bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Samuel 3
2 Samuel 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
1
គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
2
បុត្ររបស់ស្តេចទតជាច្រើននាក់ បានប្រសូតនៅក្រុងហេប្រូន គឺកូនច្បងនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល
3
កូនទីពីរ នាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល កូនទីបី នាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេសួរី
4
កូនទីបួន នាមអដូនីយ៉ា ប្រសូតពីនាងហាគីត កូនទីប្រាំ នាមសេផាធា ប្រសូតពីនាងអប៊ីថាល
5
កូនទីប្រាំមួយ នាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាប្រពន្ធរបស់ស្តេចដែរ។ នេះជាបុត្ររបស់ស្តេចទតដែលប្រសូតនៅក្រុងហេប្រូន។
6
នៅគ្រាដែលមានចំបាំងរវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទតនោះ លោកអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួន ក្នុងញាតិវង្សស្តេចសូល។
7
ស្តេចសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ស្តេចអ៊ីសបូសែតបានសួរទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់ឪពុកយើង?»។
8
កាលឮស្តេចអ៊ីសបូសែតនិយាយដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្តេចវិញថា៖ «តើខ្ញុំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំសំដែងភក្តីភាព ចំពោះរាជវង្សស្តេចសូលដែលជាឪពុករបស់ស្តេច ចំពោះបងប្អូន និងមិត្តភក្តិរបស់ស្តេច។ ខ្ញុំពុំបានប្រគល់ស្តេច ទៅក្នុងកណ្តាប់ដៃរបស់ស្តេចទតឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ស្តេចបែរជាស្តីបន្ទោសខ្ញុំ ព្រោះតែរឿងស្រីទៅវិញ!។
9
ដូច្នេះ ប្រសិនបើខ្ញុំមិនផ្ទេររាជ្យនេះទៅឲ្យស្តេចទត ស្របតាមបន្ទូលសន្យារបស់ អុលឡោះតាអាឡា ទេ សូមទ្រង់ដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!
10
ដ្បិត អុលឡោះតាអាឡា បានសន្យាថា ទ្រង់នឹងដករាជ្យចេញពីរាជវង្សរបស់ស្តេចសូល។
11
ស្តេចអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអប៊ីនើរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះគាត់ខ្លាចលោកអប៊ីនើរណាស់។
12
លោកអប៊ីនើរចាត់អ្នកនាំសារ ឲ្យចូលទៅជួបស្តេចទតដើម្បីជម្រាបថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយខ្ញុំមក នោះខ្ញុំនឹងជួយប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ស្តេច»។
13
ស្តេចទតឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំនាងមិកាល់ ជាបុត្រីរបស់ស្តេចសូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។
14
បន្ទាប់មក ស្តេចទតចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូលថា៖ «សូមប្រគល់នាងមិកាល់ ជាប្រពន្ធរបស់ខ្ញុំ មកឲ្យខ្ញុំវិញ គឺប្រពន្ធដែលខ្ញុំយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ចំនួនមួយរយនាក់ជូនជាបណ្តាការ»។
15
ស្តេចអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំនាងមិកាល់ ពីផ្ទះប្ដីរបស់នាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។
16
លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
17
លោកអប៊ីនើរពិភាក្សាជាមួយក្រុមអះលីជំអះនៃជនជាតិអ៊ីស្រអែលដោយពោលថា៖ «អស់លោកចង់បានទត ជាស្តេច តាំងពីយូរណាស់មកហើយ។
18
ឥឡូវនេះ សូមអញ្ជើញគាត់មកគ្រងរាជ្យចុះ! ដ្បិត អុលឡោះតាអាឡា មានបន្ទូលអំពីស្តេចទតថា “យើងនឹងសង្គ្រោះអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈទត ជាអ្នកបម្រើរបស់យើង”»។
19
លោកអប៊ីនើរនិយាយបែបនេះជាមួយកុលសម្ព័ន្ធពុនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅជម្រាបស្តេចទតនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្តីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រអែល និងកុលសម្ព័ន្ធពុនយ៉ាមីនទាំងមូល។
20
លោកអប៊ីនើរចូលទៅជួបស្តេចទតនៅក្រុងហេប្រូន ដោយមានមនុស្សម្ភៃនាក់អមដំណើរទៅជាមួយ។ ស្តេចទតបានរៀបចំពិធីជប់លៀងជូនលោកអប៊ីនើរ និងអស់អ្នកដែលមកជាមួយ។
21
លោកអប៊ីនើរជម្រាបស្តេចទតថា៖ «សូមឲ្យស្តេចជ្រាប ខ្ញុំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ស្តេច។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយស្តេច ហើយពេលនោះ ស្តេចគ្រងរាជ្យលើស្រុកនេះទាំងមូល តាមបំណងរបស់ស្តេច»។ ស្តេចទតអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។
22
បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ស្តេចទតវិលមកពីច្បាំងវិញ ទាំងនាំយកជយភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយស្តេចទតទេ ដ្បិតស្តេចអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។
23
កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយគាត់មកដល់ មានគេជម្រាបគាត់ថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរបានចូលមកជួបស្តេច ហើយស្តេចអនុញ្ញាតឲ្យគាត់ចាកចេញទៅដោយសុខសាន្ត»។
24
លោកយ៉ូអាប់ក៏ចូលទៅជួបស្តេចទត ហើយសួរថា៖ «ហេតុអ្វីបានជាស្តេចធ្វើដូច្នេះ? អប៊ីនើរចូលមកជួបស្តេច ហើយស្តេចអនុញ្ញាតឲ្យគេចាកចេញទៅដោយស្រួល។
25
ស្តេចស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតស្តេច ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ស្តេច និងដឹងអំពីគ្រប់កិច្ចការដែលស្តេចកំពុងធ្វើ»។
26
លោកយ៉ូអាប់ចាកចេញពីស្តេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្តូងទឹកស៊ីរ៉ាមកវិញ។ ស្តេចទតពុំបានជ្រាបពីរឿងនេះទេ។
27
កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
28
ក្រោយមក ស្តេចទតជ្រាបអំពីរឿងនេះ គាត់និយាយថា៖ « អុលឡោះតាអាឡា ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។
29
សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់គាត់ទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
30
លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកគាត់ក្នុងពេលប្រយុទ្ធនៅគីបៀន។
31
ស្តេចទតបញ្ជាទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ស្តេចទតតាមក្រោយមឈូស។
32
គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ស្តេចទតបានយំ ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។
33
បន្ទាប់មក ស្តេចទតលើកទំនុកមួយរំលឹកពីលោកអប៊ីនើរដូចតទៅ៖ «អប៊ីនើរអើយ លោកមិនគួរស្លាប់ ដូចមនុស្សលេលាបែបនេះសោះ!
34
ដៃរបស់លោកគ្មានជាប់ចំណង ជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរ តែលោកបានដួលស្លាប់ ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។ ប្រជាជនទាំងមូលនាំគ្នាយំស្តាយលោកអប៊ីនើរសាជាថ្មី។
35
បន្ទាប់មក ពួកគេចូលទៅជួបស្តេចទត ដើម្បីជូនម្ហូបអាហារទាន់មេឃនៅភ្លឺ ប៉ុន្តែ គាត់សច្ចាថា៖ «ប្រសិនបើយើងបរិភោគនំបុ័ង ឬអ្វីក៏ដោយមុនពេលថ្ងៃលិច សូមអុលឡោះដាក់ទោសយើងចុះ!»។
36
ឃើញដូច្នេះប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលស្តេចទតបានធ្វើដែរ។
37
នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រអែលទាំងមូលដឹងថា ស្តេចទតមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។
38
ស្តេចទតបានបញ្ជាទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះ អ៊ីស្រអែលបាត់បង់វរជនម្នាក់ ដែលជាមេដឹកនាំដ៏សំខាន់!
39
ទោះបីអុលឡោះបានតែងតាំងខ្ញុំ ជាស្តេចក្តី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូម អុលឡោះតាអាឡា ដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24