bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
2 Corinthians 11
2 Corinthians 11
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងភាពឆោតល្ងង់បន្តិចបន្តួចរបស់ខ្ញុំ! តាមពិត អ្នករាល់គ្នាទ្រាំនឹងខ្ញុំស្រាប់ហើយ។
2
ខ្ញុំប្រច័ណ្ឌអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានភ្ជាប់ពាក្យឲ្យអ្នករាល់គ្នានឹងប្ដីតែមួយគត់ គឺទុកជាស្ត្រីព្រហ្មចារីបរិសុទ្ធថ្វាយដល់ព្រះគ្រីស្ទ។
3
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធ ក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។
4
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
5
ខ្ញុំយល់ឃើញថា ខ្ញុំមិនចាញ់ពួក “មហាសាវ័ក ” ទាំងនោះ ក្នុងរឿងអ្វីមួយឡើយ។
6
ទោះបីជាខ្ញុំមិនពូកែខាងពាក្យសម្ដីក៏ដោយ ក៏មិនដូច្នោះខាងចំណេះដឹងឡើយ។ តាមពិត យើងបានបញ្ជាក់ការនេះឲ្យច្បាស់ដល់អ្នករាល់គ្នា ដោយគ្រប់របៀបក្នុងគ្រប់ការទាំងអស់។
7
ឬមួយក៏ការដែលខ្ញុំបន្ទាបខ្លួនដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាឥតគិតថ្លៃ នោះខ្ញុំបានប្រព្រឹត្តបាបឬ?
8
ខ្ញុំបាន “ប្លន់” ក្រុមជំនុំឯទៀតៗ ដោយយកប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីបម្រើអ្នករាល់គ្នា។
9
កាលខ្ញុំបាននៅជាមួយអ្នករាល់គ្នា ហើយខ្វះខាត ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាឡើយ ដ្បិតបងប្អូនដែលមកពីម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ។ ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនមិនឲ្យធ្វើជាបន្ទុកដល់អ្នករាល់គ្នា ក៏នឹងរក្សាខ្លួនបន្តទៅទៀតដែរ។
10
ដូចដែលសេចក្ដីពិតរបស់ព្រះគ្រីស្ទស្ថិតនៅក្នុងខ្ញុំ មោទនភាពរបស់ខ្ញុំនេះ នឹងមិនត្រូវបានបញ្ឈប់នៅតំបន់អាខៃឡើយ។
11
ហេតុអ្វីបានជាដូច្នេះ? មកពីខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះទ្រង់ជ្រាបហើយ!
12
អ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះ ខ្ញុំនឹងធ្វើបន្តទៀត ដើម្បីបំផ្លាញឱកាសរបស់ពួកអ្នកដែលរកឱកាសឲ្យត្រូវគេទទួលស្គាល់ដូចយើងដែរ ក្នុងអ្វីដែលពួកគេអួតនោះ
13
ដ្បិតមនុស្សបែបនេះជាសាវ័កក្លែងក្លាយ ជាអ្នកធ្វើការពេញដោយការបោកបញ្ឆោតដែលបន្លំខ្លួនជាសាវ័ករបស់ព្រះគ្រីស្ទ។
14
ប៉ុន្តែកុំឆ្ងល់ឡើយ ដ្បិតសូម្បីតែសាតាំងក៏បន្លំខ្លួនជាទូតសួគ៌នៃពន្លឺដែរ
15
ដូច្នេះ ប្រសិនបើអ្នកបម្រើរបស់វាបានបន្លំខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិត ក៏គ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់អ្នកទាំងនោះ នឹងបានស្របតាមការប្រព្រឹត្តរបស់ខ្លួន។
16
ខ្ញុំសូមនិយាយម្ដងទៀតថា កុំឲ្យអ្នកណាចាត់ទុកខ្ញុំថាជាមនុស្សល្ងង់ឡើយ! ប៉ុន្តែបើដូច្នោះមែន យ៉ាងហោចណាស់ក៏សូមទទួលខ្ញុំដូចជាមនុស្សល្ងង់ចុះ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិចដែរ។
17
អ្វីដែលខ្ញុំនិយាយនេះ មិនមែននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាតាមភាពឆោតល្ងង់វិញ ក្នុងការអួតអាងអំពីទំនុកចិត្តនេះ។
18
ដោយព្រោះមានមនុស្សជាច្រើនអួតខ្លួនតាមសាច់ឈាម ខ្ញុំក៏សូមអួតដែរ
19
ដ្បិតអ្នករាល់គ្នាជាមនុស្សមានប្រាជ្ញា អាចទ្រាំនឹងមនុស្សល្ងង់ដោយអំណរ!
20
ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។
21
ខ្ញុំនិយាយដោយអាម៉ាស់មុខថា យើងខ្សោយពេក! ប៉ុន្តែប្រសិនបើមានអ្នកណាហ៊ានអួតអំពីអ្វីមួយ ខ្ញុំសូមនិយាយដោយភាពឆោតល្ងង់ថា ខ្ញុំក៏ហ៊ានដែរ!
22
តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ដូចគ្នាដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ដូចគ្នាដែរ។ តើពួកគេជាពូជពង្សរបស់អ័ប្រាហាំឬ? ខ្ញុំក៏ដូចគ្នាដែរ។
23
តើពួកគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយស្ទើរតែចង់ឆ្កួតថា ខ្ញុំលើសជាងពួកគេទៅទៀត! ខ្ញុំមានការនឿយហត់ច្រើនជាង ជាប់គុកច្រើនជាង ត្រូវគេវាយនឹងខ្សែតីច្រើនរាប់មិនអស់ ប្រឈមមុខនឹងសេចក្ដីស្លាប់ជាញឹកញាប់។
24
ខ្ញុំបានរង “សែសិបរំពាត់ខ្វះមួយ” ពីពួកយូដា ចំនួនប្រាំដង
25
ត្រូវគេវាយនឹងដំបងបីដង ត្រូវគេគប់ដុំថ្មសម្លាប់ម្ដង លិចសំពៅបីដង អណ្ដែតនៅក្នុងមហាសមុទ្រមួយថ្ងៃមួយយប់;
26
ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ;
27
ខ្ញុំធ្វើការនឿយហត់ទាំងលំបាក អត់ងងុយជាញឹកញាប់ ទាំងស្រេកទាំងឃ្លាន អត់អាហារជាញឹកញាប់ រងភាពរងា និងភាពអាក្រាត។
28
ក្រៅពីបញ្ហាខាងក្រៅទាំងនេះ មានសម្ពាធលើរូបខ្ញុំជារៀងរាល់ថ្ងៃ គឺកង្វល់ចំពោះក្រុមជំនុំទាំងអស់។
29
តើអ្នកណាខ្សោយ ហើយខ្ញុំមិនខ្សោយដែរ? តើអ្នកណាជំពប់ដួល ហើយខ្ញុំមិនឈឺឆ្អាល?
30
ប្រសិនបើត្រូវតែអួត ខ្ញុំសូមអួតពីភាពខ្សោយរបស់ខ្ញុំវិញ។
31
ព្រះដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូវ ជាព្រះដែលសមនឹងទទួលការលើកតម្កើងជារៀងរហូត ព្រះអង្គទ្រង់ជ្រាបថា ខ្ញុំមិនភូតភរទេ។
32
នៅដាម៉ាស់ អភិបាលរបស់ស្ដេចអើរេតាស បានចាំយាមក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ
33
ប៉ុន្តែខ្ញុំត្រូវគេសម្រូតចុះក្នុងកញ្ឆេតាមបង្អួចនៅកំពែងក្រុង ហើយបានគេចផុតពីកណ្ដាប់ដៃរបស់គាត់៕
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13