bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 5
Mark 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
1
ព្រះយេស៊ូវ និងពួកសិស្សមកដល់ត្រើយម្ខាងបឹង គឺដល់តំបន់របស់ជនជាតិគេរ៉ាស៊ីន ។
2
នៅពេលព្រះយេស៊ូវយាងឡើងពីទូក ស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ចេញពីរូងផ្នូរមកជួបព្រះអង្គ។
3
បុរសនោះស្នាក់នៅតាមរូងផ្នូរ គ្មានអ្នកណាអាចចងគាត់បានទៀតឡើយ សូម្បីតែជាមួយនឹងច្រវាក់ក៏ដោយ។
4
គាត់ត្រូវគេដាក់ខ្នោះ និងច្រវាក់ជាញឹកញាប់ ប៉ុន្តែគាត់បានផ្ដាច់ច្រវាក់ និងបំបាក់ខ្នោះ។ គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។
5
គាត់តែងតែស្រែកជានិច្ចនៅតាមរូងផ្នូរ និងភ្នំ ទាំងយប់ទាំងថ្ងៃ ព្រមទាំងឆូតខ្លួនដោយថ្មផង។
6
នៅពេលឃើញព្រះយេស៊ូវពីចម្ងាយ គាត់ក៏រត់មកថ្វាយបង្គំព្រះអង្គ
7
ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
8
ដ្បិតព្រះអង្គមានបន្ទូលនឹងវាថា៖ “វិញ្ញាណអសោច! ចេញពីអ្នកនេះទៅ!”។
9
ព្រះអង្គទ្រង់សួរវាថា៖ “តើឯងឈ្មោះអ្វី?”។ វាទូលឆ្លើយថា៖ “ទូលបង្គំឈ្មោះកងទ័ព ពីព្រោះយើងខ្ញុំមានគ្នាច្រើន”។
10
វាក៏ទទូចអង្វរព្រះអង្គ កុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីតំបន់នោះឡើយ។
11
នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមភ្នំ។
12
វិញ្ញាណអសោចទាំងនោះ ទូលអង្វរព្រះអង្គថា៖ “សូមបញ្ជូនយើងខ្ញុំទៅក្នុងជ្រូកទាំងនោះទៅ ដើម្បីឲ្យយើងខ្ញុំបានចូលក្នុងពួកវា”។
13
ព្រះយេស៊ូវអនុញ្ញាតឲ្យពួកវា ។ វិញ្ញាណអសោចទាំងនោះក៏ចេញទៅចូលក្នុងជ្រូក។ ហ្វូងជ្រូកប្រមាណពីរពាន់ក្បាលនោះ បានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់ក្នុងបឹងនោះអស់ទៅ។
14
ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយប្រាប់រឿងនេះនៅក្នុងទីក្រុង និងនៅតាមភូមិ។ គេក៏នាំគ្នាមក មើលអ្វីដែលបានកើតឡើង។
15
ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសអារក្សចូល គឺម្នាក់ដែលធ្លាប់មាន “កងទ័ព” ចូលនោះ កំពុងអង្គុយដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។
16
ពួកអ្នកដែលឃើញក៏រៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលបានកើតឡើងដល់បុរសអារក្សចូល និងអំពីជ្រូកទាំងនោះ។
17
ពួកគេចាប់ផ្ដើមទូលអង្វរព្រះអង្គឲ្យចាកចេញពីតំបន់របស់ពួកគេ។
18
នៅពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលមានអារក្សចូលពីមុនក៏ទូលអង្វរព្រះអង្គឲ្យគាត់បាននៅជាមួយព្រះអង្គ។
19
ប៉ុន្តែព្រះអង្គមិនអនុញ្ញាតទេ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “ចូរទៅផ្ទះវិញ ទៅរកជនរួមជាតិរបស់អ្នកចុះ ហើយប្រាប់ពួកគេថាព្រះអម្ចាស់បានធ្វើយ៉ាងណាដល់អ្នក និងថាព្រះអង្គទ្រង់មេត្តាយ៉ាងណាដល់អ្នក”។
20
គាត់ក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសនៅដេកាប៉ូលីថា ព្រះយេស៊ូវបានធ្វើយ៉ាងណាដល់គាត់។ មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល។
21
ព្រះយេស៊ូវទ្រង់ជិះទូកឆ្លងទៅត្រើយម្ខាងវិញ។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ហើយព្រះអង្គក៏គង់នៅមាត់បឹង។
22
ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ
23
ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
24
ដូច្នេះ ព្រះអង្គក៏យាងទៅជាមួយគាត់។ មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។
25
មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។
26
នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលរបស់គ្រូពេទ្យជាច្រើន ទាំងចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្តែគ្មានប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។
27
នៅពេលឮអំពីព្រះយេស៊ូវ នាងក៏មកពីខាងក្រោយព្រះអង្គក្នុងហ្វូងមនុស្ស ហើយពាល់ព្រះពស្ត្ររបស់ព្រះអង្គ។
28
ដ្បិតនាងគិតថា៖ “បើសិនខ្ញុំបានពាល់ត្រឹមតែអាវវែងរបស់លោក ខ្ញុំនឹងបានជាសះស្បើយ”។
29
ភ្លាមនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់ ហើយនាងក៏ដឹងក្នុងខ្លួនថា នាងត្រូវបានប្រោសឲ្យជាពីការឈឺចុកចាប់នោះហើយ។
30
ព្រះយេស៊ូវទ្រង់ជ្រាបក្នុងអង្គទ្រង់ភ្លាមថា ព្រះចេស្ដាបានចេញពីព្រះអង្គ ព្រះអង្គក៏ងាកនៅក្នុងហ្វូងមនុស្ស ហើយមានបន្ទូលថា៖ “នរណាពាល់អាវខ្ញុំ?”។
31
ពួកសិស្សទូលព្រះអង្គថា៖ “លោកឃើញហ្វូងមនុស្សប្រជ្រៀតលោកហើយ ម្ដេចក៏សួរថា: ‘នរណាពាល់ខ្ញុំ?’”។
32
ប៉ុន្តែព្រះអង្គទតមើលជុំវិញ ដើម្បីឲ្យឃើញអ្នកដែលធ្វើការនេះ។
33
ស្ត្រីនោះដឹងអ្វីដែលបានកើតឡើងដល់ខ្លួននាង ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅមុខព្រះអង្គ ទូលការពិតទាំងស្រុងដល់ព្រះអង្គ។
34
ព្រះអង្គមានបន្ទូលនឹងនាងថា៖ “កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
35
ខណៈដែលព្រះអង្គកំពុងមានបន្ទូលនៅឡើយ មានគេមកពីផ្ទះអ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា៖ “កូនស្រីរបស់លោកស្លាប់ហើយ លោកនៅតែរំខានលោកគ្រូធ្វើអីទៀត?”។
36
ប៉ុន្តែព្រះយេស៊ូវទ្រង់មិនអើពើនឹងស្ដាប់ពាក្យដែលគេនិយាយទេ ក៏មានបន្ទូលនឹងអ្នកគ្រប់គ្រងសាលាប្រជុំថា៖ “កុំខ្លាចឡើយ! ចូរគ្រាន់តែជឿប៉ុណ្ណោះ”។
37
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុស របស់យ៉ាកុបប៉ុណ្ណោះ។
38
នៅពេលពួកគេមកដល់ផ្ទះរបស់អ្នកគ្រប់គ្រងសាលាប្រជុំ ព្រះអង្គទតឃើញភាពវឹកវរ មានគេទ្រហោយំ និងស្រែកយ៉ាងខ្លាំង។
39
ព្រះអង្គក៏យាងចូលទៅ មានបន្ទូលនឹងពួកគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាវឹកវរ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។
40
ពួកគេក៏សើចចំអកដាក់ព្រះអង្គ។ ព្រះអង្គទ្រង់ឲ្យពួកគេទាំងអស់គ្នាចេញ ហើយនាំឪពុកម្ដាយរបស់ក្មេង និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងដែលក្មេងនោះនៅ ។
41
ព្រះអង្គកាន់ដៃក្មេងនោះ ហើយមានបន្ទូលនឹងនាងថា៖ “តាលីថាគូម! ” ដែលមានអត្ថន័យប្រែថា “ក្មេងស្រីអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”។
42
ក្មេងស្រីនោះក៏ក្រោកឡើងភ្លាម ចាប់ផ្ដើមដើរទៅដើរមក ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ ភ្លាមនោះ ពួកគេភ្ញាក់ផ្អើល ហើយងឿងឆ្ងល់យ៉ាងខ្លាំង។
43
ព្រះយេស៊ូវទ្រង់ហាមពួកគេយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកណាដឹងរឿងនេះឡើយ រួចព្រះអង្គមានបន្ទូលឲ្យគេឲ្យអាហារនាងហូប៕
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16