bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 20
John 20
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
1
នៅថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារាអ្នកម៉ាក់ដាឡាមករូងផ្នូរពីព្រលឹម ទាំងងងឹតនៅឡើយ ក៏ឃើញថាថ្មត្រូវបានយកចេញពីមាត់រូងហើយ។
2
នាងក៏រត់ទៅរកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ ហើយប្រាប់ពួកគេថា៖ “គេយកព្រះអម្ចាស់ចេញពីរូងផ្នូរហើយ យើងមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេ!”។
3
ដូច្នេះពេត្រុស និងសិស្សម្នាក់ទៀតនោះក៏ចេញមក ហើយទៅរូងផ្នូរ។
4
អ្នកទាំងពីររត់ទៅជាមួយគ្នា ប៉ុន្តែសិស្សម្នាក់ទៀតនោះរត់លឿនជាងពេត្រុស ហើយទៅដល់រូងផ្នូរមុន
5
ក៏ឱនមើល ឃើញក្រណាត់ផាឌិបដាក់នៅទីនោះ ប៉ុន្តែគាត់មិនបានចូលទេ។
6
ស៊ីម៉ូនពេត្រុសក៏មកតាមក្រោយគាត់ដែរ ហើយចូលទៅក្នុងរូងផ្នូរ ឃើញក្រណាត់ផាឌិបដាក់នៅទីនោះ
7
ហើយឃើញកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គ មិននៅជាមួយក្រណាត់ផាឌិបទេ គឺបានមូរទុកនៅកន្លែងមួយដោយឡែក។
8
ពេលនោះ សិស្សម្នាក់ទៀតដែលមកដល់រូងផ្នូរមុន ក៏ចូលទៅដែរ។ គាត់ឃើញហើយ ក៏ជឿ។
9
ពេលនោះ ពួកគេមិនទាន់យល់បទគម្ពីរដែលថា ព្រះអង្គត្រូវតែមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
10
បន្ទាប់មក សិស្សទាំងពីរនាក់ក៏ត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ។
11
រីឯម៉ារាបានឈរយំនៅខាងក្រៅរូងផ្នូរ។ នៅពេលនាងកំពុងយំ នាងក៏ឱនមើលទៅក្នុងរូងផ្នូរ
12
ហើយឃើញទូតសួគ៌របស់ព្រះពីររូបស្លៀកពាក់ស អង្គុយនៅកន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូវ គឺមួយរូបនៅខាងព្រះសិរ មួយរូបនៅខាងព្រះបាទា។
13
ទូតទាំងនោះសួរនាងថា៖ “ស្ត្រីអើយ ហេតុអ្វីបានជានាងយំ?”។ នាងឆ្លើយថា៖ “ពីព្រោះគេយកព្រះអម្ចាស់របស់ខ្ញុំទៅហើយ ខ្ញុំមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេ”។
14
នាងនិយាយដូច្នេះហើយ ក៏ងាកមកក្រោយ ហើយឃើញព្រះយេស៊ូវកំពុងឈរ ប៉ុន្តែនាងមិនដឹងថាជាព្រះយេស៊ូវទេ។
15
ព្រះយេស៊ូវមានបន្ទូលថា៖ “ស្ត្រីអើយ ហេតុអ្វីបានជានាងយំ? តើនាងរកនរណា?”។ នាងស្មានថាជាអ្នកថែសួន ក៏ទូលព្រះអង្គថា៖ “លោកម្ចាស់ ប្រសិនបើលោកបានយកម្នាក់នោះទៅ សូមប្រាប់ខ្ញុំថាលោកដាក់គាត់នៅឯណាផង ខ្ញុំនឹងយកគាត់មកវិញ”។
16
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖ “ម៉ារា!”។ នាងក៏ងាកមក ទូលព្រះអង្គជាភាសាហេព្រើរ ថា៖ “រ៉ាបូនី !” (រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ)។
17
ព្រះយេស៊ូវមានបន្ទូលថា៖ “កុំពាល់ខ្ញុំ ពីព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះបិតានៅឡើយទេ។ ចូរនាងទៅរកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា គឺទៅឯព្រះរបស់ខ្ញុំ ដែលជាព្រះរបស់អ្នករាល់គ្នាដែរ”។
18
ម៉ារាអ្នកម៉ាក់ដាឡាក៏ទៅប្រាប់ពួកសិស្សថា៖ “ខ្ញុំបានឃើញព្រះអម្ចាស់ហើយ!” ហើយប្រាប់សេចក្ដីទាំងនោះដែលព្រះអង្គមានបន្ទូលនឹងនាង។
19
នៅពេលល្ងាចថ្ងៃនោះ ដែលជាថ្ងៃទីមួយនៃសប្ដាហ៍ ទ្វារបានបិទហើយនៅកន្លែងដែលពួកសិស្សនៅ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ព្រះយេស៊ូវបានយាងមកឈរនៅកណ្ដាលចំណោម ហើយមានបន្ទូលនឹងពួកគេថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
20
នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គទ្រង់បង្ហាញព្រះហស្ត និងចំហៀងព្រះកាយដល់ពួកគេ។ ពួកសិស្សក៏អរសប្បាយ ដោយបានឃើញព្រះអម្ចាស់។
21
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេម្ដងទៀតថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា! ដូចដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅដែរ”។
22
នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេ រួចមានបន្ទូលថា៖ “ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធចុះ!
23
អ្នករាល់គ្នាលើកលែងទោសបាបរបស់អ្នកណាក៏ដោយ បាបទាំងនោះក៏ត្រូវបានលើកលែងទោសដល់ពួកគេរួចហើយ; អ្នករាល់គ្នាប្រកាន់ទោសបាបរបស់អ្នកណាក៏ដោយ បាបទាំងនោះក៏ត្រូវបានប្រកាន់ទោសដល់ពួកគេរួចហើយ”។
24
ថូម៉ាសដែលគេហៅថាឌីឌីម ជាម្នាក់ក្នុងសាវ័ក ទាំងដប់ពីរនាក់ មិននៅជាមួយពួកគេទេ នៅពេលព្រះយេស៊ូវយាងមក។
25
ដូច្នេះ សិស្សឯទៀតប្រាប់គាត់ថា៖ “យើងបានឃើញព្រះអម្ចាស់ហើយ!”។ ប៉ុន្តែគាត់ថា៖ “លុះត្រាតែខ្ញុំបានឃើញស្នាមដែកគោលលើព្រះហស្តរបស់ព្រះអង្គ ហើយបានដាក់ម្រាមដៃរបស់ខ្ញុំទៅក្នុងស្នាមដែកគោលនោះ ព្រមទាំងបានដាក់ដៃរបស់ខ្ញុំទៅក្នុងចំហៀងព្រះកាយរបស់ព្រះអង្គ ពុំនោះទេ ខ្ញុំមិនជឿជាដាច់ខាត”។
26
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្ដងទៀត ហើយថូម៉ាសក៏នៅជាមួយពួកគេដែរ។ ទោះបីជាទ្វារបានបិទហើយក៏ដោយ ក៏ព្រះយេស៊ូវយាងមកឈរនៅកណ្ដាលចំណោម រួចមានបន្ទូលថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
27
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងថូម៉ាសថា៖ “ចូរយកម្រាមដៃរបស់អ្នកមកទីនេះ ហើយមើលដៃរបស់ខ្ញុំចុះ; ចូរយកដៃរបស់អ្នកមកដាក់ក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ។ កុំឥតជំនឿឡើយ ប៉ុន្តែចូរជឿវិញ”។
28
ថូម៉ាសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់របស់ទូលបង្គំ! ព្រះរបស់ទូលបង្គំ!”។
29
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “តើអ្នកជឿដោយសារឃើញខ្ញុំឬ? មានពរហើយ អ្នកដែលជឿដោយមិនឃើញ”។
30
ជាការពិត ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ផ្សេងៗជាច្រើនទៀត នៅមុខពួកសិស្សរបស់ព្រះអង្គ ដែលមិនមានសរសេរក្នុងសៀវភៅនេះ។
31
ប៉ុន្តែសេចក្ដីទាំងនេះត្រូវបានសរសេរ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គ ដោយសារអ្នករាល់គ្នាជឿ៕
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21