bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Samuel 22
2 Samuel 22
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
1
នៅថ្ងៃដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន និងពីកណ្ដាប់ដៃរបស់ស្តេចសូល ព្រះបាទដាវីឌបានពោលទំនុកទូលព្រះយេហូវ៉ាថា៖
2
ព្រះយេហូវ៉ាជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ព្រះអង្គជាអ្នកជួយទូលបង្គំឲ្យរួច
3
ព្រះអង្គជាថ្មដានៃទូលបង្គំ ទូលបង្គំនឹងយកព្រះអង្គជាទីពឹង ព្រះអង្គក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាជម្រកដ៏រឹងមាំ និងជាទីជ្រកកោនរបស់ទូលបង្គំ ព្រះអង្គជាអង្គសង្គ្រោះ ដែលសង្គ្រោះទូលបង្គំ ឲ្យរួចពីអំពើឃោរឃៅ។
4
ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលព្រះអង្គគាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ។
5
ដ្បិតរលកនៃសេចក្ដីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។
6
ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរុំជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្ដីស្លាប់ បានស្ទះផ្លូវទូលបង្គំហើយ។
7
នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំពីក្នុងព្រះវិហារ របស់ព្រះអង្គ សម្រែករបស់ទូលបង្គំ បានឮនៅព្រះកាណ៌របស់ព្រះអង្គ។
8
ពេលនោះ ផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយដោយព្រោះព្រះអង្គ មានសេចក្ដីក្រោធ។
9
មានផ្សែងហុយចេញពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងចេញពីព្រះឧស្ឋរបស់ព្រះអង្គ ហើយក៏មានរងើកភ្លើងព្រួសចេញពីព្រះឧស្ឋ របស់ព្រះអង្គមកដែរ។
10
ព្រះអង្គបានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់នៅក្រោមព្រះបាទ របស់ព្រះអង្គ។
11
ព្រះអង្គគង់លើចេរូប៊ីមហោះមក ឃើញព្រះអង្គដូចជាគង់លើស្លាបរបស់ខ្យល់។
12
ព្រះអង្គបានយកភាពងងឹតធ្វើជាព្រះពន្លា បាំងជុំវិញព្រះអង្គ គឺមានពពកយ៉ាងក្រាស់ពេញដោយទឹកផ្ដុំគ្នា។
13
មានផ្លេកបន្ទោរភ្លឺព្រាកៗនៅពីមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។
14
ព្រះយេហូវ៉ាបានបញ្ចេញផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតបន្លឺព្រះសូរសៀង។
15
ព្រះអង្គបាញ់ព្រួញទៅកម្ចាត់កម្ចាយគេ និងរន្ទះទៅបំបាក់គេដែរ។
16
ពេលនោះ បាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍ក៏បានលេចឲ្យឃើញដែរ ដោយសារព្រះយេហូវ៉ាបានគំរាម គឺមានខ្យល់បក់គំហុកចេញពីព្រះនាសា របស់ព្រះអង្គ។
17
ព្រះអង្គបានចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំ ព្រះអង្គបានស្រង់ទូលបង្គំចេញពីទឹកធំ។
18
ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកម្លាំងខ្លាំងជាងទូលបង្គំ។
19
នៅថ្ងៃដែលទូលបង្គំមានសេចក្ដីអន្តរាយ នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ តែព្រះយេហូវ៉ាជាជន្ទល់នៃទូលបង្គំ។
20
ព្រះអង្គបាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ដោយព្រោះព្រះអង្គស្រឡាញ់ទូលបង្គំ។
21
ព្រះយេហូវ៉ាបានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ព្រះអង្គបានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធដែលទូលបង្គំប្រព្រឹត្ត។
22
ដ្បិតទូលបង្គំបានប្រតិបត្តិតាមផ្លូវ របស់ព្រះយេហូវ៉ា ហើយមិនដែលឃ្លាតចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តការអាក្រក់ឡើយ។
23
ព្រោះគ្រប់បញ្ញត្តិរបស់ព្រះអង្គ នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យ របស់ព្រះអង្គណាមួយសោះ។
24
ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះព្រះអង្គ ហើយបានរក្សាខ្លួនឲ្យរួចពីការអាក្រក់របស់ទូលបង្គំ។
25
ហេតុនេះហើយបានជាព្រះយេហូវ៉ាប្រទានរង្វាន់មក តាមសេចក្ដីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធរបស់ទូលបង្គំ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ។
26
ព្រះអង្គសម្ដែងសេចក្ដីមេត្តា ចំពោះអ្នកណាដែលមានចិត្តមេត្តា ហើយសម្ដែងសេចក្ដីគ្រប់លក្ខណ៍ ចំពោះអ្នកណាដែលគ្រប់លក្ខណ៍
27
ព្រះអង្គសម្ដែងសេចក្ដីបរិសុទ្ធ ចំពោះអ្នកណាដែលបរិសុទ្ធ តែព្រះអង្គតយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ។
28
ព្រះអង្គសង្គ្រោះមនុស្សដែលបន្ទាបខ្លួន តែព្រះនេត្ររបស់ព្រះអង្គទតមើលពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ។
29
ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាបំភ្លឺក្នុងទីងងឹតរបស់ទូលបង្គំ។
30
ដោយសារពឹងដល់ព្រះអង្គ នោះទូលបង្គំអាចរត់ចូលទៅតទល់នឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំអាចលោតរំលងកំផែងបាន។
31
ផ្លូវរបស់ព្រះសុទ្ធតែគ្រប់លក្ខណ៍ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានសាកមើលដែរ ព្រះអង្គជាខែលដល់អស់អ្នកណា ដែលជ្រកក្នុងព្រះអង្គ។
32
តើអ្នកណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? ហើយតើអ្នកណាជាថ្មដា ក្រៅពីព្រះនៃយើងខ្ញុំតែមួយ?
33
ព្រះជាជម្រកដ៏មាំមួនរបស់ទូលបង្គំ ព្រះអង្គនាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍។
34
ព្រះអង្គធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់ របស់ទូលបង្គំ។
35
ព្រះអង្គបង្ហាត់ទូលបង្គំ ឲ្យស្ទាត់ជំនាញក្នុងចម្បាំង រហូតដល់ដើមដៃរបស់ទូលបង្គំមានកម្លាំង ដើម្បីដំឡើងធ្នូលង្ហិនបាន។
36
ព្រះអង្គបានប្រទានខែលនៃការសង្គ្រោះ របស់ព្រះអង្គមកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ព្រះអង្គ បានលើកទូលបង្គំឡើងជាធំ។
37
ព្រះអង្គបានធ្វើឲ្យជំហានរបស់ទូលបង្គំ ទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ
38
ទូលបង្គំបានដេញតាមពួកខ្មាំងសត្រូវ ហើយបំផ្លាញពួកគេ ទូលបង្គំក៏មិនបានវិលមកវិញ ទាល់តែគេត្រូវវិនាសអស់រលីង។
39
ទូលបង្គំបានបំផ្លាញពួកគេ ទាំងចាក់ទម្លុះគេ មិនឲ្យក្រោកឡើងវិញឡើយ ពួកគេបានដួលនៅក្រោមជើងទូលបង្គំ។
40
ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំ ដោយកម្លាំងសម្រាប់ធ្វើចម្បាំង ឯពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ នោះព្រះអង្គបានបន្ទន់គេ នៅក្រោមទូលបង្គំវិញ។
41
ព្រះអង្គបានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នង នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នក ដែលស្អប់ទូលបង្គំចេញ។
42
គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សម្រាប់ជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែព្រះអង្គមិនបានឆ្លើយមកសោះ។
43
ទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីបានជាន់ឈ្លីគេ ដូចជាភក់នៅក្នុងផ្លូវ ហើយកម្ចាត់កម្ចាយអស់ទៅ។
44
ព្រះអង្គបានជួយទូលបង្គំ ឲ្យរួចពីការទាស់ទែងគ្នា ក្នុងប្រជារាស្ត្រទូលបង្គំ ព្រះអង្គបានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើប្រជាជាតិនានា ប្រជាជនដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ។
45
ពួកសាសន៍ដទៃនឹងចុះចូល ស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម។
46
ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយចេញពីទីពួនរបស់គេមក ដោយញាប់ញ័រ។
47
ព្រះយេហូវ៉ាមានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដា នៃសេចក្ដីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង
48
គឺជាព្រះដែលសម្រេចសេចក្ដីសងសឹក ជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗ នៅក្រោមអំណាចទូលបង្គំ
49
ព្រមទាំងនាំទូលបង្គំចេញឲ្យរួច ពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងយ៉ាងខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំឲ្យរួចពីមនុស្សច្រឡោតផង។
50
ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គ នៅកណ្ដាលអស់ទាំងសាសន៍ និងច្រៀងទំនុកសរសើរថ្វាយព្រះនាម របស់ព្រះអង្គ។
51
ព្រះអង្គបានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំ ដល់ស្តេចរបស់ព្រះអង្គ ហើយក៏សម្ដែងសេចក្ដីសប្បុរសដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងព្រះរាជវង្ស ជារៀងដរាបតទៅ។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24