bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
1 Kings 13
1 Kings 13
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
2
អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ម្នាលអាសនាៗអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល នឹងមានបុត្រា១កើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ
3
អ្នកនោះក៏ប្រាប់ទីសំគាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសំគាល់ដែលព្រះយេហូវ៉ាបានមានបន្ទូលហើយ មើល អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ
4
កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន
5
អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសំគាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា
6
នោះស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ
7
ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
8
តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ
9
ដ្បិតព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថា កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវ ដែលឯងទៅនោះឡើយ
10
ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។
11
រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុក ពីគ្រប់ទាំងការ ដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ
12
ឯផ្លូវដែលអ្នកសំណប់របស់ព្រះ មកពីស្រុកយូដាបានទៅវិញ នោះកូនគាត់ក៏បានឃើញ ដូច្នេះគាត់សួរកូនថា តើអ្នកនោះបានចេញទៅតាមផ្លូវណា
13
រួចគាត់ប្រាប់កូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ
14
គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ
15
រួចគាត់និយាយថា សូមអញ្ជើញទៅពិសាអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន
16
តែអ្នកនោះឆ្លើយតបថា ខ្ញុំគ្មានច្បាប់នឹងត្រឡប់ទៅជាមួយនឹងអ្នក ឬចូលទៅក្នុងផ្ទះអ្នកឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹក ជាមួយនឹងអ្នកនៅស្រុកនេះដែរ
17
ពីព្រោះព្រះយេហូវ៉ាទ្រង់បានហាមថា មិនត្រូវឲ្យបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ
18
តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ
19
ដូច្នេះ អ្នកនោះក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង។
20
កាលអ្នកទាំង២កំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ហោរា ដែលបាននាំគាត់ត្រឡប់មកវិញ
21
ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម
22
គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុក ដែលអញបានហាមឯងថា កុំឲ្យបរិភោគភោជន៍ឡើយ នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរ នៃពួកឰយុកោឯងឡើយ
23
ក្រោយដែលបានបរិភោគរួចហើយ នោះគាត់ក៏ចងកែបលាឲ្យហោរាដែលបាននាំមកវិញ បានចេញទៅ
24
លុះកាលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហ១ តាមផ្លូវ សិង្ហក៏សំឡាប់គាត់ទៅ ហើយសពរបស់គាត់ដេកនៅកណ្តាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ
25
ហើយមើល មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្តាលផ្លូវ នឹងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
26
កាលដំណឹងបានឮទៅដល់ហោរា ដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ា ទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសំឡាប់បង់ តាមសេចក្ដីដែលទ្រង់មានបន្ទូលប្រាប់នោះ
27
រួចគាត់បង្គាប់ទៅកូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងឲ្យ
28
នោះគាត់ក៏ចេញទៅឃើញសពដេកនៅកណ្តាលផ្លូវ នឹងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ
29
ដូច្នេះ ហោរាចាស់ក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីនឹងកាន់ទុក្ខ ហើយបញ្ចុះសពនៃអ្នកសំណប់របស់ព្រះ
30
គាត់ក៏បញ្ចុះនៅក្នុងផ្នូររបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា ស្តាយណាស់ប្អូនអើយ
31
កាលក្រោយដែលបានបញ្ចុះរួចហើយ នោះគាត់ផ្តាំកូនថា កាលណាអញស្លាប់ទៅ ត្រូវឲ្យបញ្ចុះសពអញនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណប់របស់ព្រះនេះដែរ ចូរដាក់ឆ្អឹងអញនៅទន្ទឹមគ្នា
32
ពីព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនានៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន នោះនឹងកើតមកជាពិត។
33
ក្រោយការនោះមក យេរ៉ូបោមក៏នៅតែមិនព្រមបែរចេញ ពីផ្លូវអាក្រក់របស់ទ្រង់ឡើយ គឺទ្រង់ចេះតែយកមនុស្សពីបណ្តាជនទាំងឡាយ តាំងឡើងឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៀត ឯអ្នកណាដែលចង់ធ្វើជាសង្ឃ នោះទ្រង់ក៏ប្រោសតាំង ឲ្យអ្នកនោះធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៅ
34
ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22