bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Corinthians 14
1 Corinthians 14
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
1
ចូរដេញតាមសេចក្តីស្រឡាញ់ ហើយសង្វាតឲ្យបានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសឲ្យអ្នករាល់គ្នាចេះថ្លែងទំនាយ។
2
ដ្បិតអ្នកណានិយាយភាសាដទៃ មិនមែននិយាយទៅកាន់មនុស្សទេ គឺនិយាយទៅកាន់ព្រះវិញ ព្រោះគ្មានអ្នកណាយល់បានទេ ព្រោះអ្នកនោះនិយាយជាសេចក្តីអាថ៌កំបាំង ដោយព្រះវិញ្ញាណ។
3
ផ្ទុយទៅវិញ អ្នកដែលថ្លែងទំនាយ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់នឹងស្អាងចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។
4
អ្នកណាដែលនិយាយភាសាដទៃ អ្នកនោះស្អាងចិត្តខ្លួនឯង តែអ្នកណាដែលថ្លែងទំនាយ ស្អាងចិត្តក្រុមជំនុំ។
5
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់គ្នា តែចង់ឲ្យអ្នករាល់គ្នាថ្លែងទំនាយជាជាង ដ្បិតអ្នកដែលថ្លែងទំនាយ វិសេសជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកលែងតែអ្នកនោះបកប្រែផង ដើម្បីស្អាងចិត្តក្រុមជំនុំឡើង។
6
ឥឡូវនេះ បងប្អូនអើយ បើខ្ញុំមករកអ្នករាល់គ្នាដោយនិយាយភាសាដទៃ តើខ្ញុំមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសម្ដែង ឬដោយចំណេះដឹង ដោយសេចក្តីទំនាយ ឬដោយសេចក្តីបង្រៀនវិញ។
7
សូម្បីតែឧបករណ៍តន្ដ្រីដែលគ្មានជីវិត ដូចជាខ្លុយ ឬស៊ុងក្តី ក៏ដូចគ្នា បើវាមិនបញ្ចេញសំឡេងខុសពីគ្នាទេ ធ្វើដូចម្តេចឲ្យដឹងបានថា ឧបករណ៍ដែលកំពុងលេងនោះ ជាខ្លុយ ឬជាស៊ុងទៅបាន?
8
ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងប្រុងប្រៀបខ្លួនទៅច្បាំងបាន?
9
ឯអ្នករាល់គ្នាក៏ដូច្នោះដែរ ប្រសិនបើអណ្តាតមិនបញ្ចេញពាក្យដែលស្តាប់បាន ធ្វើដូចម្តេចឲ្យគេដឹងថាអ្នករាល់គ្នានិយាយពីអ្វីទៅបាន? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។
10
នៅក្នុងលោកនេះ មានសំឡេងច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ។
11
ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់សំឡេងនោះទេ ខ្ញុំនឹងដូចជាជនបរទេសចំពោះអ្នកនិយាយ ហើយអ្នកនិយាយក៏ដូចជាជនបរទសចំពោះខ្ញុំដែរ។
12
អ្នករាល់គ្នាក៏ដូច្នោះដែរ ដោយព្រោះអ្នករាល់គ្នាសង្វាតចង់បានអំណោយទានខាងវិញ្ញាណ នោះចូរខំឲ្យបានល្អវិសេសចុះ ដើម្បីស្អាងចិត្តក្រុមជំនុំ។
13
ហេតុនេះ អ្នកណាដែលនិយាយភាសាដទៃ ត្រូវអធិស្ឋានសូមឲ្យចេះបកប្រែផង។
14
ដ្បិតបើខ្ញុំអធិស្ឋានជាភាសាដទៃ នោះវិញ្ញាណខ្ញុំអធិស្ឋាន តែគំនិតរបស់ខ្ញុំឥតរិះគិតអ្វីឡើយ។
15
ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏អធិស្ឋានដោយគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយក៏ច្រៀងដោយគំនិតរបស់ខ្ញុំដែរ។
16
ម្យ៉ាងវិញទៀត បើអ្នកសូមពរដោយវិញ្ញាណតែប៉ុណ្ណោះ ធ្វើម្តេចឲ្យអ្នកចូលរួមដែលមិនដឹងអាចនឹងពោលពាក្យ «អាម៉ែន» ចំពោះពាក្យអរព្រះគុណរបស់អ្នករាល់គ្នាបាន បើអ្នកនោះមិនដឹងថាអ្នកនិយាយពីអ្វីផងនោះ?
17
ដ្បិតអ្នកអរព្រះគុណបានល្អមែនហើយ តែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។
18
ខ្ញុំអរព្រះគុណព្រះ ដ្បិតខ្ញុំនិយាយភាសាដទៃច្រើនជាងអ្នករាល់គ្នាទាំងអស់
19
ប៉ុន្តែ ក្នុងក្រុមជំនុំ ខ្ញុំស៊ូនិយាយតែពាក្យប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីនឹងបង្រៀនមនុស្សឯទៀត ជាជាងនិយាយភាសាដទៃមួយម៉ឺនម៉ាត់វិញ។
20
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នាមានគំនិតដូចជាកូនក្មេងឡើយ ខាងឯសេចក្ដីអាក្រក់ ចូរដូចជាកូនង៉ែតចុះ តែខាងឯការយល់ដឹង ចូរពេញវ័យឡើង។
21
មានសេចក្តីចែងទុកមកក្នុងក្រឹត្យវិន័យថា៖ «យើងនឹងនិយាយទៅកាន់សាសន៍នេះ ដោយមនុស្សដែលនិយាយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែទោះជាយ៉ាងនោះក៏ដោយ ក៏គេមិនស្តាប់យើងដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
22
ភាសាដទៃជាទីសម្គាល់មួយ មិនមែនសម្រាប់ពួកអ្នកជឿទេ គឺសម្រាប់ពួកអ្នកមិនជឿ ឯការថ្លែងទំនាយវិញ មិនមែនសម្រាប់ពួកអ្នកមិនជឿទេ គឺសម្រាប់ពួកអ្នកជឿវិញ។
23
ដូច្នេះ បើក្រុមជំនុំទាំងមូលមកជួបប្រជុំគ្នា ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានអ្នកដែលមិនដឹង ឬអ្នកមិនដែលជឿចូលមក តើគេនឹងមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ?
24
តែបើថ្លែងទំនាយទាំងអស់គ្នាវិញ ហើយមានអ្នកដែលមិនជឿ ឬអ្នកខ្លះដែលមិនដឹងចូលមក នោះគេភ្ញាក់ដឹងខ្លួនឡើងដោយសារអ្នករាល់គ្នា ហើយគេត្រូវវិនិច្ឆ័យដោយសារអ្នករាល់គ្នាដែរ។
25
យ៉ាងនោះ សេចក្តីលាក់កំបាំងក្នុងចិត្តរបស់គេ នឹងបង្ហាញចេញមក ហើយគេនឹងក្រាបមុខដល់ដីថ្វាយបង្គំព្រះ ទាំងប្រកាសថា៖ «ព្រះពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន» ។
26
ដូច្នេះ បងប្អូនអើយ តើត្រូវធ្វើដូចម្តេច? ពេលអ្នករាល់គ្នាមកជួបប្រជុំគ្នា គ្រប់គ្នាមានទំនុកតម្កើង មានសេចក្តីបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ។ ចូរធ្វើគ្រប់ការទាំងអស់សម្រាប់ស្អាងចិត្តចុះ។
27
បើមានអ្នកណានិយាយភាសាដទៃ ត្រូវនិយាយតែពីរ ឬបីនាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗ រួចត្រូវមានម្នាក់បកប្រែផង។
28
តែបើគ្មានអ្នកណាបកប្រែទេ ត្រូវឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយនិយាយទៅកាន់ព្រះតែក្នុងចិត្តទៅ។
29
ឯអ្នកដែលថ្លែងទំនាយ ចូរឲ្យពីរ ឬបីនាក់និយាយ ហើយឲ្យអ្នកឯទៀតៗពិចារណាមើល។
30
បើមានអ្នកណាម្នាក់ទៀតអង្គុយនៅទីនោះ បានទទួលការបើកសម្ដែងដែរ ត្រូវឲ្យអ្នកមុននៅស្ងៀមសិន។
31
ដ្បិតអ្នករាល់គ្នាទាំងអស់ អាចថ្លែងទំនាយបានម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយឲ្យគ្រប់គ្នាបានទទួលការលើកទឹកចិត្ត
32
ឯវិញ្ញាណរបស់ពួកអ្នកដែលថ្លែងទំនាយ គឺស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងទំនាយនោះឯង
33
ដ្បិតព្រះមិនមែនជាព្រះដែលឥតសណ្ដាប់ទេ គឺជាព្រះនៃសេចក្តីសុខសាន្តវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
34
ស្ត្រីៗត្រូវស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំ ដ្បិតមិនអនុញ្ញាតឲ្យនិយាយឡើយ គឺនាងត្រូវចុះចូល ដូចមានក្រឹត្យវិន័យចែងទុកមកស្រាប់។
35
ប្រសិនបើមានអ្វីមួយដែលនាងចង់ដឹង ត្រូវសួរប្តីនៅឯផ្ទះចុះ ដ្បិតដែលស្រ្ដីៗនិយាយនៅក្នុងក្រុមជំនុំ នោះគួរខ្មាសហើយ។
36
តើព្រះបន្ទូលបានចេញពីអ្នករាល់គ្នាមកឬ? ឬមួយមានតែអ្នករាល់គ្នាប៉ុណ្ណោះដែលទទួលបាន?
37
ប្រសិនបើអ្នកណាម្នាក់ស្មានថា ខ្លួនជាអ្នកថ្លែងទំនាយ ឬថា ខ្លួនជាអ្នកមានអំណោយទានខាងវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាព្រះឱវាទរបស់ព្រះអម្ចាស់។
38
បើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ ត្រូវឲ្យអ្នកនោះគ្មានការទទួលស្គាល់ទៅចុះ។
39
ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានថ្លែងទំនាយ ហើយមិនត្រូវហាមឃាត់មិនឲ្យនិយាយភាសាដទៃឡើយ
40
តែត្រូវធ្វើការទាំងអស់ដោយសមរម្យ ហើយដោយមានសណ្ដាប់ធ្នាប់ចុះ។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16