bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Judges 13
Judges 13
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 14 →
1
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាក៏ប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។
2
គ្រានោះ មានបុរសម្នាក់នៅសូរ៉ាស់ ក្នុងកុលសម្ព័ន្ធដាន់ ឈ្មោះម៉ាណូអា។ ប្រពន្ធរបស់គាត់ជាស្ត្រីអារ គ្មានកូនសោះ។
3
ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។
4
ដូច្នេះ ចូរប្រយ័ត្ន កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ
5
ដ្បិតមើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ មិនត្រូវយកកាំបិតកោរសក់វាឡើយ ព្រោះកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយ ហើយកូននោះនឹងចាប់ផ្ដើមសង្គ្រោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។
6
ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ
7
តែលោកប្រាប់ខ្ញុំថា "មើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃ រហូតដល់ថ្ងៃស្លាប់"»។
8
ពេលនោះ ម៉ាណូអាក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណព្វរបស់ព្រះ ដែលព្រះអង្គបានចាត់ឲ្យមកនោះ បានមកជួបយើងខ្ញុំម្តងទៀត ដើម្បីបង្រៀនយើងខ្ញុំអំពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។
9
ព្រះក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ហើយទេវតារបស់ព្រះក៏មកជួបស្ត្រីនោះម្តងទៀត ក្នុងពេលដែលនាងកំពុងអង្គុយនៅចម្ការ តែម៉ាណូអាប្តីរបស់នាង មិនបាននៅជាមួយទេ។
10
ដូច្នេះ ស្ដ្រីនោះក៏រត់យ៉ាងប្រញាប់ប្រញាល់ទៅប្រាប់ប្តីថា៖ «មើល៍ បុរសដែលបានមកជួបខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ»។
11
ដូច្នេះ ម៉ាណូអាក៏ក្រោកឡើង ដើរតាមប្រពន្ធទៅរកបុរសនោះ ហើយសួរថា៖ «តើលោកឬ ដែលបាននិយាយមកកាន់ប្រពន្ធខ្ញុំ?» ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
12
ម៉ាណូអាសួរថា៖ «ដូច្នេះ នៅពេលពាក្យរបស់លោកបានសម្រេច តើកូននោះត្រូវរស់នៅបែបណា ហើយតើកូននោះត្រូវធ្វើអ្វី?»។
13
ទេវតារបស់ព្រះយេហូវ៉ាឆ្លើយតបម៉ាណូអាថា៖ «នាងត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបានប្រាប់
14
គឺមិនត្រូវឲ្យនាងបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ ក៏មិនត្រូវឲ្យនាងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតឡើយ ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលយើងបានបង្គាប់»។
15
ម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «សូមលោកមេត្តាកុំទាន់អញ្ជើញទៅ យើងខ្ញុំនឹងរៀបចំកូនពពែមួយជូនលោក»។
16
ទេវតារបស់ព្រះយេហូវ៉ាប្រកែកថា៖ «ទោះបើអ្នកឃាត់យើង ក៏យើងមិនបរិភោគម្ហូបរបស់អ្នកដែរ។ ប៉ុន្ដែ បើអ្នកចង់ថ្វាយតង្វាយដុត នោះចូរថ្វាយដល់ព្រះយេហូវ៉ាចុះ!» (ដ្បិតម៉ាណូអាមិនដឹងថា លោកជាទេវតារបស់ព្រះយេហូវ៉ាទេ)។
17
ម៉ាណូអាសួរទេវតារបស់ព្រះយេហូវ៉ាថា៖ «តើលោកឈ្មោះអី ដើម្បីកាលណាពាក្យរបស់លោកបានសម្រេច នោះយើងខ្ញុំបានលើកសរសើរនាមរបស់លោក?»
18
ប៉ុន្ដែ ទេវតារបស់ព្រះយេហូវ៉ាឆ្លើយតបថា៖ «ហេតុអ្វីបានជាអ្នកសួរឈ្មោះយើង? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។
19
ដូច្នេះ ម៉ាណូអាក៏យកកូនពពែ និងតង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតានោះក៏ធ្វើការអស្ចារ្យ ឯម៉ាណូអា និងប្រពន្ធកំពុងតាមមើល។
20
កាលអណ្ដាតភ្លើងបានឆេះពីអាសនាឡើងទៅលើមេឃ នោះទេវតារបស់ព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្ដាតភ្លើង ដែលឆេះនៅលើអាសនានោះទៅ។ ឯម៉ាណូអា និងប្រពន្ធដែលកំពុងតាមមើលនោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី។
21
តាំងពីនោះមក ទេវតារបស់ព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថា ជាទេវតារបស់ព្រះយេហូវ៉ា។
22
ម៉ាណូអាពោលទៅកាន់ប្រពន្ធថា៖ «យើងនឹងស្លាប់ជាប្រាកដ ព្រោះយើងបានឃើញព្រះ»។
23
ប៉ុន្ដែ ប្រពន្ធគាត់ឆ្លើយថា៖ «ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងសម្លាប់យើង នោះព្រះអង្គមិនបានទទួលតង្វាយដុត និងតង្វាយម្សៅពីដៃយើងទេ ក៏មិនបានឲ្យយើងឃើញការទាំងអស់នេះ ឬប្រាប់សេចក្ដីយ៉ាងនេះ ឲ្យយើងដឹងដូច្នេះដែរ»។
24
ស្ត្រីនោះក៏បង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សាំសុន កូននោះក៏មានវ័យធំឡើង ហើយព្រះយេហូវ៉ាប្រទានពរគាត់។
25
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់ផ្ដើមបណ្ដាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ នៅចន្លោះសូរ៉ាស់ និងអែសថោល។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21