលត្រូវមកតវ៉ាជំនួសព្រះបាល? តើបងប្អូនឬដែលជាអ្នកសង្គ្រោះព្រះបាល? អ្នកណាតវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនព្រឹកស្អែក។ បើព្រះបាលពិតជាព្រះមែន ទុកឲ្យវាតវ៉ាខ្លួនឯងផ្ទាល់ទៅ ព្រោះគេបានរំលំអាសនៈរបស់វា!»។
32
ចាប់តាំងពីពេលនោះមក អ្នកភូមិហៅលោកគេឌានថា «យេរូបាល» ដោយពោលថា «សូមឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ដ្បិតគាត់បានរំលំអាសនៈរបស់គាត់»។
33
នៅគ្រានោះ ជនជាតិម៉ាឌានទាំងមូល ជនជាតិអាម៉ាឡេក និងពួកពនេចរដែលមកពីទិសខាងកើតបានប្រមូលផ្តុំគ្នាឆ្លងទន្លេយ័រដាន់ ហើយបោះទ័ពនៅត្រង់ជ្រលងភ្នំយេសរាល។
34
រសនៃ អុលឡោះតាអាឡា មកនៅជាមួយលោកគេឌាន គាត់ក៏ផ្លុំស្នែង ដើម្បីកោះហៅប្រជាជនក្នុងអំបូរអបៀស៊ើរ ឲ្យមកតាមគាត់។
35
គាត់ចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធម៉ាណាសេទាំងមូល ដើម្បីកេណ្ឌមនុស្សមកតាមគាត់។ គាត់បានចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធអេស៊ើរ សាប់យូឡូន និងណែបថាលីដែរ ហើយពួកគេក៏នាំគ្នាមករកគាត់។
36
ពេលនោះ លោកគេឌានជម្រាប អុលឡោះតាអាឡា ដូចតទៅ៖ «ទ្រង់មានបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រអែល តាមរយៈខ្ញុំ
37
ដូច្នេះ ខ្ញុំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះខ្ញុំនឹងដឹងថា ទ្រង់ពិតជាពេញចិត្តសង្គ្រោះអ៊ីស្រអែល តាមរយៈខ្ញុំដូចទ្រង់មានបន្ទូលមែន»។
38
អុលឡោះបានធ្វើឲ្យកើតមានដូច្នោះមែន។ នៅព្រឹកថ្ងៃបន្ទាប់ លោកគេឌានក្រោកឡើង គាត់ពូតស្បែកចៀមបាន ទឹកសន្សើមពេញមួយចាន។
39
លោកគេឌានជម្រាបអុលឡោះថា៖ «សូមទ្រង់កុំខឹងនឹងខ្ញុំអី។ ខ្ញុំសូមប្រាប់តែម្តងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។
40
យប់នោះ អុលឡោះបានធ្វើតាមសំណូមពររបស់លោកគេឌាន គឺមានតែស្បែកចៀមទេដែលស្ងួត ហើយដីទាំងអស់ដែលនៅជុំវិញ ជោកទៅដោយទឹកសន្សើម។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Recommended Reading
Commentary
Judges Commentaries
→
Devotional
Judges Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→