bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Judges 8
Judges 8
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 9 →
1
ពេលនោះ ពួកអេប្រាអិមបន្ទោសគេឌានថា៖ «តើលោកបានប្រព្រឹត្តអ្វីចំពោះយើងដូច្នេះ? ពេលលោកចេញទៅច្បាំងនឹងសាសន៍ម៉ាឌាន ហេតុអ្វីបានជាមិនហៅយើងទៅផង?» គេក៏បន្ទោសលោកជាខ្លាំង។
2
លោកមានប្រសាសន៍ទៅគេថា៖ «តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន? តើការសន្សែសន្សំផ្លែទំពាំងបាយជូររបស់ពួកអេប្រាអិម មិនមែនវិសេសជាងការបេះផ្លែទំពាំងបាយជូររបស់ពួកអ័បៀស៊ើរទេឬ?
3
ព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងអ្នករាល់គ្នាបាន?» កាលលោកមានប្រសាសន៍ដូច្នេះរួចហើយ កំហឹងរបស់គេចំពោះលោកក៏ស្ងប់។
4
គេឌាន និងពួកបីរយនាក់ដែលនៅជាមួយ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែគេនៅតែដេញតាមសត្រូវ។
5
លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងស៊ូកូថថា៖ «សូមចែកនំបុ័ងឲ្យមនុស្សដែលមកតាមខ្ញុំនេះផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូណា ជាស្តេចសាសន៍ម៉ាឌាន»។
6
ប៉ុន្ដែ ពួកមេដឹកនាំក្រុងស៊ូកូថឆ្លើយថា៖ «តើសេបាស និងសាលមូណាបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពលទ័ពរបស់អ្នកដូច្នេះ?»
7
គេឌានឆ្លើយតបថា៖ «បើដូច្នេះ កាលណាព្រះយេហូវ៉ាបានប្រគល់សេបាស និងសាលមូណាមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន និងបន្លាស្អិតមិនខាន»។
8
លោកចេញពីទីនោះឡើងទៅក្រុងពេនួល ហើយមានប្រសាសន៍ទៅគេដូចគ្នា តែពួកអ្នកក្រុងពេនួលបានឆ្លើយមកលោកវិញ ដូចពួកអ្នកក្រុងស៊ូកូថដែរ។
9
លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំបានមកវិញដោយសុខសាន្ត ខ្ញុំនឹងរំលំប៉មនេះចោល»។
10
រីឯសេបាស និងសាលមូណា ស្ថិតនៅក្នុងក្រុងកើរកូរជាមួយកងទ័ពរបស់គេ ប្រមាណជាមួយម៉ឺនប្រាំពាន់នាក់ គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់មនុស្សពីស្រុកខាងកើត ព្រោះទាហានរបស់គេមួយសែនពីរម៉ឺននាក់ដែលកាន់ដាវ បានដួលស្លាប់អស់ហើយ។
11
ដូច្នេះ គេឌានក៏ឡើងតាមផ្លូវរបស់ពួកអ្នកដែលនៅក្នុងត្រសាល នៅខាងកើតណូបាស និងយ៉ុកបិហា ចូលទៅប្រយុទ្ធនឹងកងទ័ពសត្រូវ ដ្បិតគេស្មានថាខ្លួនបានសុខសាន្តហើយ។
12
ឯសេបាស និងសាលមូណាបានរត់គេច តែគេឌានដេញតាម ហើយចាប់បានស្តេចសាសន៍ម៉ាឌានទាំងពីរ គឺសេបាស និងសាលមូណា ព្រមទាំងវាយបំបាក់ទ័ពគេទាំងមូលទៀតផង។
13
បន្ទាប់មក គេឌានកូនយ៉ូអាស ក៏វិលត្រឡប់ពីសមរភូមិ តាមផ្លូវដែលឡើងទៅឯភ្នំហេរេស។
14
លោកចាប់ក្មេងជំទង់ម្នាក់ពីក្រុងស៊ូកូថមកសួរចម្លើយ ហើយក្មេងនោះក៏សរសេរឈ្មោះពួកមេដឹកនាំ និងពួកចាស់ទុំនៅក្រុងស៊ូកូថ បានចំនួនចិតសិបប្រាំពីរនាក់ ជូនដល់លោក។
15
លោកក៏មកឯពួកអ្នកក្រុងស៊ូកូថប្រាប់ថា៖ «មើល៍ នេះនែ៎សេបាស និងសាលមូណា ដែលអ្នករាល់គ្នាបាននិយាយមើលងាយខ្ញុំថា "តើសេបាស និងសាលមូណា បានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ?"»។
16
លោកក៏ចាប់ពួកចាស់ទុំនៅក្រុងនោះ ហើយយកបន្លាពីទីរហោស្ថាន និងបន្លាស្អិត មកវាយព្រមានពួកអ្នកក្រុងសិកូត ទុកជាមេរៀន។
17
លោកបានរំលំប៉មក្រុងពេនួល ហើយសម្លាប់ពួកអ្នកក្រុងនោះទៀតផង។
18
បន្ទាប់មក គេឌានសួរសេបាស និងសាលមូណាថា៖ «តើមនុស្សដែលអ្នកបានសម្លាប់នៅតាបោរនោះ មានភិនភាគដូចម្ដេច?» គេឆ្លើយឡើងថា៖ «អ្នកទាំងនោះមានភិនភាគដូចជាលោកដែរ គេម្នាក់ៗមានសណ្ឋានដូចកូនស្តេច»។
19
លោកឆ្លើយតបថា៖ «គេជាបងប្អូនពោះមួយនឹងខ្ញុំ ដូច្នេះ ខ្ញុំស្បថចំពោះព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ប្រសិនបើអ្នកទុកជីវិតឲ្យគេរស់នៅ ខ្ញុំនឹងមិនសម្លាប់អ្នកទេ»។
20
ដូច្នេះ លោកបង្គាប់ទៅយេធើជាកូនច្បងរបស់លោកថា៖ «ចូរក្រោកឡើង សម្លាប់គេចោលទៅ!» ប៉ុន្ដែ ក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ ព្រោះគាត់នៅក្មេង។
21
ដូច្នេះ សេបាស និងសាលមូណាពោលថា៖ «សូមលោកក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនឯងទៅ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងរបស់គេក៏យ៉ាងនោះដែរ»។ ពេលនោះ គេឌានក៏ក្រោកឡើង ហើយសម្លាប់សេបាស និងសាលមូណាចោល រួចដោះយកគ្រឿងលម្អដែលពាក់នៅកសត្វអូដ្ឋរបស់គេផង។
22
ក្រោយមក ពួកអ៊ីស្រាអែលពោលទៅកាន់គេឌានថា៖ «សូមលោកគ្រប់គ្រងលើយើងរាល់គ្នាតទៅ រហូតដល់កូន និងចៅរបស់លោកផង ដ្បិតលោកបានសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។
23
គេឌានតបទៅគេថា៖ «ខ្ញុំមិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះយេហូវ៉ាទេតើ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។
24
រួចគេឌានមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយដល់អ្នករាល់គ្នា គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលអ្នករាល់គ្នារឹបអូសយកបាន មកឲ្យខ្ញុំ» (ដ្បិតខ្មាំងសត្រូវសុទ្ធតែមានក្រវិលមាស ព្រោះគេជាកូនចៅអ៊ីសម៉ាអែល)។
25
ពួកគេក៏ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងជូនលោកដោយស្ម័គ្រពីចិត្ត»។ គេក៏ត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលដែលខ្លួនរឹបអូសបាន ទៅលើអាវនោះ។
26
ក្រវិលមាសទាំងប៉ុន្មានដែលលោកបានសុំពីគេនោះ មានទម្ងន់ជាមាសមួយពាន់ប្រាំពីររយសេកែល ដោយមិនរាប់បន្តោក និងអាយ៉ាដក់ និងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ។
27
ដូច្នេះ គេឌានក៏យកមាសទាំងនោះទៅធ្វើជាអេផូឌមួយ ដាក់នៅក្នុងទីក្រុងរបស់លោក គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានផិតតាមរបស់នោះ ហើយរូបនោះបានក្លាយទៅជាអន្ទាក់ដល់គេឌាន និងក្រុមគ្រួសាររបស់លោក។
28
ដូច្នេះ ពួកម៉ាឌានត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែល មិនអាចងើបក្បាលទៀតបានឡើយ ហើយនៅជំនាន់គេឌាន ស្រុកទេសបានសុខសាន្តត្រាណរយៈពេលសែសិបឆ្នាំ។
29
យេរូ-បាល ជាកូនយ៉ូអាស បានទៅរស់នៅក្នុងផ្ទះរបស់លោកផ្ទាល់វិញ។
30
គ្រានោះ គេឌានមានកូនប្រុសចិតសិបនាក់ គឺកូនដែលលោកបានបង្កើត ដ្បិតលោកមានប្រពន្ធច្រើន។
31
ប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម ក៏បានបង្កើតកូនប្រុសមួយឲ្យលោកដែរ លោកដាក់ឈ្មោះថា អ័ប៊ីម៉្មាឡិច។
32
គេឌានជាកូនយ៉ូអាស បានស្លាប់ទៅទាំងមានអាយុយឺនយូរល្អ ហើយគេបានបញ្ចុះសពលោកនៅក្នុងផ្នូររបស់យ៉ូអាសជាឪពុកនៅអូប្រា ជាក្រុងរបស់ពួកអ័បៀស៊ើរ។
33
ក្រោយពីគេឌានបានស្លាប់ផុតទៅ ពួកកូនចៅអ៊ីស្រាអែលក៏បានងាកបែរទៅផិតក្បត់តាមពួកព្រះបាលវិញទៀត ហើយគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ។
34
ពួកកូនចៅអ៊ីស្រាអែលមិនបាននឹកចាំពីព្រះយេហូវ៉ា ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញទេ
35
ហើយគេមិនបានដឹងគុណដល់ក្រុមគ្រួសាររបស់យេរូ-បាល (គឺគេឌាន) តាមគ្រប់ទាំងអំពើល្អទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលឡើយ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21