bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 13
Mark 13
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
1
នៅពេលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារ ម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “លោកគ្រូ មើល៍! ថ្មទាំងនេះអស្ចារ្យម្ល៉េះ អគារទាំងនេះអស្ចារ្យម្ល៉េះ!”។
2
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “តើអ្នកឃើញអគារធំៗទាំងនេះឬទេ? នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
3
ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ។ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖
4
“សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងអស់នេះរៀបនឹងសម្រេច?”។
5
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេថា៖ “ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។
6
មានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
7
កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម កុំភ័យស្លន់ស្លោឡើយ។ ការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។
8
ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានរញ្ជួយផែនដី និងទុរ្ភិក្ស ។ ទាំងអស់នេះជាការចាប់ផ្ដើមនៃការឈឺពោះឆ្លងទន្លេ។
9
“ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន។ គេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយអ្នករាល់គ្នានឹងត្រូវគេវាយក្នុងសាលាប្រជុំ។ ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវឈរនៅមុខបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ។
10
ប៉ុន្តែដំណឹងល្អត្រូវតែបានប្រកាសដល់ប្រជាជាតិទាំងអស់ជាមុនសិន។
11
កាលណាគេនាំអ្នករាល់គ្នាទៅប្រគល់ឲ្យពួកគេ កុំបារម្ភជាមុន អំពីអ្វីដែលត្រូវនិយាយឡើយ។ អ្វីក៏ដោយដែលប្រទានមកអ្នករាល់គ្នានៅពេលនោះ ចូរនិយាយសេចក្ដីនោះចុះ ដ្បិតមិនមែនជាអ្នករាល់គ្នាទេដែលនិយាយ គឺជាព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
12
បងប្អូននឹងប្រគល់បងប្អូនឲ្យទៅស្លាប់ ឪពុកនឹងប្រគល់កូនឲ្យទៅស្លាប់ រីឯកូនៗនឹងក្រោកឡើងប្រឆាំងនឹងឪពុកម្ដាយ ហើយធ្វើឲ្យពួកគាត់ត្រូវគេសម្លាប់។
13
អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
14
“កាលណាអ្នករាល់គ្នាឃើញ ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស ’ ឈរនៅកន្លែងដែលមិនគួរឈរ ——ចូរឲ្យអ្នកអានយល់ចុះ—— ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ។
15
កុំឲ្យអ្នកដែលនៅលើដំបូលផ្ទះចុះមក ឬចូលទៅយកអ្វីពីផ្ទះរបស់ខ្លួនឡើយ
16
រីឯអ្នកដែលនៅស្រែចម្ការក៏កុំឲ្យត្រឡប់មកវិញ យកសម្លៀកបំពាក់របស់ខ្លួនដែរ។
17
នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន។
18
ចូរអ្នករាល់គ្នាអធិស្ឋាន ដើម្បីកុំឲ្យការនេះ កើតឡើងនៅរដូវរងាឡើយ
19
ដ្បិតនៅគ្រានោះនឹងមានទុក្ខវេទនា ដែលតាំងពីដើមដំបូងដែលព្រះបាននិម្មិតបង្កើតពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងបែបនេះទេ ហើយក៏មិនកើតឡើងទៀតដែរ។
20
ប្រសិនបើព្រះអម្ចាស់មិនបន្ថយថ្ងៃទាំងនោះទេ គ្មានមនុស្សណាម្នាក់ បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំងដែលព្រះអង្គបានជ្រើសរើស ព្រះអង្គបានបន្ថយថ្ងៃទាំងនោះហើយ។
21
“ពេលនោះ ប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះគ្រីស្ទនៅទីនេះ’ ឬថា: ‘មើល៍! ព្រះអង្គនៅទីនោះ’ កុំជឿឡើយ។
22
ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យ ដើម្បីនាំអ្នកដែលត្រូវបានជ្រើសតាំងឲ្យវង្វេង ប្រសិនបើអាច។
23
ដូច្នេះ ចូរប្រុងប្រយ័ត្ន! ខ្ញុំប្រាប់អ្នករាល់គ្នាទុកមុនសព្វគ្រប់ហើយ។
24
“នៅគ្រានោះ ក្រោយពីទុក្ខវេទនានោះ ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ
25
ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
26
ពេលនោះ គេនឹងឃើញកូនមនុស្សមកក្នុងពពក ប្រកបដោយព្រះចេស្ដាដ៏មហិមា និងសិរីរុងរឿង។
27
លោកនឹងចាត់បណ្ដាទូតសួគ៌ឲ្យទៅប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីចុងបំផុតនៃផែនដីដល់ចុងបំផុតនៃផ្ទៃមេឃ។
28
“ចូររៀនពាក្យឧបមានេះពីដើមល្វាចុះ: កាលណាមែករបស់វាត្រឡប់ជាទន់ ហើយលាស់ស្លឹក អ្នករាល់គ្នាដឹងថាជិតដល់រដូវក្ដៅហើយ។
29
អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថាកូនមនុស្ស នៅជិតហើយ គឺនៅមាត់ទ្វារ។
30
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។
31
ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។
32
“ចំពោះថ្ងៃ ឬម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៅស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។
33
ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ន ប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាពេលកំណត់ជាពេលណាទេ
34
គឺដូចជាអ្នកដំណើរម្នាក់ចាកចេញពីផ្ទះ ហើយប្រគល់សិទ្ធិអំណាច និងការងារដល់ពួកបាវបម្រើរបស់គាត់រៀងៗខ្លួន ព្រមទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតីផង។
35
ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាទេ គឺមិនដឹងថាពេលល្ងាច ឬពេលកណ្ដាលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រឹកព្រលឹមឡើយ
36
ក្រែងលោស្រាប់តែគាត់មកវិញ ឃើញអ្នករាល់គ្នាកំពុងដេកលក់។
37
អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សទាំងអស់ដែរថា: ចូរប្រុងស្មារតីចុះ!”៕
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16