bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Kings 1
1 Kings 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
1
គ្រានោះ ព្រះបាទដាវីឌមានជន្មាយុចាស់ជរាហើយ គេដណ្តប់សំពត់ថ្វាយទ្រង់ជាច្រើន តែទ្រង់មិនកក់ក្តៅសោះ។
2
ហេតុនោះបានជាពួកមហាតលិកទូលថា៖ «សូមឲ្យគេទៅរកស្រីក្រមុំម្នាក់ មកថ្វាយព្រះករុណាជាអម្ចាស់នៃទូលបង្គំ ឲ្យនាងនៅបម្រើទ្រង់ និងថែទាំទ្រង់ ហើយឲ្យនាងបានដេកឱបទ្រង់ ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្តៅ»។
3
ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំស្រស់ស្អាតម្នាក់ នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បានប្រទះឃើញនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច។
4
នាងនោះមានរូបឆោមស្រស់ល្អណាស់ នាងក៏នៅថែទាំបម្រើស្តេច តែស្ដេចមិនបានរួមរស់នឹងនាងទេ។
5
នៅពេលនោះ អ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីតក៏លើកខ្លួនឡើង ដោយពោលថា៖ «យើងនឹងធ្វើជាស្តេច» ទ្រង់បានត្រៀមរទេះចម្បាំង និងពួកពលសេះ ព្រមទាំងមនុស្សហាសិបនាក់ ឲ្យរត់នាំមុខទ្រង់។
6
បិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្ត ដោយសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ម្ដងណាឡើយ ហើយទ្រង់ក៏ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកបន្ទាប់ពីអាប់សាឡុម។
7
អ័ដូនីយ៉ាបានពិគ្រោះជាមួយយ៉ូអាប់ជាកូនសេរូយ៉ា និងអ័បៀថើរជាសង្ឃ ហើយគេទាំងពីរនាក់ក៏បានគាំទ្រអ័ដូនីយ៉ា។
8
ប៉ុន្តែ សាដុកជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ រេអ៊ី និងពួកអ្នកខ្លាំងពូកែរបស់ព្រះបាទដាវីឌ មិនបានចូលដៃជួយអ័ដូនីយ៉ាទេ។
9
អ័ដូនីយ៉ាបានសម្លាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេនរ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
10
តែទ្រង់មិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា និងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជរបស់ទ្រង់មកទេ។
11
ពេលនោះ ណាថាន់ក្រាបទូលដល់បាតសេបា ជាមាតាសាឡូម៉ូន ថា៖ «តើព្រះនាងមិនបានជ្រាបថា អ័ដូនីយ៉ាបុត្ររបស់ហាគីត បានឡើងសោយរាជ្យ ឥតជ្រាបដល់ដាវីឌ ជាអម្ចាស់នៃយើងរាល់គ្នាទេឬ?
12
ដូច្នេះ សូមព្រះនាងអញ្ជើញមក ទូលបង្គំសូមជួយគំនិតខ្លះ ដើម្បីឲ្យព្រះនាងបានរួចជីវិត និងជីវិតរបស់សាឡូម៉ូន ជាបុត្ររបស់ព្រះនាងដែរ។
13
សូមចូលទៅគាល់ព្រះបាទដាវីឌទូលថា "បពិត្រព្រះករុណាជាអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" ទេឬ? ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាឡើងសោយរាជ្យទៅវិញ"។
14
បន្ទាប់មក នៅពេលដែលព្រះនាងកំពុងតែទូលនឹងស្តេចនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយជួយបញ្ជាក់ពាក្យរបស់ព្រះនាងដែរ»។
15
បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម កំពុងតែបម្រើទ្រង់។
16
បាតសេបាបានឱនគោរពនៅចំពោះស្តេច រួចស្តេចមានរាជឱង្ការសួរថា៖ «តើមកមានការអ្វី?»
17
ព្រះនាងទូលឆ្លើយថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ ដោយនូវព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង"។
18
តែឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ តើព្រះករុណាជាអម្ចាស់ឥតបានជ្រាបទេឬ?
19
ទ្រង់បានសម្លាប់គោ ចៀម និងសត្វធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់របស់ព្រះករុណា ព្រមទាំងអ័បៀថើរជាសង្ឃ និងយ៉ូអាប់ជាមេទ័ពដែរ តែឯសាឡូម៉ូនជាអ្នកបម្រើរបស់ទ្រង់នោះ គេមិនបានហៅទៅទេ។
20
ដូច្នេះ ឱព្រះករុណាជាអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹងថា តើអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណាជាអម្ចាស់តពីទ្រង់ទៅ។
21
បើមិនដូច្នោះទេ កាលណាព្រះករុណា ជាព្រះអង្គម្ចាស់ផ្ទំលក់ជាមួយបុព្វបុរសរបស់ព្រះករុណាទៅ នោះខ្ញុំម្ចាស់ និងសាឡូម៉ូន ជាកូនរបស់ខ្ញុំម្ចាស់ នឹងត្រូវគេរាប់ថាជាអ្នកមានទោសមិនខាន»។
22
កាលព្រះនាងកំពុងតែទូលស្តេចនៅឡើយ នោះហោរាណាថាន់ក៏ចូលមកដល់។
23
មានគេទូលស្តេចថា៖ «បពិត្រព្រះរាជា ហោរាណាថាន់មកដល់ហើយ» ពេលលោកចូលមកគាល់ស្តេច លោកបានក្រាបផ្កាប់មុខដល់ដីនៅចំពោះស្ដេច
24
ទូលថា៖ «បពិត្រព្រះករុណា ជាព្រះអង្គម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានព្រះបន្ទូលថា "អ័ដូនីយ៉ានឹងត្រូវសោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" មែនឬ?
25
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសម្លាប់គោ ចៀម និងសត្វធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ពួកមេទ័ព និងសង្ឃអ័បៀថើរ ទៅចូលរួមផង។ ឥឡូវនេះ គេកំពុងតែជប់លៀងនៅចំពោះមុខលោក ទាំងពោលថា "សូមឲ្យព្រះបាទអ័ដូនីយ៉ាមានព្រះជន្មយឺនយូរ!"។
26
តែលោកមិនបានអញ្ជើញទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់ សង្ឃសាដុក បេណាយ៉ា កូនយេហូយ៉ាដា និងសាឡូម៉ូន ជាអ្នកបម្រើរបស់ទ្រង់ ទៅចូលរួមទេ។
27
តើព្រះករុណាជាអម្ចាស់នៃទូលបង្គំបានបង្គាប់ការនេះ ដោយឥតប្រាប់ឲ្យទូលបង្គំដឹងថា អ្នកណាដែលត្រូវអង្គុយលើបល្ល័ង្ករបស់ព្រះករុណាតពីទ្រង់ឬ?»។
28
ព្រះបាទដាវីឌមានរាជឱង្ការឆ្លើយថា៖ «ចូរហៅបាតសេបាមកនេះ» ព្រះនាងក៏ចូលមកគាល់ស្តេច។
29
រួចស្តេចមានរាជឱង្ការថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើងឲ្យរួចពីសេចក្ដីវេទនាគ្រប់យ៉ាង
30
ដូចដែលយើងបានស្បថនឹងនាង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" ដូច្នេះ យើងនឹងសម្រេចនៅថ្ងៃនេះ»។
31
ពេលនោះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា៖ «សូមឲ្យព្រះករុណាជាអម្ចាស់មានព្រះជន្មយឺនយូរជានិច្ចតទៅ»។
32
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរហៅសង្ឃសាដុក ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ» លោកទាំងនោះក៏ចូលមកគាល់ស្តេច
33
ស្ដេចមានរាជឱង្ការបង្គាប់ថា៖ «ចូរអ្នករាល់គ្នានាំពួកពលទ័ពរបស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្ររបស់យើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
34
ហើយត្រូវឲ្យសង្ឃសាដុក និងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា "សូមឲ្យព្រះបាទសាឡូម៉ូនមានព្រះជន្មយឺនយូរ!"។
35
ក្រោយមក អ្នករាល់គ្នាត្រូវដង្ហែឡើងមក ឲ្យអង្គុយលើបល្ល័ង្ករាជ្យរបស់យើង ដ្បិតវាត្រូវសោយរាជ្យជំនួសយើង គឺយើងនេះហើយ បានតម្រូវឲ្យវាធ្វើជាអ្នកនាំមុខពួកអ៊ីស្រាអែល និងពួកយូដា»។
36
បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ទូលឆ្លើយថា៖ «អាម៉ែន សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដ៏ជាម្ចាស់នៃទូលបង្គំ បានព្រមដូច្នេះដែរ
37
សូមឲ្យព្រះយេហូវ៉ាសណ្ឋិតនៅជាមួយសាឡូម៉ូន ដូចជាបានសណ្ឋិតនៅជាមួយព្រះករុណាជាម្ចាស់នៃទូលបង្គំ ហើយប្រោសឲ្យរាជ្យទ្រង់បានវិសេសជាងរាជ្យរបស់ព្រះករុណា ជាម្ចាស់នៃទូលបង្គំទៅទៀតផង»។
38
ដូច្នេះ សង្ឃសាដុក ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម និងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ព្រះបាទដាវីឌ នាំចុះទៅដល់គីហុន
39
ឯសង្ឃសាដុក លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែ ហើយប្រជាជនបន្លឺឡើងថា៖ «សូមឲ្យព្រះបាទសាឡូម៉ូនមានព្រះជន្មយឺនយូរ!»។
40
ប្រជាជនទាំងអស់បានដង្ហែស្ដេចឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្ដីត្រេកអររីករាយជាខ្លាំង សំឡេងសូរសព្ទអឺងកងរបស់គេ បានលាន់ឮខ្ទរផែនដី។
41
ឯអ័ដូនីយ៉ា និងពួកភ្ញៀវដែលនៅជាមួយ បានជប់លៀងរួចហើយ គេក៏បានឮដែរ។ ពេលយ៉ូអាប់បានឮសូរផ្លុំត្រែ នោះលោកសួរថា៖ «ហេតុអ្វីបានជាមានសូរអឺងកងនៅក្នុងទីក្រុងដូច្នេះ?»។
42
ខណៈដែលលោកកំពុងនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរ ដែលជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានរាជឱង្ការទៅគាត់ថា៖ «ចូរចូលមកចុះ ដ្បិតលោកជាមនុស្សក្លាហាន ហើយលោកច្បាស់ជានាំដំណឹងល្អមកមិនខាន»។
43
យ៉ូណាថានទូលតបទៅអ័ដូនីយ៉ាថា៖ «ព្រះបាទដាវីឌ ជាអម្ចាស់នៃយើងរាល់គ្នា ទ្រង់បានតាំងសាឡូម៉ូនឲ្យឡើងសោយរាជ្យធ្វើជាស្ដេចហើយ
44
ទ្រង់បានចាត់សង្ឃសាដុក ហោរាណាថាន់ បេណាយ៉ា ជាកូនយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមដែរ ឲ្យទៅបញ្ជិះសាឡូម៉ូនលើលាកាត់របស់ស្តេច
45
ហើយសង្ឃសាដុក និងហោរាណាថាន់ បានចាក់ប្រេងតាំងលោកជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ។
46
ឯសាឡូម៉ូនបានគង់លើបល្ល័ង្ករាជ្យហើយ។
47
មួយទៀត ពួកលោកជាជំនិតស្តេច បានមកចម្រើនពរដល់ព្រះបាទដាវីឌ ជាអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា "សូមឲ្យព្រះនៃទ្រង់តម្កើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត"។ ឯព្រះរាជាក៏ឱនកាយនៅលើព្រះបន្ទំ
48
ហើយមានរាជឱង្ការថា "សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានឲ្យមានម្នាក់ អង្គុយលើបល្ល័ង្ករបស់ទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញ"»។
49
បន្ទាប់មក ពួកភ្ញៀវរបស់អ័ដូនីយ៉ាមានសេចក្ដីតក់ស្លុតទាំងអស់គ្នា ក៏ក្រោកឡើងចេញទៅតាមផ្លូវរបស់គេរៀងខ្លួន។
50
អ័ដូនីយ៉ាក៏ភ័យខ្លាច ដោយព្រោះសាឡូម៉ូនដែរ ទ្រង់ក្រោកឡើងទៅចាប់កាន់ស្នែងអាសនា
51
មានគេទៅទូលសាឡូម៉ូនថា៖ «អ័ដូនីយ៉ាខ្លាចទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនា ដោយពោលថា "សូមឲ្យព្រះបាទសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសម្លាប់ទូលបង្គំដោយដាវឡើយ"»។
52
ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ប្រសិនបើគេប្រព្រឹត្តដូចជាមនុស្សគួរគោរព នោះសូម្បីសក់ក្បាលមួយសរសៃរបស់គេ ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែប្រសិនបើប្រទះឃើញមានអំពើទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់»។
53
ពេលនោះ ព្រះបាទសាឡូម៉ូនបានចាត់គេឲ្យទៅនាំចុះពីអាសនាមក នោះអ័ដូនីយ៉ាក៏មកក្រាបថ្វាយបង្គំព្រះបាទសាឡូម៉ូន រួចទ្រង់មានរាជឱង្ការថា៖ «ចូរទៅផ្ទះវិញចុះ»។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22