bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 12
Luke 12
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
1
ពេលនោះ មានមនុស្សច្រើនកុះករបានផ្ដុំគ្នា រហូតដល់ជាន់គ្នា។ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គជាមុនថា៖ “ចូរអ្នករាល់គ្នាប្រយ័ត្នប្រយែងនឹងមេម្សៅ ដែលជាពុតត្បុតរបស់ពួកផារិស៊ី។
2
គ្មានអ្វីត្រូវបានគ្របបាំង ដែលមិនត្រូវបានសម្ដែងឲ្យឃើញឡើយ ហើយក៏គ្មានការសម្ងាត់អ្វីដែលមិនត្រូវបានដឹងនោះដែរ។
3
ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកក្នុងបន្ទប់សម្ងាត់ នោះនឹងបានប្រកាសនៅលើដំបូលផ្ទះវិញ។
4
“សម្លាញ់របស់ខ្ញុំអើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយបន្ទាប់ពីនោះមក មិនអាចធ្វើអ្វីទៀតបាននោះឡើយ។
5
ផ្ទុយទៅវិញ ខ្ញុំសូមបញ្ជាក់ដល់អ្នករាល់គ្នាថាគួរតែខ្លាចអ្នកណា គឺត្រូវខ្លាចព្រះអង្គដែលក្រោយពីសម្លាប់ហើយ មានសិទ្ធិអំណាចបោះទៅក្នុងស្ថាននរក។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះអង្គនេះចុះ។
6
តើគេមិនលក់ចាបប្រាំក្នុងតម្លៃពីរអាស្សារីយ៉ូន ទេឬ? ប៉ុន្តែនៅចំពោះព្រះ គ្មានចាបណាមួយត្រូវបានភ្លេចឡើយ។
7
រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។
8
“ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស កូនមនុស្សនឹងទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទូតសួគ៌របស់ព្រះដែរ។
9
រីឯអ្នកដែលបដិសេធខ្ញុំនៅមុខមនុស្ស អ្នកនោះនឹងត្រូវបានបដិសេធនៅមុខបណ្ដាទូតសួគ៌របស់ព្រះដែរ។
10
អស់អ្នកដែលពោលពាក្យទាស់នឹងកូនមនុស្ស នឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកដែលនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ នឹងមិនត្រូវបានលើកលែងទោសឡើយ។
11
កាលណាគេនាំអ្នករាល់គ្នាទៅសាលាប្រជុំ ឬនៅមុខមេគ្រប់គ្រង និងអាជ្ញាធរ កុំបារម្ភអំពីរបៀបដែលត្រូវឆ្លើយការពារខ្លួន ឬអ្វីដែលត្រូវនិយាយឡើយ
12
ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានូវសេចក្ដីដែលត្រូវនិយាយ នៅវេលានោះឯង”។
13
មានម្នាក់ក្នុងហ្វូងមនុស្សបានទូលព្រះយេស៊ូវថា៖ “លោកគ្រូ សូមប្រាប់បងប្រុស របស់ខ្ញុំឲ្យចែកមរតកដល់ខ្ញុំផង!”។
14
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “សម្លាញ់អើយ តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលលើពួកអ្នក?”។
15
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។
16
ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ “ស្រែចម្ការរបស់សេដ្ឋីម្នាក់បានផ្ដល់ផលច្រើនបរិបូរ។
17
សេដ្ឋីនោះក៏រិះគិតក្នុងចិត្តថា: ‘អញគ្មានកន្លែងដាក់ភោគផលរបស់អញទេ តើគួរធ្វើដូចម្ដេច?’
18
រួចគាត់ថា: ‘អញនឹងធ្វើបែបនេះ គឺអញនឹងរុះជង្រុករបស់អញចេញ ហើយសាងសង់ជង្រុកធំជាង រួចដាក់អស់ទាំងស្រូវ និងភោគទ្រព្យរបស់អញនៅទីនោះ។
19
បន្ទាប់មក អញនឹងប្រាប់ព្រលឹងរបស់អញថា: ព្រលឹងអើយ ឯងមានភោគទ្រព្យជាច្រើន ទុកសម្រាប់ច្រើនឆ្នាំទៅមុខទៀត ចូរនៅឲ្យស្រួល ស៊ីផឹក និងសប្បាយរីករាយទៅ!’។
20
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
21
“អ្នកដែលប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង តែមិនមែនជាអ្នកមាននៅចំពោះព្រះ ក៏ដូច្នោះដែរ”។
22
ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នក ថា ត្រូវហូបអ្វីឡើយ ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។
23
ដ្បិតជីវិតសំខាន់ជាងអាហារ ហើយរូបកាយក៏សំខាន់ជាងសម្លៀកបំពាក់ដែរ។
24
ចូរពិចារណាអំពីក្អែក វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្តែព្រះទ្រង់ចិញ្ចឹមពួកវា។ ចុះអ្នករាល់គ្នាវិញ តើមានតម្លៃលើសជាងបក្សាបក្សីអម្បាលម៉ានទៅទៀត!
25
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាអាចបន្ថែមមួយខណៈពេល លើអាយុជីវិតរបស់ខ្លួន ដោយការបារម្ភបាន?
26
ដូច្នេះ ប្រសិនបើអ្នកមិនអាចធ្វើការតូចបំផុតបានផង ចុះម្ដេចក៏បារម្ភអំពីការឯទៀតៗ?
27
“ចូរពិចារណាអំពីរបៀបដែលផ្កាលីលីលូតលាស់ចុះ។ វាមិនធ្វើការនឿយហត់ ហើយក៏មិនត្បាញរវៃដែរ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនដែលប្រកបដោយសិរីរុងរឿងដ៏ប្រសើរបំផុត ក៏មិនបានតែងកាយដូចផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង។
28
មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះទ្រង់តុបតែងស្មៅនៅតាមទីវាល ដែលមាននៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះទៅក្នុងឡភ្លើងយ៉ាងដូច្នេះទៅហើយ តើព្រះអង្គនឹងតុបតែងអ្នករាល់គ្នាឲ្យលើសជាងអម្បាលម៉ានទៅទៀត!
29
ដូច្នេះ កុំស្វែងរកអ្វីដែលអ្នករាល់គ្នាត្រូវហូប និងត្រូវផឹកឡើយ ហើយក៏កុំព្រួយបារម្ភដែរ។
30
ដ្បិតសាសន៍ដទៃក្នុងពិភពលោកនេះតែងតែខំស្វែងរករបស់ទាំងអស់នេះ ប៉ុន្តែព្រះបិតារបស់អ្នករាល់គ្នាបានជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងនេះ។
31
“ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះ ហើយរបស់ទាំងអស់នេះ នឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
32
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្រ របស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។
33
ចូរលក់អ្វីៗដែលអ្នករាល់គ្នាមាន ហើយចែកទានចុះ។ ចូររៀបចំថង់ប្រាក់ដែលមិនចេះពុកផុយ និងទ្រព្យសម្បត្តិដែលមិនចេះអស់ ទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរមកជិត ឬសត្វល្អិតស៊ីបំផ្លាញនោះឡើយ។
34
ជាការពិត ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ។
35
“ចូរក្រវាត់ចង្កេះរបស់អ្នករាល់គ្នាឲ្យរួចជាស្រេច ហើយឲ្យចង្កៀងនៅឆេះ
36
គឺដូចជាមនុស្សដែលកំពុងរង់ចាំចៅហ្វាយរបស់ខ្លួនត្រឡប់មកពីពិធីមង្គលការវិញ ដើម្បីបានបើកទ្វារជូនលោកភ្លាម កាលណាលោកមកដល់ ហើយគោះទ្វារ។
37
មានពរហើយ បាវបម្រើទាំងនោះដែលចៅហ្វាយឃើញពួកគេប្រុងស្មារតី នៅពេលលោកមកដល់។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងក្រវាត់ខ្លួន ហើយឲ្យពួកគេអង្គុយ រួចលោកនឹងមកបម្រើពួកគេវិញ។
38
ប្រសិនបើចៅហ្វាយមកវិញនៅយាមទីពីរ ឬយាមទីបី ហើយឃើញពួកគេធ្វើដូច្នោះ អ្នកទាំងនោះ មានពរហើយ។
39
យ៉ាងណាមិញ ចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅម៉ោងណា គាត់មុខជា មិនបណ្ដោយឲ្យវាគាស់ចូលផ្ទះរបស់ខ្លួនឡើយ។
40
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវតែប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកក្នុងពេលវេលាដែលអ្នករាល់គ្នាមិននឹកស្មានដល់”។
41
ពេលនោះ ពេត្រុសទូលសួរថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសម្រាប់យើងខ្ញុំ ឬសម្រាប់ទាំងអស់គ្នាដែរ?”។
42
ព្រះអម្ចាស់មានបន្ទូលថា៖ “ចុះតើនរណាជាមេការស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយនឹងតែងតាំងឲ្យត្រួតលើបាវបម្រើឯទៀតរបស់លោក ដើម្បីចែកអាហារតាមពេលកំណត់?
43
មានពរហើយ បាវបម្រើនោះដែលចៅហ្វាយឃើញគាត់កំពុងធ្វើដូច្នេះ នៅពេលលោកមកវិញ។
44
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតែងតាំងគាត់ឲ្យត្រួតលើអ្វីៗទាំងអស់ដែលលោកមាន។
45
ផ្ទុយទៅវិញ ប្រសិនបើបាវបម្រើនោះគិតក្នុងចិត្តថា: ‘ចៅហ្វាយរបស់អញក្រមកដល់’ រួចចាប់ផ្ដើមវាយបាវបម្រើទាំងប្រុសទាំងស្រី ព្រមទាំងស៊ីផឹកស្រវឹង
46
នោះចៅហ្វាយរបស់បាវបម្រើនោះនឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មានដល់ និងនៅម៉ោងដែលគាត់មិនដឹង ហើយដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរ ទាំងឲ្យគាត់មានចំណែកជាមួយពួកឥតជំនឿ។
47
បាវបម្រើនោះដែលបានដឹងបំណងរបស់ចៅហ្វាយ តែមិនបានត្រៀមខ្លួន ឬធ្វើតាមបំណងរបស់លោក អ្នកនោះនឹងត្រូវវាយយ៉ាងច្រើន។
48
រីឯអ្នកដែលមិនបានដឹង ហើយបានប្រព្រឹត្តសមនឹងការវាយ អ្នកនោះនឹងត្រូវវាយតិចទេ។ ដូច្នេះ អស់អ្នកដែលត្រូវបានប្រទានឲ្យច្រើន នឹងត្រូវបានទាមទារច្រើនពីអ្នកនោះ ហើយអ្នកដែលត្រូវបានផ្ទុកផ្ដាក់ឲ្យច្រើន អ្នកនោះនឹងត្រូវបានទាមទាររឹតតែច្រើនទៅទៀត។
49
“ខ្ញុំមកដើម្បីបោះភ្លើងទៅលើផែនដី ហើយខ្ញុំចង់ខ្លាំងណាស់ហ្ន៎ ឲ្យភ្លើងនោះបានឆេះរួចហើយ!
50
ប៉ុន្តែខ្ញុំមានពិធីជ្រមុជទឹកមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំឈឺចាប់ណាស់ហ្ន៎ ទម្រាំតែការនោះបានសម្រេច!
51
តើអ្នករាល់គ្នាគិតថា ខ្ញុំបានមកដើម្បីផ្ដល់សេចក្ដីសុខសាន្តដល់ផែនដីឬ? ទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមកដើម្បីផ្ដល់ការបាក់បែកវិញ។
52
ចាប់ពីឥឡូវនេះទៅ ប្រាំនាក់ក្នុងគ្រួសារមួយនឹងបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។
53
ពួកគេនឹងបាក់បែកគ្នា គឺឪពុកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក; ម្ដាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្ដាយ; ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីក៏ទាស់នឹងម្ដាយក្មេកដែរ ”។
54
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សទៀតថា៖ “កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច អ្នករាល់គ្នានិយាយភ្លាមថា: ‘រកភ្លៀងហើយ’ ហើយក៏កើតឡើងដូច្នោះមែន។
55
កាលណាខ្យល់ទិសខាងត្បូងបក់មក អ្នករាល់គ្នានិយាយថា: ‘ថ្ងៃនេះ មុខជាក្ដៅ’ ហើយក៏កើតឡើងមែន។
56
ពួកមនុស្សមានពុតអើយ! អ្នករាល់គ្នាចេះសម្គាល់សណ្ឋាននៃផែនដី និងផ្ទៃមេឃ ចុះម្ដេចក៏មិនចេះ សម្គាល់សម័យនេះ?
57
“ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯងថាអ្វីជាសេចក្ដីសុចរិត?
58
កាលណាអ្នកជាមួយគូវិវាទរបស់អ្នក ចេញទៅជួបមេគ្រប់គ្រង ចូរខិតខំព្យាយាមផ្សះផ្សានឹងគូវិវាទនោះ ខណៈដែលនៅតាមផ្លូវនៅឡើយ ក្រែងលោអ្នកនោះអូសអ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅឆ្មាំគុក ហើយឆ្មាំគុកនឹងដាក់គុកអ្នក។
59
ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ រហូតទាល់តែអ្នកបានសងអស់ ទោះជាមួយឡិបតា ចុងក្រោយ”៕
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Luke Commentaries
→
Devotional
Luke Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→