bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 8
Mark 8
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
1
នៅគ្រានោះ មានហ្វូងមនុស្សមួយក្រុមធំម្ដងទៀត ពួកគេគ្មានអ្វីហូបឡើយ។ ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖
2
“ខ្ញុំអាណិតហ្វូងមនុស្សនេះ ពីព្រោះពួកគេនៅជាមួយខ្ញុំបីថ្ងៃហើយ គ្មានអ្វីហូបសោះ។
3
បើសិនខ្ញុំឲ្យពួកគេទៅផ្ទះវិញទាំងឃ្លាន ពួកគេនឹងសន្លប់តាមផ្លូវ ពីព្រោះអ្នកខ្លះបានមកពីឆ្ងាយ”។
4
ពួកសិស្សទូលតបថា៖ “នៅទីរហោស្ថានដូច្នេះ តើអាចយកនំប៉័ងមកពីណា ដើម្បីចម្អែតមនុស្សទាំងនេះបាន?”។
5
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖ “តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?”។ ពួកគេទូលឆ្លើយថា៖ “មានប្រាំពីរ”។
6
ព្រះអង្គក៏បង្គាប់ហ្វូងមនុស្សឲ្យអង្គុយនៅលើដី។ នៅពេលយកនំប៉័ងប្រាំពីរ ព្រះអង្គក៏អរព្រះគុណ ហើយកាច់នំប៉័ងទាំងនោះ រួចប្រទានដល់ពួកសិស្សដើម្បីឲ្យពួកគេចែក ពួកគេក៏ចែកឲ្យហ្វូងមនុស្ស។
7
ពួកគេមានត្រីតូចៗខ្លះដែរ ដូច្នេះព្រះអង្គក៏ប្រទានពរ ហើយប្រាប់ពួកគេឲ្យចែកត្រីទាំងនោះដែរ។
8
ពួកគេបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានប្រាំពីរកញ្ឆេ។
9
នៅទីនោះ មានមនុស្សប្រមាណបួនពាន់នាក់ ។ ព្រះអង្គទ្រង់ឲ្យពួកគេទៅវិញ
10
រួចក៏ជិះទូកជាមួយពួកសិស្សភ្លាម ហើយទៅដល់តំបន់ដាលម៉ានូថា ។
11
មានពួកផារិស៊ីចេញមក ហើយចាប់ផ្ដើមប្រកែកនឹងព្រះយេស៊ូវ ដោយទាមទារពីព្រះអង្គនូវទីសម្គាល់មួយពីលើមេឃ ដើម្បីល្បងលព្រះអង្គ។
12
ព្រះយេស៊ូវទ្រង់ដកដង្ហើមធំយ៉ាងវែងក្នុងវិញ្ញាណរបស់ព្រះអង្គ ហើយមានបន្ទូលថា៖ “ហេតុអ្វីបានជាជំនាន់នេះទាមទារទីសម្គាល់ដូច្នេះ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទីសម្គាល់នឹងមិនប្រទានឲ្យជំនាន់នេះឡើយ”។
13
ព្រះអង្គក៏យាងចាកចេញពីពួកគេ រួចជិះទូកវិញ ឆ្លងទៅត្រើយម្ខាង។
14
ពួកសិស្សភ្លេចយកនំប៉័ងមក ដូច្នេះក្រៅពីនំប៉័ងមួយ ពួកគេគ្មានអ្វីសោះនៅលើទូក។
15
ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖ “ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
16
ពួកសិស្សក៏ជជែកគ្នា ដោយសារគ្មាននំប៉័ង។
17
ព្រះយេស៊ូវបានជ្រាប ក៏សួរពួកគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាជជែកថាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាមិនទាន់ភ្លឺ ហើយមិនទាន់យល់ទេឬ? តើចិត្តរបស់អ្នករាល់គ្នានៅតែរឹងរូសឬ?
18
អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮទេឬ? អ្នករាល់គ្នាមិនចាំទេឬ?
19
នៅពេលខ្ញុំកាច់នំប៉័ងប្រាំឲ្យប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលបំណែកនំប៉័ងបានពេញប៉ុន្មានកន្ត្រក?”។ ពួកគេទូលឆ្លើយថា៖ “ដប់ពីរកន្ត្រក”។
20
“ចុះពេលកាច់នំប៉័ងប្រាំពីរឲ្យបួនពាន់នាក់វិញ តើអ្នករាល់គ្នាប្រមូលបំណែកនំប៉័ងបានពេញប៉ុន្មានកញ្ឆេ?”។ ពួកគេទូលឆ្លើយថា៖ “ប្រាំពីរកញ្ឆេ”។
21
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “អ្នករាល់គ្នាមិនទាន់យល់ទេឬ?”។
22
នៅពេលពួកគេមកដល់បេតសៃដា មានគេនាំបុរសខ្វាក់ភ្នែកម្នាក់មក ហើយទូលអង្វរព្រះអង្គឲ្យពាល់គាត់។
23
ព្រះយេស៊ូវទ្រង់ដឹកដៃបុរសខ្វាក់ភ្នែកនោះ នាំចេញទៅខាងក្រៅភូមិ។ នៅពេលស្ដោះទឹកព្រះឱស្ឋដាក់ភ្នែកទាំងពីររបស់បុរសនោះ និងដាក់ព្រះហស្តទាំងពីរលើគាត់ហើយ ព្រះអង្គក៏សួរគាត់ថា៖ “តើអ្នកមើលឃើញអ្វីទេ?”។
24
គាត់សម្លឹងមើល ហើយទូលថា៖ “ខ្ញុំឃើញមនុស្ស គឺមើលទៅដូចជាដើមឈើកំពុងដើរ”។
25
បន្ទាប់មក ព្រះអង្គដាក់ព្រះហស្តលើភ្នែករបស់គាត់ម្ដងទៀត បុរសនោះក៏មើលឃើញច្បាស់។ ភ្នែករបស់គាត់បានដូចដើមវិញ គឺឃើញច្បាស់ទាំងអស់។
26
ព្រះយេស៊ូវទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងមានបន្ទូលថា៖ “កុំចូលក្នុងភូមិឡើយ ”។
27
ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ បានចេញទៅភូមិនានានៅសេសារា-ភីលីព។ នៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖ “តើគេនិយាយថាខ្ញុំជានរណា?”។
28
ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាម្នាក់ក្នុងបណ្ដាព្យាការី”។
29
ព្រះអង្គទ្រង់សួរពួកគេទៀតថា៖ “ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ ពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទ!”។
30
ព្រះអង្គក៏ហាមពួកគេមិនឲ្យប្រាប់អ្នកណាអំពីព្រះអង្គឡើយ។
31
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀនពួកគេថា៖ “កូនមនុស្សត្រូវតែរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបដិសេធ រួចត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ”។
32
ព្រះអង្គមានបន្ទូលអំពីការនេះយ៉ាងច្បាស់លាស់។ ពេត្រុសក៏នាំព្រះអង្គមកក្បែរ ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។
33
ប៉ុន្តែព្រះអង្គទ្រង់បែរមកមើលពួកសិស្ស ហើយស្ដីឲ្យពេត្រុសថា៖ “សាតាំងអើយ ថយទៅក្រោយខ្ញុំទៅ! ដ្បិតអ្នកមិនគិតរឿងរបស់ព្រះទេ គឺគិតរឿងរបស់មនុស្សវិញ”។
34
បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្ស ព្រមទាំងពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលនឹងពួកគេថា៖ “ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
35
ដ្បិតអ្នកណាក៏ដោយដែលចង់រក្សា ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ។
36
ជាការពិត ការដែលមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹង របស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ?
37
តើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
38
ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ នៅជំនាន់នេះដែលផិតក្បត់ និងពេញដោយបាប កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកជាមួយបណ្ដាទូតសួគ៌ដ៏វិសុទ្ធ ទាំងប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់លោក”៕
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16