bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 10
Hebrews 10
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
ដោយព្រោះក្រឹត្យវិន័យជាស្រមោលនៃសេចក្ដីល្អដែលរៀបនឹងមក គឺមិនមែនជារូបពិតនៃសេចក្ដីទាំងនោះទេ យញ្ញបូជាដដែលៗដែលគេថ្វាយឥតឈប់ឈរជារៀងរាល់ឆ្នាំនោះ មិនអាចធ្វើឲ្យអ្នកដែលចូលមកជិតគ្រប់លក្ខណ៍បានឡើយ។
2
បើមិនដូច្នោះទេ តើពួកគេមិនឈប់ថ្វាយយញ្ញបូជាទេឬ? ដ្បិតអ្នកដែលថ្វាយបង្គំត្រូវបានជម្រះម្ដងហើយ គឺលែងមានការដឹងខ្លួនអំពីបាបទៀតហើយ។
3
ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះធ្វើឲ្យនឹកឃើញអំពីបាបជារៀងរាល់ឆ្នាំ
4
ដ្បិតឈាមគោឈ្មោល និងឈាមពពែ មិនអាចដកយកបាបចេញបានឡើយ។
5
ដូច្នេះ កាលព្រះគ្រីស្ទយាងចូលមកក្នុងពិភពលោក ព្រះអង្គមានបន្ទូលថា: “ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយទេ គឺព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ទូលបង្គំវិញ។
6
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត និងតង្វាយលោះបាបទេ
7
ដូច្នេះ ទូលបង្គំទូលថា: ‘មើល៍! ទូលបង្គំមកដល់ហើយ! នៅក្នុងក្រាំងគម្ពីរមានសរសេរទុកមកអំពីទូលបង្គំហើយ។ ឱព្រះអើយ! ទូលបង្គំមកដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ!’”។
8
ក្នុងឃ្លាខាងលើ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនចង់បាន ហើយមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាបនោះទេ ទោះបីជាយញ្ញបូជាទាំងនោះត្រូវបានថ្វាយស្របតាមក្រឹត្យវិន័យក៏ដោយ។
9
បន្ទាប់មក ព្រះអង្គមានបន្ទូលទៀតថា: “មើល៍! ទូលបង្គំមកដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ!”។ ព្រះបានលុបបំបាត់របៀបដំបូង ដើម្បីតាំងឡើងនូវរបៀបក្រោយ។
10
ដោយសារតែបំណងព្រះហឫទ័យនេះឯង ដែលយើងត្រូវបានញែកជាវិសុទ្ធម្ដងជាសម្រេច តាមរយៈតង្វាយនៃព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ។
11
អស់ទាំងបូជាចារ្យឈរបំពេញមុខងារជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាច្រើនលើកច្រើនសា ប៉ុន្តែយញ្ញបូជាទាំងនោះមិនអាចដកយកបាបចេញបានឡើយ
12
រីឯព្រះអង្គនេះវិញ ព្រះអង្គបានថ្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់បាប ក៏គង់ចុះនៅខាងស្ដាំព្រះ
13
ហើយតាំងពីពេលនោះមក ព្រះអង្គក៏រង់ចាំរហូតដល់ពួកខ្មាំងសត្រូវរបស់ព្រះអង្គ ត្រូវបានធ្វើឲ្យទៅជាកំណល់ព្រះបាទារបស់ព្រះអង្គ។
14
ជាការពិត ព្រះអង្គបានធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធគ្រប់លក្ខណ៍ជារៀងរហូត ដោយតង្វាយតែមួយគត់។
15
ព្រះវិញ្ញាណដ៏វិសុទ្ធក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយពីព្រះអង្គមានបន្ទូល ដូច្នេះថា:
16
“ព្រះអម្ចាស់មានបន្ទូលថា: ‘ក្រោយពីគ្រានោះ យើងនឹងតាំងសម្ពន្ធមេត្រីនេះជាមួយពួកគេ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្តរបស់ពួកគេ ហើយចារឹកក្រឹត្យវិន័យនោះក្នុងគំនិតរបស់ពួកគេ’”
17
ព្រះអង្គក៏មានបន្ទូលទៀតថា: “យើងនឹងមិននឹកចាំបាបរបស់ពួកគេ និងការឥតច្បាប់របស់ពួកគេទៀតជាដាច់ខាត”
18
ដូច្នេះ ទីណាដែលមានការលើកលែងទោសបាបទាំងនេះ ទីនោះលែងមានតង្វាយសម្រាប់បាបទៀតហើយ។
19
ដោយហេតុនេះ បងប្អូនអើយ យើងមានភាពក្លាហាននឹងចូលទៅក្នុងទីវិសុទ្ធបំផុត ដោយសារតែព្រះលោហិតរបស់ព្រះយេស៊ូវ។
20
ព្រះអង្គបានបើកផ្លូវថ្មីដ៏រស់មួយសម្រាប់យើងតាមរយៈវាំងននដែលជារូបកាយរបស់ព្រះអង្គ។
21
ដោយយើងមានបូជាចារ្យដ៏ធំឧត្ដមគ្រប់គ្រងលើដំណាក់របស់ព្រះ
22
ហើយដោយចិត្តរបស់យើងត្រូវបានប្រោះសម្អាតដោយឈាម ពីសតិសម្បជញ្ញៈសៅហ្មង ព្រមទាំងរូបកាយត្រូវបានលាងដោយទឹកបរិសុទ្ធ ដូច្នេះចូរឲ្យយើងចូលទៅជិតដោយចិត្តពិតត្រង់ និងដោយជំនឿដែលជឿអស់ពីចិត្ត។
23
ចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពនៃសេចក្ដីសង្ឃឹមដោយឥតរង្គើឡើយ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
24
ចូរឲ្យយើងយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក ដើម្បីជំរុញទឹកចិត្តឲ្យចេះស្រឡាញ់ និងប្រព្រឹត្តការល្អ។
25
កុំបោះបង់ចោលការជួបជុំរបស់យើង ដូចដែលអ្នកខ្លះមានទម្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក។ ដោយអ្នករាល់គ្នាឃើញថាថ្ងៃនោះ ជិតមកដល់ហើយ នោះចូរធ្វើដូច្នេះកាន់តែខ្លាំងឡើងចុះ។
26
ជាការពិត ក្រោយពីទទួលចំណេះដឹងនៃសេចក្ដីពិតហើយ ប្រសិនបើយើងបន្តប្រព្រឹត្តបាបដោយចេតនា នោះលែងមានយញ្ញបូជាសម្រាប់បាបនៅសល់ទៀតឡើយ
27
គឺមានតែការរំពឹងដ៏គួរឲ្យភ័យខ្លាចអំពីការជំនុំជម្រះ និងភ្លើងនៃព្រះពិរោធដែលរៀបនឹងបំផ្លាញពួកអ្នកប្រឆាំងប៉ុណ្ណោះ ដែលនៅសល់។
28
អ្នកណាដែលបដិសេធក្រឹត្យវិន័យរបស់ម៉ូសេ នឹងស្លាប់ដោយឥតត្រាប្រណី ដោយយោងតាមពាក្យបន្ទាល់របស់សាក្សីពីរ ឬបីនាក់។
29
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!
30
ដ្បិតយើងស្គាល់ព្រះអង្គដែលមានបន្ទូលថា: “ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ ” ហើយព្រះអង្គមានបន្ទូលទៀតថា: “ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ”។
31
ការធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។
32
រីឯអ្នករាល់គ្នាវិញ ចូរនឹកចាំអំពីគ្រាដំបូង គឺក្រោយពីត្រូវបានបំភ្លឺ អ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធនៃទុក្ខលំបាកជាច្រើន
33
ជួនកាលត្រូវគេត្មះតិះដៀល និងធ្វើទុក្ខជាសាធារណៈ ជួនកាលបានក្លាយជាដៃគូជាមួយអ្នកដែលរងអំពើដូច្នោះដែរ។
34
ពិតមែនហើយ អ្នករាល់គ្នាមិនគ្រាន់តែអាណិតអាសូរអ្នកដែលជាប់ឃុំឃាំង ប៉ុណ្ណោះទេ គឺថែមទាំងសុខចិត្តឲ្យគេរឹបអូសអ្វីៗដែលខ្លួនមានដោយអំណរ ដោយដឹងថាអ្នករាល់គ្នាមានទ្រព្យសម្បត្តិដ៏ប្រសើរជាងនៅស្ថានសួគ៌ ហើយនៅគង់វង្សទៀតផង។
35
ដូច្នេះ កុំបោះបង់ចោលការជឿជាក់របស់អ្នករាល់គ្នាឡើយ ការជឿជាក់នោះនាំមកនូវរង្វាន់ដ៏ធំ។
36
តាមពិត អ្នករាល់គ្នាត្រូវតែមានចិត្តស៊ូទ្រាំ ដើម្បីបានទទួលសេចក្ដីសន្យាដោយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ។
37
ជាការពិត នៅតែបន្តិចទៀត “ព្រះអង្គដែលត្រូវយាងមក នឹងយាងមកដល់ ព្រះអង្គនឹងមិនបង្អង់ឡើយ។
38
រីឯមនុស្សសុចរិតរបស់យើងនឹងរស់ដោយជំនឿ ហើយប្រសិនបើអ្នកនោះដកខ្លួនថយ ព្រលឹងរបស់យើងមិនពេញចិត្តនឹងគាត់ឡើយ”។
39
ប៉ុន្តែយើងមិនមែនជាមនុស្សដែលដកខ្លួនថយ ហើយវិនាសនោះទេ គឺយើងជាមនុស្សដែលមានជំនឿ ហើយរក្សាព្រលឹង របស់ខ្លួនវិញ៕
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13