bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 11
1 Kings 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
1
ស្តេចស៊ូឡៃម៉ានស្រឡាញ់ស្ត្រីសាសន៍ដទៃជាច្រើននាក់។ ក្រៅពីបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន គាត់មានប្រពន្ធសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។
2
ប្រពន្ធទាំងនោះមានដើមកំណើតពីប្រជាជាតិដែល អុលឡោះតាអាឡា បានហាមដល់កូនចៅអ៊ីស្រអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នា ឲ្យទៅគោរពព្រះរបស់គេជាមិនខាន»។ ស្តេចស៊ូឡៃម៉ានចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្តីស្នេហា។
3
ស្តេចស៊ូឡៃម៉ានមានប្រពន្ធដែលជាបុត្រីរបស់ស្តេចសាសន៍ដទៃ ចំនួនប្រាំពីររយនាក់ និងស្រីស្នំចំនួនបីរយនាក់។ ពួកប្រពន្ធ និងស្រីស្នំរបស់គាត់ បានអូសទាញចិត្តគាត់ចេញពីអុលឡោះ។
4
ពេលស្តេចស៊ូឡៃម៉ានមានអាយុកាន់តែចាស់ជរាណាស់ហើយ ប្រពន្ធ និងស្រីស្នំបានអូសទាញចិត្តគាត់ឲ្យទៅគោរពព្រះដទៃ។ ស្តេចស៊ូឡៃម៉ានលែងស្រឡាញ់ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដូចស្តេចទតជាបិតាទៀតហើយ។
5
ស្តេចស៊ូឡៃម៉ានថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូមជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
6
ស្តេចស៊ូឡៃម៉ានបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណង អុលឡោះតាអាឡា ហើយមិនដើរតាមមាគ៌ារបស់ទ្រង់ទាំងស្រុង ដូចស្តេចទត ជាបិតាឡើយ។
7
នៅគ្រានោះ ស្តេចស៊ូឡៃម៉ានបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ជូនព្រះកេមូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
8
ស៊ូឡៃម៉ានបានសង់ទីសក្ការៈជាច្រើនទៀតសម្រាប់ប្រពន្ធទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីឲ្យពួកនាងជូនគ្រឿងក្រអូប និងធ្វើយញ្ញបូជាជូនព្រះរបស់ខ្លួន។
9
អុលឡោះតាអាឡា ខឹងនឹងស្តេចស៊ូឡៃម៉ាន ដ្បិតគាត់បែកចិត្តចេញពី អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលបានមកជួបគាត់ដល់ទៅពីរដង
10
ហើយហាមផ្តាច់មិនឲ្យគោរពព្រះដទៃ។ ប៉ុន្តែ ស៊ូឡៃម៉ានមិនប្រតិបត្តិតាមបញ្ជារបស់ អុលឡោះតាអាឡា ឡើយ។
11
អុលឡោះតាអាឡា មានបន្ទូលមកកាន់ស្តេចស៊ូឡៃម៉ានថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមហ៊ូកុំ ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។
12
ប៉ុន្តែ ដោយយល់ដល់ទត ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។
13
យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ទតជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
14
អុលឡោះតាអាឡា បានបណ្តាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្តេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ស្តេចស៊ូឡៃម៉ាន។
15
នៅគ្រាដែលស្តេចទតវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រអែល ដែលស្លាប់ក្នុងចំបាំងយកទៅបញ្ចុះ ហើយគាត់សម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
16
លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកគេសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
17
គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយ គាត់បានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុមខ្លះ ដែលជាអ្នកបម្រើរបស់បិតាគាត់។
18
ពួកគេចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់គាត់ ព្រមទាំងប្រទានដីធ្លីឲ្យគាត់ទៀតផង។
19
លោកហាដាឌបានទទួលការប្រោសប្រណីពីស្តេចហ្វៀរ៉អ៊ូន។ ស្តេចបានលើកប្អូនថ្លៃ គឺប្អូនស្រីរបស់នាងថាផ្នេសឲ្យធ្វើជាភរិយារបស់គាត់ផង។
20
ប្អូនស្រីរបស់នាងថាផ្នេស បង្កើតកូនប្រុសម្នាក់ឈ្មោះកេនូបាតជូនលោកហាដាឌ។ នាងថាផ្នេស យកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំង ជាមួយបុត្ររបស់ស្តេចហ្វៀរ៉អ៊ូន។
21
នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ស្តេចទតស្លាប់ ហើយលោកមេទ័ពយ៉ូអាប់ក៏ស្លាប់ដែរ។ លោកហាដាឌជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុករបស់ខ្ញុំវិញផង»។
22
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ គាត់ជម្រាបថា៖ «ខ្ញុំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមស្តេចមេត្តាអនុញ្ញាត ឲ្យខ្ញុំចាកចេញទៅផង!»។
23
អុលឡោះបានបណ្តាលឲ្យលោករេសោនជាកូនរបស់លោកអេលីយ៉េសដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ស្តេចស៊ូឡៃម៉ាន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺស្តេចហាដា-រេស៊ើរ ជាស្តេចស្រុកសូបា។
24
គាត់បានប្រមែប្រមូលមនុស្ស ឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលស្តេចទតសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។
25
លោករេសោនក្លាយទៅជាគូវិវាទរបស់អ៊ីស្រអែល អស់មួយរជ្ជកាលរបស់ស្តេចស៊ូឡៃម៉ាន ដូចលោកហាដាឌ ដែលបានធ្វើទុក្ខបុកម្នេញអ៊ីស្រអែលដែរ។ ស្តេចរេសោនបានឡើងសោយរាជ្យលើស្រុកស៊ីរី ហើយតែងតែស្អប់ជនជាតិអ៊ីស្រអែល។
26
លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមនៅស្រុកសេរេដា ម្តាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន តែគាត់បានបះបោរប្រឆាំងនឹងស្តេច។
27
មូលហេតុដែលបណ្តាលឲ្យលោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្តេចមានដូចតទៅ: នៅពេលស្តេចស៊ូឡៃម៉ានសង់ព្រលាននៅមីឡូ និងជួសជុលកំពែងបាក់បែក នៅបុរីស្តេចទតជាបិតា
28
ស៊ូឡៃម៉ានសង្កេតឃើញលោកយេរ៉ូបោម ជាមនុស្សក្លាហានអង់អាច។ ដូច្នេះស៊ូឡៃម៉ានក៏ចាត់គាត់ឲ្យមើលខុសត្រូវលើកំណែនរបស់កូនចៅយូសុះ។
29
ថ្ងៃមួយលោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ណាពីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានមកជួបគាត់ ទាំងពាក់អាវធំមួយថ្មីផង។ អ្នកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។
30
លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះ មកហែកជាដប់ពីរចំរៀក។
31
បន្ទាប់មក គាត់និយាយទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីស៊ូឡៃម៉ានប្រគល់ឲ្យអ្នក យើងនឹងឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
32
យើងទុកកុលសម្ព័ន្ធតែមួយឲ្យស៊ូឡៃម៉ាន ដោយយល់ដល់ទតជាអ្នកបម្រើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធ ទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រអែល។
33
យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូត ជាព្រះនៃជនជាតិស៊ីដូន កេម៉ូស ជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង មិនកាន់តាមហ៊ូកុំ និងវិន័យរបស់យើង ដូចទតជាបិតារបស់ស៊ូឡៃម៉ានឡើយ។
34
យើងមិនដកយកអាណាចក្រទាំងមូលចេញពីស៊ូឡៃម៉ានទេ យើងឲ្យគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ទត ជាអ្នកបម្រើដែលយើងបានជ្រើសរើស ព្រោះទតបានកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង។
35
យើងនឹងដកអាណាចក្រពីកូនរបស់ស៊ូឡៃម៉ាន ហើយប្រគល់ឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
36
រីឯកូនរបស់ស៊ូឡៃម៉ានវិញ យើងទុកកុលសម្ព័ន្ធមួយឲ្យគេគ្រប់គ្រង ដើម្បីឲ្យទត ជាអ្នកបម្រើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសម្រាប់នាមយើង។
37
រីឯអ្នកវិញ យើងនឹងតែងតាំងអ្នកឲ្យធ្វើជាស្តេច លើស្រុកអ៊ីស្រអែល អ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។
38
ប្រសិនបើអ្នកស្តាប់សេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទតជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះទតដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រអែលដល់អ្នក។
39
យើងនឹងធ្វើឲ្យពូជពង្សទតត្រូវអាម៉ាស់ តែមិនមែនរហូតទេ”»។
40
ស្តេចស៊ូឡៃម៉ានរកសម្លាប់លោកយេរ៉ូបោម គាត់ក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីប រហូតដល់ស្តេចស៊ូឡៃម៉ានស្លាប់។
41
កិច្ចការផ្សេងៗទៀតរបស់ស្តេចស៊ូឡៃម៉ាន មានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «កិច្ចការរបស់ស្តេចស៊ូឡៃម៉ាន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស៊ូឡៃម៉ានបានធ្វើ និងអំពីប្រាជ្ញារបស់គាត់។
42
ស្តេចស៊ូឡៃម៉ានសោយរាជ្យលើប្រជាជនអ៊ីស្រអែលទាំងមូល នៅក្រុងយេរូសាឡឹមអស់រយៈពេលសែសិបឆ្នាំ។
43
កាលស្តេចស៊ូឡៃម៉ានស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទតជាបិតា។ ស្តេចរេហូបោមជាកូនឡើងស្នងរាជ្យ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22