bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 16
2 Kings 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 17 →
1
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាសជាបុត្ររបស់ព្រះបាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។
2
កាលព្រះបាទអហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដូចព្រះបាទដាវីឌជាអយ្យកោឡើយ
3
ប៉ុន្តែ ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានានៅស្រុកអ៊ីស្រាអែល គឺស្ដេចហ៊ានរហូតដល់យកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែល ព្រះអម្ចាស់ បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
4
ស្ដេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
5
ពេលនោះ ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី និងព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធព្រះបាទអហាស តែមិនអាចយកជ័យជំនះបានទេ។
6
នៅគ្រាដដែលនោះ ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី ដណ្ដើមយកក្រុងអេឡាតបានវិញ រួចបណ្ដេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាតរហូតដល់សព្វថ្ងៃ។
7
ព្រះបាទអហាសចាត់អ្នកនាំសារអោយទៅទូលព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីថា៖ «ទូលបង្គំជាអ្នកបំរើ និងជាកូនចៅរបស់ព្រះករុណា សូមព្រះករុណាយាងមករំដោះទូលបង្គំ អោយរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី និងស្ដេចស្រុកអ៊ីស្រាអែល ដែលលើកគ្នាមកវាយទូលបង្គំផង»។
8
ព្រះបាទអហាសយកមាស ប្រាក់ ដែលមានក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងរាជ្យទ្រព្យ ផ្ញើទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
9
ស្ដេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ព្រះបាទអហាស។ ស្ដេចយាងទៅវាយក្រុងដាម៉ាសដណ្ដើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងធ្វើគុតព្រះបាទរេស៊ីនទៀតផង។
10
ព្រះបាទអហាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីនៅក្រុងដាម៉ាស។ ស្ដេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្ដេចក៏ផ្ញើគំរូ និងគំរោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា។
11
លោកបូជាចារ្យអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលព្រះបាទអហាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអហាសយាងមកពីក្រុងដាម៉ាសវិញ។
12
កាលស្ដេចយាងត្រឡប់មកវិញ ទតឃើញអាសនៈនោះ ទ្រង់ក៏យាងឡើងទៅអាសនៈ
13
រួចថ្វាយតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្ដេចថ្វាយជាយញ្ញបូជាមេត្រីភាពផង។
14
រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ ព្រះអម្ចាស់ ស្ដេចអោយគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ ព្រះអម្ចាស់ យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
15
ព្រះបាទអហាសចេញបញ្ជាដល់លោកបូជាចារ្យអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវថ្វាយតង្វាយដុតទាំងមូលនៅពេលព្រឹក និងតង្វាយម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់ស្ដេច ព្រមទាំងតង្វាយដុតទាំងមូលរបស់ប្រជារាស្ត្រ រួមជាមួយតង្វាយម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជានៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញទុកអោយយើងចាត់ចែងចុះ»។
16
លោកបូជាចារ្យអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះបាទអហាស។
17
ព្រះបាទអហាសបានកំទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិនចុះមកដាក់លើឥដ្ឋវិញ។
18
ព្រះបាទអហាសបានរើថែវសប្ប័ទ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ចេញ ដើម្បីផ្គាប់ព្រះហឫទ័យស្ដេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងព្រះដំណាក់ និងថែវច្រកចូលរបស់ស្ដេចដែលនៅខាងក្រៅ។
19
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
20
ព្រះបាទអហាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទហេសេគា ជាបុត្រឡើងស្នងរាជ្យ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25