bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Luke 11
Luke 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
1
មានមួយថ្ងៃ អ៊ីសាទូរអានៅកន្លែងមួយ។ កាលអ៊ីសាទូរអារួចហើយ មានសិស្សម្នាក់សុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមបង្រៀនយើងខ្ញុំឲ្យចេះទូរអា ដូចយ៉ះយ៉ាបានបង្រៀនសិស្សរបស់គាត់នោះផង»។
2
អ៊ីសាមានប្រសាសន៍ទៅពួកគេថា៖ «ពេលអ្នករាល់គ្នាទូរអា ត្រូវពោលថាៈ ឱអុលឡោះជាបិតាអើយ សូមសំដែងនាមដ៏វិសុទ្ធ របស់ទ្រង់ ឲ្យមនុស្សលោកស្គាល់ សូមឲ្យនគទ្រង់បានមកដល់។
3
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការ ជារៀងរាល់ថ្ងៃ។
4
សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែល បានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ សូមកុំនាំយើងខ្ញុំឲ្យជួប ការល្បួងឡើយ»។
5
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្ដសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា “សម្លាញ់អើយ! ឲ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក
6
ព្រោះមានមិត្ដភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។
7
អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ”។
8
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្ដសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្ដសម្លាញ់ទេ គឺមកពីមិត្ដសម្លាញ់នោះចេះតែរំខានមិនឈប់។
9
រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះអុលឡោះនឹងប្រទានឲ្យ ចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះទ្រង់នឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន
10
ដ្បិតអ្នកណាសូម អ្នកនោះតែងតែទទួល អ្នកណាស្វែងរកតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។
11
ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រីមិនដែលមានឪពុកណាយកពស់អសិរពិសឲ្យវាទេ
12
បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរីឲ្យវាដែរ។
13
សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើអុលឡោះជាបិតាដែលនៅសូរ៉ក តើទ្រង់នឹងប្រទានរសអុលឡោះដ៏បិរសុទ្ធ ឲ្យអស់អ្នកដែលសូមពីទ្រង់យ៉ាងណាទៅទៀត»។
14
អ៊ីសាកំពុងបណ្ដេញអ៊ីព្លេសចេញពីមនុស្ស គម្នាក់។ លុះអ៊ីព្លេសចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។
15
ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអ៊ីព្លេសបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចអ៊ីព្លេសបានប្រគល់អំណាចឲ្យគាត់»។
16
មានអ្នកខ្លះទៀតចង់ចាប់កំហុសអ៊ីសា ក៏សុំឲ្យអ៊ីសាសំដែងទីសំគាល់មួយ បញ្ជាក់ថា អ៊ីសាបានទទួលអំណាចមកពីអុលឡោះ។
17
អ៊ីសាឈ្វេងយល់ចិត្ដគំនិតរបស់គេ គាត់ប្រាប់ទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។
18
យ៉ាងណាមិញ ប្រសិនបើអ៊ីព្លេសហ្សៃតនបាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងឲ្យអំណាចរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញអ៊ីព្លេសដោយអំណាចបេលសេប៊ូល។
19
ប្រសិនបើខ្ញុំដេញអ៊ីព្លេស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអ៊ីព្លេស ដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។
20
ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេស ដោយអំណាចរបស់អុលឡោះ នោះបានសេចក្ដីថា នគររបស់ទ្រង់មកដល់អ្នករាល់គ្នាហើយ។
21
បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។
22
ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជំនះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។
23
អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។
24
កាលបើអ៊ីព្លេសចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក”។
25
លុះទៅដល់ ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អ
26
វានឹងចេញទៅបបួលអ៊ីព្លេសប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។
27
កាលអ៊ីសាកំពុងតែមានប្រសាសន៍ដូច្នេះ មានស្ដ្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ជម្រាបអ៊ីសាថា៖ «ស្ដ្រីដែលបានបង្កើតតួន ព្រមទាំងបានបំបៅតួន ពិតជាមានសុភមង្គលមែន!»។
28
ប៉ុន្តែ អ៊ីសាឆ្លើយថា៖ «អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
29
ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ អ៊ីសាមានប្រសាសន៍ថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្តែ អុលឡោះមិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ណាពយូណើសឡើយ។
30
យូណើសបានធ្វើជាទីសំគាល់ ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រាមនុស្សក៏នឹងធ្វើជាទីសំគាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។
31
នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នាងបានមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ពាក្យរបស់ណាពីសូឡៃម៉ាន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសណាពីសូឡៃម៉ានទៅទៀត។
32
នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្ដគំនិត នៅពេលឮសេចក្ដីដែលណាពីយូណើសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសណាពីយូណើសទៅទៀត!»។
33
«ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។
34
ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។
35
ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។
36
ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។
37
កាលអ៊ីសាកំពុងតែមានប្រសាសន៍មានបុរសម្នាក់ខាងគណៈផារីស៊ បានសូមអញ្ជើញអ៊ីសាទៅពិសាអាហារនៅផ្ទះគាត់។ អ៊ីសាក៏ចូលទៅរួមតុជាមួយគាត់។
38
អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញអ៊ីសាមិនលាងដៃមុនពេលពិសា។
39
អ៊ីសាជាអម្ចាស់ក៏មានប្រសាសន៍ទៅគាត់ថា៖ «ពួកផារីស៊ីអើយ អ្នករាល់គ្នាសំអាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្ដកេងប្រវ័ញ្ច និងគំនិតអាក្រក់។
40
មនុស្សឆោតល្ងង់អើយ! អុលឡោះបានបង្កើតខាងក្រៅ តើទ្រង់មិនបានបង្កើតខាងក្នុងដែរទេឬ?
41
ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។
42
ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកជូនអុលឡោះ ប៉ុន្តែអ្នករាល់គ្នាធ្វេសប្រហែស មិនបានប្រព្រឹត្ដតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់អុលឡោះឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ដ ឯការណ៍ដទៃទៀត ក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។
43
ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្ដអង្គុយនៅកន្លែងកិត្ដិយសក្នុងសាលាប្រជុំ ហើយចូលចិត្ដឲ្យគេអោនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។
44
អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។
45
មានបណ្ឌិតខាងហ៊ូកុំម្នាក់ជម្រាបអ៊ីសាថា៖ «តួន! តួនមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា តួនត្មះតិះដៀលយើងខ្ញុំ»។
46
អ៊ីសាឆ្លើយថា៖ «ពួកបណ្ឌិតខាងហ៊ូកុំអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតហ៊ូកុំតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង។
47
អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យណាព ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។
48
អ្នករាល់គ្នាធ្វើដូច្នេះ បញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ដ គឺគេបានសម្លាប់ពួកណាពី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។
49
ហេតុនេះហើយបានជាអុលឡោះប្រកបដោយប្រាជ្ញាញាណមានបន្ទូលថា “យើងនឹងចាត់ណាព ព្រមទាំងសាវ័ករបស់យើងជាច្រើនឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។
50
ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ណាពីតាំងតែពីកំណើតពិភពលោកមក
51
គឺចាប់តាំងពីលោកហាបេលជាកូនអាដាម រហូតដល់ណាពីសាការីយ៉ា ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។
52
ពួកបណ្ឌិតខាងហ៊ូកុំអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់អុលឡោះ។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
53
ពេលអ៊ីសាចាកចេញពីទីនោះទៅ ពួកតួន និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងអ៊ីសាយ៉ាងខ្លាំង ហើយដេញដោលសួរអ៊ីសាអំពីរឿងផ្សេងៗជាច្រើន
54
ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសអ៊ីសា។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24