bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
1 Kings 20
1 Kings 20
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 21 →
1
គ្រានោះ បេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ព្រះអង្គមក មានស្តេចរងសាមសិបពីរអង្គនៅជាមួយទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
2
ទ្រង់ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ជាស្តេចអ៊ីស្រាអែលថា៖ «បេន-ហាដាដមានរាជឱង្ការដូច្នេះថា
3
មាស ប្រាក់របស់ឯងក្លាយជារបស់យើង ហើយប្រពន្ធកូនរបស់ឯង ដែលមានរូបល្អបំផុត ក៏ជារបស់យើងដែរ»។
4
ស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាម្ចាស់អើយ ដូចជាព្រះករុណាមានរាជឱង្ការមែន ខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន គឺជារបស់ព្រះករុណាហើយ»។
5
ពួករាជទូតក៏មកម្តងទៀត ទូលថា៖ «បេន-ហាដាដ ទ្រង់មានរាជឱង្ការម្តងហើយថា "យើងបានចាត់ទូតឲ្យមកឯងប្រាប់ថា អ្នកត្រូវប្រគល់មាស ប្រាក់ និងប្រពន្ធកូនឯងមកយើង
6
តែដល់ថ្ងៃស្អែកពេលថ្មើនេះ យើងនឹងចាត់ពួកយើងឲ្យមកជួបឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបម្រើឯង របស់ណាដែលត្រូវចិត្ត នោះគេនឹងយកទៅ"»។
7
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានរាជឱង្ការថា៖ «សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូតឲ្យមកទារយកប្រពន្ធកូន មាស និងប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ»។
8
ពួកចាស់ទុំ និងប្រជាជនទាំងឡាយទូលឆ្លើយថា៖ «សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ»។
9
ដូច្នេះ ទ្រង់ឆ្លើយប្រាប់ទៅពួករាជទូតរបស់បេន-ហាដាដថា៖ «ចូរទៅទូលស្តេចជាម្ចាស់យើងថា "គ្រប់សេចក្ដី ដែលទ្រង់បានចាត់មកបង្គាប់ឲ្យខ្ញុំធ្វើពីមុន ខ្ញុំយល់ព្រមធ្វើតាម តែសេចក្ដីក្រោយនេះ ខ្ញុំមិនអាចធ្វើបានទេ"»។ ពួករាជទូតក៏នាំពាក្យនោះទៅទូលដល់បេន-ហាដាដវិញ។
10
ព្រះបាទហេន-ហាដាដចាត់គេឲ្យមកទូលថា៖ «បើមានធូលីក្នុងក្រុងសាម៉ារីល្មមមួយក្បង់ដៃ សម្រាប់ពួកអ្នកដែលតាមយើងមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងយ៉ាងដូច្នេះ ហើយលើសទៅទៀតផង»។
11
ស្តេចអ៊ីស្រាអែលមានរាជឱង្ការឆ្លើយថា៖ «ចូរទៅប្រាប់បេន-ហាដាដវិញថា "កុំឲ្យអ្នកដែលកំពុងពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ"»។
12
បេន-ហាដាដបានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លាជាមួយពួកស្តេចរង ទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា៖ «ចូរត្រៀមខ្លួនប្រយុទ្ធ» គេក៏តម្រៀបគ្នារៀបច្បាំងវាយទីក្រុង។
13
ខណៈនោះ មានហោរាម្នាក់ចូលទៅគាល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើឃើញហ្វូងទ័ពធំនេះឬទេ? មើល៍! នៅថ្ងៃនេះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃឯងហើយ ឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
14
ព្រះបាទអ័ហាប់មានរាជឱង្ការសួរថា៖ «តើដោយសារអ្នកណា?» គាត់ទូលឆ្លើយថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន»។ ស្តេចក៏សួរទៀតថា៖ «តើអ្នកណាត្រូវនាំទ័ពទៅច្បាំង?» គាត់ទូលឆ្លើយថា៖ «គឺព្រះករុណា»។
15
បន្ទាប់មក ស្តេចក៏ចេញទៅត្រួតមើលពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន ឃើញមានគ្នាពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្តេចក៏ត្រួតមើលប្រជាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមានប្រាំពីរពាន់នាក់។
16
គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ពេលនោះ បេន-ហាដាដ និងពួកស្តេចរងទាំងសាមសិបពីរអង្គ ដែលមកជួយទ្រង់ កំពុងតែសោយស្រាស្រវឹងនៅក្នុងពន្លា
17
ហើយពួកពលទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាដក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ស្ដេចវិញថា៖ «មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ»។
18
ទ្រង់បង្គាប់ថា៖ «ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ ត្រូវតែចាប់គេមកទាំងរស់»។
19
ហេតុនោះ ពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន និងកងទ័ពដែលទៅតាមក្រោយក៏ចេញពីទីក្រុងទៅ។
20
គ្រប់គ្នាសម្លាប់ខ្មាំងសត្រូវដែលតនឹងខ្លួន។ ពួកស៊ីរីបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយពួកទ័ពសេះ។
21
ស្តេចអ៊ីស្រាអែលចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចម្បាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
22
បន្ទាប់មក ហោរានោះក៏ចូលទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «សូមទ្រង់ទៅចម្រើនកម្លាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត»។
23
ពួកជំនិតខាងស្តេចស៊ីរីទូលស្តេចរបស់ខ្លួនថា៖ «ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា។ ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ។
24
ត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ព្រះករុណាចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ
25
សូមលើកពលទ័ពឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នាច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកម្លាំងជាងគេ»។ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
26
ដល់ចូលឆ្នាំថ្មី បេន-ហាដាដក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល។
27
ពួកកូនចៅអ៊ីស្រាអែលក៏មានគេត្រួតត្រាមើល ហើយចែកស្បៀងអាហារឲ្យដែរ រួចគេចេញទៅទាស់នឹងពួកស៊ីរី ឯពួកកូនចៅអ៊ីស្រាអែល គេបោះទ័ពទល់មុខនឹងពួកស៊ីរី ដូចជាកូនពពែពីរហ្វូងយ៉ាងតូច តែពួកស៊ីរី គេនៅពេញពាសក្នុងស្រុកនោះ
28
គ្រានោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាយើងនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្ដាប់ដៃឯង ហើយឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
29
គេក៏បោះទ័ពប្រទល់មុខគ្នាអស់រយៈពេលប្រាំពីរថ្ងៃ ដល់ថ្ងៃទីប្រាំពី គេចូលតយុទ្ធគ្នា ក្នុងមួយថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលក៏សម្លាប់ពួកពលថ្មើរជើងរបស់សាសន៍ស៊ីរីអស់មួយសែននាក់។
30
ឯអ្នកដែលនៅសល់ គេរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់ទៀត។ ឯបេន-ហាដាដក៏រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
31
ពួកជំនិតទ្រង់ទូលថា៖ «យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណា»។
32
ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «បេន-ហាដាដជាអ្នកបម្រើរបស់ទ្រង់ទូលថា "សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង"»។ ស្តេចអ៊ីស្រាអែលសួរថា៖ «ដូច្នេះ តើលោកនៅរស់ឬ? លោកជាបងប្អូននឹងយើងដែរ»
33
អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា៖ «ហ្នឹងហើយបងប្អូនទ្រង់» រួចទ្រង់ប្រាប់គេថា៖ «ចូរទៅនាំលោកមក» ដូច្នេះ បេន-ហាដាដក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយទ្រង់។
34
បេន-ហាដាដទូលទ្រង់ថា៖ «អស់ទាំងទីក្រុងដែលបិតាទូលបង្គំបានរឹបយកពីបិតាទ្រង់ ទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ»។ ព្រះបាទអ័ហាប់តបថា៖ «ខ្ញុំនឹងឲ្យទៅលោកវិញ ដោយសេចក្ដីសញ្ញានេះ»។ ដូច្នេះ ស្ដេចក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
35
បន្ទាប់មក មានម្នាក់ជាសិស្ស ពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា៖ «សូមឲ្យវាយខ្ញុំចុះ» តែអ្នកនោះមិនព្រមវាយទេ។
36
គាត់ក៏ប្រាប់ថា៖ «ដោយព្រោះអ្នកមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា មើល៍! កាលណាអ្នកចេញពីខ្ញុំទៅ នឹងមានសិង្ហមកសម្លាប់អ្នក»។ ដូច្នេះ កាលអ្នកនោះបានចេញពីគាត់ទៅ ក៏មានសិង្ហមួយមកឃើញ ហើយសម្លាប់គាត់ទៅ។
37
បន្ទាប់មក គាត់ជួបម្នាក់ទៀត ប្រាប់ថា៖ «សូមអ្នកវាយខ្ញុំចុះ» អ្នកនោះក៏វាយគាត់ឲ្យមានរបួស។
38
នោះហោរាក៏ក្លែងខ្លួន ដោយយកសំពត់ឈ្នួតមកបិទភ្នែក រួចទៅនៅចាំស្តេចយាងមកតាមផ្លូវ។
39
កាលស្ដេចយាងមកតាមផ្លូវ គាត់ស្រែកទូលថា៖ «ទូលបង្គំបានចេញទៅឯកណ្ដាលទីចម្បាំង ហើយមើល៍ មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា "ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬឯងត្រូវសងយើងជាប្រាក់មួយហាប"។
40
ប៉ុន្តែ កាលទូលបង្គំកំពុងតែរវល់នេះផងនោះផង អ្នកនោះក៏បាត់ទៅ»។ ឯស្តេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «ទោសឯងត្រូវដូច្នោះហើយ គឺខ្លួនឯងបានកាត់សេចក្ដីនោះស្រាប់»។
41
គាត់ក៏ប្រញាប់នឹងបកសំពត់ពីភ្នែកចេញ រួចស្តេចអ៊ីស្រាអែលក៏ស្គាល់ថា ជាពួកហោរា។
42
គាត់ក៏ទូលដល់ស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះហើយថា ដោយព្រោះឯងបានលែងមនុស្សឲ្យរួចពីដៃឯង ដែលយើងបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយប្រជារាស្ត្រឯងជំនួសប្រជារាស្ត្រវា»។
43
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏យាងត្រឡប់ទៅឯដំណាក់នៅក្រុងសាម៉ារីវិញ ដោយអន់អាក់ថ្នាំងថ្នាក់ព្រះហឫទ័យ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22