bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 18
John 18
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
1
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវយាងចេញទៅខាងនាយជ្រោះកេដ្រុនជាមួយពួកសិស្សរបស់ព្រះអង្គ។ នៅទីនោះមានសួនមួយ ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួននោះ។
2
រីឯយូដាសដែលក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវបានជួបជុំជាមួយពួកសិស្សនៅទីនោះជាញឹកញាប់។
3
ដូច្នេះ យូដាសក៏យកកងទាហាននិងពួកតម្រួត ពីពួកនាយកបូជាចារ្យនិងពួកផារិស៊ី ទៅទីនោះ មានទាំងគោម ចន្លុះ និងអាវុធ។
4
ព្រះយេស៊ូវបានជ្រាបអ្វីៗទាំងអស់ដែលនឹងកើតឡើងដល់ព្រះអង្គហើយ ព្រះអង្គក៏យាងចេញទៅ ហើយមានបន្ទូលនឹងពួកគេថា៖ “តើអ្នករាល់គ្នារកនរណា?”។
5
ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។ ព្រះអង្គមានបន្ទូលថា៖ “គឺខ្ញុំហ្នឹងហើយ”។ រីឯយូដាសដែលក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។
6
នៅពេលព្រះអង្គមានបន្ទូលថា: “គឺខ្ញុំហ្នឹងហើយ” ពួកគេបានថយទៅក្រោយ ហើយដួលទៅលើដី។
7
ព្រះអង្គទ្រង់សួរពួកគេម្ដងទៀតថា៖ “តើអ្នករាល់គ្នារកនរណា?”។ ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។
8
ព្រះយេស៊ូវទ្រង់តបថា៖ “ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំហ្នឹងហើយ។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ”។
9
នេះគឺដើម្បីឲ្យព្រះបន្ទូលដែលព្រះអង្គមានបន្ទូលត្រូវបានបំពេញឲ្យសម្រេច ដែលថា: “អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំមិនបានបាត់បង់អ្នកណាម្នាក់ឡើយ”។
10
ស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ក៏ហូតដាវនោះ ហើយកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកស្ដាំរបស់អ្នកនោះ។ ឈ្មោះរបស់បាវបម្រើនោះគឺម៉ាលកុស។
11
ព្រះយេស៊ូវមានបន្ទូលនឹងពេត្រុសថា៖ “ចូរស៊កដាវទៅក្នុងស្រោមវិញទៅ។ តើមិនគួរឲ្យខ្ញុំផឹកពីពែងដែលព្រះបិតាបានប្រទានមកខ្ញុំទេឬ?”។
12
បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ
13
រួចនាំព្រះអង្គទៅរកអាន់ណាសមុនគេ ពីព្រោះលោកជាឪពុកក្មេករបស់កៃផាសដែលជាមហាបូជាចារ្យនៅឆ្នាំនោះ។
14
គឺកៃផាសនេះហើយ ដែលទូន្មានពួកយូដាថា: “មនុស្សម្នាក់ស្លាប់ ជំនួសប្រជាជនជាប្រយោជន៍”។
15
ពេលនោះ ស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតទៅតាមព្រះយេស៊ូវ។ សិស្សម្នាក់នោះជាអ្នកដែលមហាបូជាចារ្យស្គាល់ ដូច្នេះគាត់ក៏ចូលទៅក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យជាមួយព្រះយេស៊ូវ
16
រីឯពេត្រុសឈរនៅខាងក្រៅទ្វារ។ ដូច្នេះ សិស្សម្នាក់ទៀតដែលមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយនឹងអ្នកយាមទ្វារ ហើយនាំពេត្រុសចូលទៅ។
17
ពេលនោះ បាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយនឹងពេត្រុសថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។ ពេត្រុសថា៖ “ខ្ញុំមិនមែនទេ!”។
18
នៅពេលបង្កាត់ភ្លើងធ្យូងហើយ ពួកបាវបម្រើ និងពួកតម្រួតបានឈរអាំងភ្លើងដោយសារតែរងា រីឯពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។
19
ពេលនោះ មហាបូជាចារ្យសួរព្រះយេស៊ូវអំពីពួកសិស្ស និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ។
20
ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖ “ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។
21
ហេតុអ្វីបានជាលោកសួរខ្ញុំដូច្នេះ? ចូរសួរពួកអ្នកដែលបានស្ដាប់អ្វីដែលខ្ញុំនិយាយនឹងពួកគេទៅ។ មើល៍! អ្នកទាំងនោះដឹងអ្វីៗដែលខ្ញុំនិយាយហើយ”។
22
នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ តម្រួតម្នាក់ដែលឈរនៅក្បែរក៏ទះកំផ្លៀងព្រះអង្គ ទាំងនិយាយថា៖ “តើអ្នកឯងឆ្លើយនឹងមហាបូជាចារ្យយ៉ាងនេះឬ?”។
23
ព្រះយេស៊ូវទ្រង់តបនឹងអ្នកនោះថា៖ “ប្រសិនបើខ្ញុំបាននិយាយមិនត្រឹមត្រូវ ចូរធ្វើបន្ទាល់អំពីពាក្យមិនត្រឹមត្រូវនោះមក ប៉ុន្តែប្រសិនបើខ្ញុំនិយាយត្រឹមត្រូវវិញ ម្ដេចក៏វាយខ្ញុំ?”។
24
បន្ទាប់មក អាន់ណាសបានបញ្ជូនព្រះអង្គទាំងជាប់ចំណងទៅកៃផាសជាមហាបូជាចារ្យ។
25
រីឯស៊ីម៉ូនពេត្រុសកំពុងឈរអាំងភ្លើង។ ពេលនោះ គេសួរគាត់ថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។ គាត់បដិសេធថា៖ “ខ្ញុំមិនមែនទេ!”។
26
ម្នាក់ក្នុងពួកបាវបម្រើរបស់មហាបូជាចារ្យ ជាសាច់ញាតិរបស់អ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ និយាយថា៖ “តើខ្ញុំមិនបានឃើញអ្នកឯងនៅជាមួយអ្នកនោះក្នុងសួនទេឬ?”។
27
ពេត្រុសបដិសេធម្ដងទៀត។ ភ្លាមនោះ មាន់ក៏រងាវឡើង។
28
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
29
ដូច្នេះ ពីឡាត់ក៏ចេញមកខាងក្រៅជួបពួកគេ សួរថា៖ “តើអ្នករាល់គ្នានាំមកនូវការចោទប្រកាន់អ្វីទាស់នឹងអ្នកនេះ?”។
30
ពួកគេតបថា៖ “ប្រសិនបើអ្នកនេះមិនបានប្រព្រឹត្តការអាក្រក់ទេ ម្ល៉េះសមយើងខ្ញុំមិនបានប្រគល់គាត់មកលោកឡើយ”។
31
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោស តាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ”។ ពួកជនជាតិយូដាទាំងនោះតបថា៖ “គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ”។
32
គេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលព្រះអង្គមានបន្ទូលឲ្យដឹងថាព្រះអង្គរៀបនឹងសុគតដោយការសុគតបែបណា ត្រូវបានបំពេញឲ្យសម្រេច។
33
ពីឡាត់ក៏ចូលទៅក្នុងវិមានអភិបាលវិញ ហើយហៅព្រះយេស៊ូវមកសួរថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។
34
ព្រះយេស៊ូវទ្រង់តបថា៖ “តើលោកនិយាយដូច្នេះចេញពីខ្លួនលោក ឬក៏មានអ្នកផ្សេងប្រាប់លោកអំពីខ្ញុំ?”។
35
ពីឡាត់មានប្រសាសន៍ថា៖ “តើខ្ញុំជាជនជាតិយូដាឬ? ជនជាតិរបស់អ្នកផ្ទាល់ និងពួកនាយកបូជាចារ្យទេតើ ដែលប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?”។
36
ព្រះយេស៊ូវទ្រង់តបថា៖ “អាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើអាណាចក្ររបស់ខ្ញុំជារបស់ពិភពលោកនេះ ម្ល៉េះសមពួកអ្នកបម្រើរបស់ខ្ញុំបានតយុទ្ធ ដើម្បីកុំឲ្យខ្ញុំត្រូវគេប្រគល់ទៅពួកជនជាតិយូដាឡើយ។ ប៉ុន្តែឥឡូវនេះ អាណាចក្ររបស់ខ្ញុំមិនមែននៅទីនេះទេ”។
37
ពីឡាត់ក៏សួរថា៖ “អ៊ីចឹង អ្នកជាស្ដេច?”។ ព្រះយេស៊ូវទ្រង់តបថា៖ “គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
38
ពីឡាត់ថា៖ “តើសេចក្ដីពិតជាអ្វី?”។ ពីឡាត់មានប្រសាសន៍ដូច្នេះហើយ ក៏ចេញទៅជួបពួកជនជាតិយូដាម្ដងទៀត ហើយមានប្រសាសន៍នឹងពួកគេថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងគាត់ឡើយ។
39
ប៉ុន្តែអ្នករាល់គ្នាមានទំនៀមទម្លាប់មួយ គឺឲ្យខ្ញុំដោះលែងមនុស្សម្នាក់ដល់អ្នករាល់គ្នាក្នុងអំឡុងពេលបុណ្យរំលង។ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចនៃជនជាតិយូដាដល់អ្នករាល់គ្នាឬទេ?”។
40
ពួកគេក៏ស្រែកឡើងសាជាថ្មីថា៖ “មិនមែនអ្នកនេះទេ គឺបារ៉ាបាសវិញ!”។ រីឯបារ៉ាបាសម្នាក់នេះជាចោរប្លន់៕
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21