bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Luke 1
Luke 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
1
មានមនុស្សជាច្រើន បានផ្តើមតែងរឿង ពីអស់ទាំងការដែលបានសម្រេចនៅក្នុងចំណោមយើង
2
ដូចជាគេបានប្រាប់មកយើងខ្ញុំ ដែលគេបានឃើញការទាំងនោះជាក់នឹងភ្នែក តាំងពីដើមរៀងមក ហើយក៏ធ្វើជាអ្នកបម្រើផ្សាយព្រះបន្ទូល
3
ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ
4
ដើម្បីឲ្យលោកបានជ្រាបពីសេចក្តីពិតនៃអស់ទាំងសេចក្តីដែលគេបានបង្រៀនលោក។
5
ក្នុងរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃម្នាក់ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន
6
អ្នកទាំងពីរនោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានឡើយ។
7
លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។
8
កាលលោកកំពុងបម្រើការងារជាសង្ឃនៅចំពោះព្រះ តាមវេនរបស់លោក
9
គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ពួកសង្ឃ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។
10
ពេលលោកដុតគ្រឿងក្រអូប បណ្តាជនទាំងអស់នៅខាងក្រៅ កំពុងតែអធិស្ឋាន។
11
ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបលេចឲ្យលោកឃើញ ឈរខាងស្តាំអាសនាគ្រឿងក្រអូប។
12
ពេលសាការីឃើញទេវតា លោកក៏ភាន់ភាំង ហើយមានចិត្តភ័យខ្លាច។
13
ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។
14
លោកនឹងមានចិត្តរីករាយ និងអំណរ ហើយមនុស្សជាច្រើននឹងអបអរសាទរកំណើតរបស់កូននោះ
15
ដ្បិតកូននោះនឹងបានជាធំនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ កូននោះនឹងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីផ្ទៃម្តាយមក ។
16
កូននោះនឹងបង្វែរកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។
17
កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបំបែរចិត្តឪពុកមករកកូន និងពួកចចេសមករកប្រាជ្ញារបស់មនុស្សសុចរិត ហើយរៀបចំប្រជារាស្រ្តមួយជាស្រេច ទុកសម្រាប់ព្រះអម្ចាស់» ។
18
សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។
19
ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។
20
មើល៍! លោកនឹងត្រូវគ និយាយមិនបាន រហូតដល់ថ្ងៃដែលការទាំងនេះកើតមក ព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់»។
21
ក្នុងពេលជាមួយគ្នានោះ ប្រជាជនកំពុងរង់ចាំសាការី ហើយងឿងឆ្ងល់នឹងការដែលលោកនៅក្នុងព្រះវិហារយូរដល់ម្ល៉េះ។
22
កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។
23
លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។
24
ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖
25
«ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។
26
ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅភូមិមួយឈ្មោះណាសារ៉ែត ក្នុងស្រុកកាលីឡេ
27
ដើម្បីជួបនឹងស្ត្រីព្រហ្មចារីម្នាក់ ដែលជាគូដណ្តឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជព្រះបាទដាវីឌ ហើយស្ត្រីព្រហ្មចារីនោះឈ្មោះម៉ារា។
28
ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។
29
ប៉ុន្តែ នាងមានចិត្តងឿងឆ្ងល់យ៉ាងខ្លាំងដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្តពីពាក្យជម្រាបសួរនេះមានន័យដូចម្តេច។
30
ទេវតាពោលទៅនាងថា៖ «កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះគាប់ព្រះហឫទ័យនឹងនាងហើយ។
31
មើល៍! នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា "យេស៊ូវ"។
32
បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត" ហើយព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានរាជ្យបល្ល័ងរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គថ្វាយដល់ព្រះអង្គ។
33
ព្រះអង្គនឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងមិនផុតឡើយ»
34
ម៉ារាសួរទៅទេវតាថា៖ «តើធ្វើដូចម្តេចឲ្យការនេះសម្រេចទៅបាន បើខ្ញុំនៅក្រមុំព្រហ្មចារីដូច្នេះ?»
35
ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។
36
មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។
37
ដ្បិតគ្មានការអ្វីដែលព្រះធ្វើពុំបាននោះឡើយ»។
38
ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។
39
នៅគ្រានោះ ម៉ារាក្រោកឡើង ហើយប្រញាប់ប្រញាល់ធ្វើដំណើទៅភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា
40
នាងចូលទៅក្នុងផ្ទះសាការី ហើយជម្រាបសួរអេលីសាបិត។
41
កាលអេលីសាបិតបានឮពាក្យម៉ារាជម្រាបសួរ នោះកូននៅក្នុងផ្ទៃរបស់នាងក៏បង្រះឡើង ហើយអេលីសាបិតក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
42
រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ក្នុងចំណោមពួកស្រីៗ នាងជាស្ត្រីមានពរ និងកូនដែលនៅក្នុងផ្ទៃរបស់នាងដែរ។
43
ដូចម្តេចហ្ន៎ បានជាមាតាព្រះអម្ចាស់នៃខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?
44
ដ្បិតមើល៍ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាងភ្លាម នោះកូននៅក្នុងផ្ទៃខ្ញុំក៏បង្រះឡើងដោយអំណរ។
45
នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសម្រេចជាមិនខាន»។
46
ម៉ារាពោលឡើងថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់
47
វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះ ជាព្រះសង្គ្រោះរបស់ខ្ញុំ
48
ដ្បិតព្រះអង្គបានទតមើលសណ្ឋាន ទន់ទាបរបស់អ្នកបម្រើព្រះអង្គ មើលចុះ ពីនេះទៅមុខ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថា ជាអ្នកមានពរ
49
ដ្បិតព្រះដ៏មានព្រះចេស្តាបានប្រោស សេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ។
50
ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។
51
ទ្រង់បានសម្តែងឫទ្ធិ ដោយព្រះហស្តរបស់ព្រះអង្គ ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តរបស់គេ។
52
ទ្រង់បានទម្លាក់ស្តេចចេញពីបល្ល័ង្ក ហើយលើកមនុស្សរាបសាឡើង
53
ទ្រង់បានចម្អែតមនុស្សឃ្លានដោយរបស់ល្អ តែបានបណ្តេញពួកអ្នកមានឲ្យចេញទៅដោយដៃទទេ។
54
ព្រះអង្គបានជួយអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដោយនឹកចាំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
55
ដូចព្រះអង្គមានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង គឺមកកាន់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកជារៀងរហូត» ។
56
ម៉ារាបានស្នាក់នៅជាមួយអេលីសាបិតប្រហែលជាបីខែ ទើបត្រឡប់ទៅផ្ទះរបស់នាងវិញ។
57
លុះដល់ពេលដែលអេលីសាបិតត្រូវសម្រាលកូន នោះនាងសម្រាលបានកូនប្រុសមួយ។
58
អ្នកជិតខាង និងញាតិសន្តានរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យមេត្តាករុណាជាខ្លាំងដល់គាត់ គេក៏មានចិត្តអរសប្បាយជាមួយគាត់។
59
នៅថ្ងៃទីប្រាំបី គេមកធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយគេចង់ដាក់ឈ្មោះទារកនោះថា "សាការី" តាមឈ្មោះឪពុក
60
តែម្តាយនិយាយថា៖ «ទេ ត្រូវដាក់ឈ្មោះថា "យ៉ូហាន" វិញ»។
61
គេតបទៅគាត់ថា៖ «ក្នុងញាតិសន្តានរបស់អ្នក គ្មានអ្នកណាមានឈ្មោះនេះទេ»។
62
គេធ្វើសញ្ញាសួរទៅឪពុក ដោយចង់ដឹងថាលោកដាក់ឈ្មោះអ្វីឲ្យកូន។
63
លោកសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា៖ «កូននេះឈ្មោះ យ៉ូហាន»។ គេទាំងអស់គ្នាក៏មានសេចក្តីអស្ចារ្យ។
64
រំពេចនោះ មាត់របស់លោកក៏បើកឡើង ហើយអណ្តាតក៏រលាស់បាន រួចលោកចាប់ផ្តើមពោលសរសើរព្រះ។
65
អ្នកជិតខាងទាំងប៉ុន្មាន ក៏មានចិត្តកោតខ្លាច ហើយគេនិយាយរឿងនេះសុសសាយពេញតំបន់ភ្នំទាំងមូលនៃស្រុកយូដា។
66
អស់អ្នកដែលបានឮ ក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយពោលថា៖ «ដូច្នេះ តើកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់បាននៅជាមួយកូននេះ។
67
ពេលនោះ សាការីជាឪពុកក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយថ្លែងជាទំនាយថា៖
68
«សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ ហើយក៏បានប្រោសលោះគេ។
69
ព្រះអង្គបានប្រទានព្រះសង្រ្គោះ ដ៏មានឥទ្ធិឫទ្ធិមួយអង្គដល់យើង ក្នុងពូជពង្សព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គ
70
ដូចព្រះអង្គមានព្រះបន្ទូល តាមរយៈមាត់ពួកហោរាបរិសុទ្ធ របស់ព្រះអង្គពីជំនាន់ដើម
71
ដើម្បីឲ្យយើងបានសង្គ្រោះរួចពី ខ្មាំងសត្រូវរបស់យើង និងរួចពីកណ្តាប់ដៃ របស់អស់អ្នកដែលស្អប់យើង។
72
ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា ដែលបានសន្យាដល់បុព្វបុរសរបស់យើង ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ
73
គឺជាសម្បថដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងថា
74
ទ្រង់នឹងសង្គ្រោះយើងឲ្យរួចពីកណ្តាប់ដៃ ពួកខ្មាំងសត្រូវរបស់យើង ដើម្បីឲ្យយើងអាចគោរពបម្រើ ព្រះអង្គដោយឥតភ័យខ្លាច
75
ដោយបរិសុទ្ធ និងសុចរិត នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។
76
រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
77
ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ បានស្គាល់សេចក្តីសង្គ្រោះ ដោយអត់ទោសឲ្យគេរួចពីបាប
78
ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង
79
ដើម្បីបំភ្លឺដល់អស់អ្នកដែលអង្គុយក្នុងសេចក្តីងងឹត និងក្នុងម្លប់នៃសេចក្តីស្លាប់ ហើយតម្រង់ជើងយើងទៅរកផ្លូវនៃសេចក្ដីសុខសាន្ត» ។
80
កូននោះ មានវ័យចម្រើនឡើងជាលំដាប់ ហើយមានភាពរឹងមាំខាងវិញ្ញាណជាខ្លាំង ក៏រស់នៅតែក្នុងទីរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24