bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 13
1 Kings 13
Khmer 2014 (អាល់គីតាប)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
មានអ្នកនាំសារម្នាក់របស់អុលឡោះបានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ អុលឡោះតាអាឡា គាត់មកដល់បេតអែល នៅពេលស្តេចយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។
2
គាត់ស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសបន្ទូលរបស់ អុលឡោះតាអាឡា ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! អុលឡោះតាអាឡា មានបន្ទូលថា: នៅក្នុងពូជពង្សរបស់ស្តេចទតនឹងមានកូនប្រុសម្នាក់កើតមក កូននោះ មានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈ តាមទួលខ្ពស់ៗមកបូជានៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្ស មកដុតនៅលើអាសនៈនេះដែរ»។
3
នៅថ្ងៃដដែលនោះ អ្នកនាំសាររបស់អុលឡោះក៏ប្រកាសទៀតថា៖ « អុលឡោះតាអាឡា ប្រទានទីសំគាល់មួយ ដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
4
ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកនាំសាររបស់អុលឡោះស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ស្តេចក៏លាតដៃពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ដៃដែលស្តេចលើកចង្អុលទៅអ្នកនាំសាររបស់អុលឡោះក៏ស្ពឹក កំរើកលែងរួច។
5
អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសំគាល់ដែលអ្នកនាំសារអុលឡោះប្រកាស ស្របតាមបន្ទូលរបស់ អុលឡោះតាអាឡា ។
6
ស្តេចមានប្រសាសន៍ទៅកាន់អ្នកនាំសារអុលឡោះថា៖ «សូមលោកជួយអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់លោក សូមទូរអាឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកនាំសាររបស់អុលឡោះអង្វរទ្រង់ ហើយដៃរបស់ស្តេចក៏អាចបត់មកវិញបានដូចដើម។
7
ស្តេចមានប្រសាសន៍ទៅកាន់អ្នកនាំសាររបស់អុលឡោះថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
8
អ្នកនាំសាររបស់អុលឡោះជម្រាបស្តេចវិញថា៖ «ទោះបីស្តេចប្រទានរាជ្យទ្រព្យចំនួនពាក់កណ្តាលឲ្យខ្ញុំ ក៏ខ្ញុំមិនចូលក្នុងដំណាក់របស់ស្តេចដែរ ខ្ញុំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ
9
ដ្បិត អុលឡោះតាអាឡា បានហាមខ្ញុំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយទ្រង់ក៏មិនឲ្យខ្ញុំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។
10
បន្ទាប់មក អ្នកនាំសាររបស់អុលឡោះត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺគាត់មិនត្រឡប់ទៅវិញ តាមផ្លូវដែលគាត់មកបេតអែលនោះឡើយ។
11
គ្រានោះ មានណាពីចាស់ម្នាក់រស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មាន ដែលអ្នកនាំសាររបស់អុលឡោះបានធ្វើនៅបេតអែល និងសេចក្តីទាំងប៉ុន្មានដែលគាត់បានជម្រាបស្តេចនៅថ្ងៃនោះ។
12
បិតាសួរកូនថា៖ «តើគាត់ចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់បិតាពីផ្លូវដែលអ្នកនាំសាររបស់អុលឡោះពីស្រុកយូដាវិលត្រឡប់ទៅវិញ។
13
ពេលនោះ បិតាបង្គាប់ឲ្យកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយបិតាក៏ឡើងជិះ។
14
គាត់ចេញទៅតាមអ្នកនាំសាររបស់អុលឡោះ ហើយតាមទាន់កំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរថា៖ «តើលោកជាអ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
15
គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារ នៅផ្ទះខ្ញុំសិន»។
16
គាត់ឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ
17
ដ្បិត អុលឡោះតាអាឡា បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។
18
ណាពីចាស់ពោលទៅអ្នកនាំសាររបស់អុលឡោះថា៖ «ខ្ញុំក៏ជាណាពីដែរ មានម៉ាឡាអ៊ីកាត់បានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ អុលឡោះតាអាឡា ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។
19
អ្នកនាំសាររបស់អុលឡោះក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។
20
នៅពេលដែលអ្នកទាំងពីរអង្គុយរួមតុជាមួយគ្នា អុលឡោះតាអាឡា មានបន្ទូលមកកាន់ណាពីដែលបាននាំអ្នកនាំសាររបស់អុលឡោះមកវិញ។
21
គាត់ពោលទៅកាន់អ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាថា៖ « អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ អុលឡោះតាអាឡា ហើយមិនកាន់តាមបទបញ្ជារបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទេ
22
គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹកនៅកន្លែងដែលទ្រង់ហាមប្រាម ដូច្នេះសពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។
23
ក្រោយពីបានបរិភោគអាហារ និងទឹករួច ណាពីចាស់ចងកែបលាជូនណាពីដែលគាត់បាននាំត្រឡប់មកវិញ។
24
លោកក៏ចាកចេញទៅហើយ នៅតាមផ្លូវគាត់បានជួបនឹងសឹង្ហមួយ វាសម្លាប់គាត់ ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសឹង្ហ ឈរនៅជិតសាកសព។
25
មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់គាត់នៅលើផ្លូវ ហើយឃើញសឹង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះ ទៅនិយាយនៅក្នុងក្រុងដែលណាពីចាស់នោះរស់នៅ។
26
កាលណាពីដែលបានអញ្ជើញអ្នកនាំសាររបស់អុលឡោះមកផ្ទះ គាត់ឮដំណឹងនេះ ក៏ពោលថា៖ «គាត់ជាអ្នកនាំសាររបស់អុលឡោះដែលមិនធ្វើតាមបង្គាប់ទ្រង់។ អុលឡោះតាអាឡា បានប្រគល់គាត់ទៅក្នុងក្រញាំសឹង្ហ វាហែកសម្លាប់គាត់ស្របតាមសេចក្តីដែល អុលឡោះតាអាឡា មានបន្ទូលមកគាត់»។
27
បន្ទាប់មក ណាពីចាស់នោះ ពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក!»។ កូនៗក៏ចងកែបលាជូនគាត់។
28
ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្តាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
29
គាត់លើកសាកសពអ្នកនាំសាររបស់អុលឡោះដាក់លើខ្នងលានាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។
30
គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយម្តេចក៏វេទនាម៉្លេះ!”។
31
ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្តាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកនាំសាររបស់អុលឡោះ។ ត្រូវតម្កល់ឆ្អឹងពុកនៅទន្ទឹមនឹងឆ្អឹងរបស់គាត់ផង
32
ដ្បិតបន្ទូលដែលគាត់ប្រកាស ក្នុងនាម អុលឡោះតាអាឡា ប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។
33
ទោះបីមានហេតុការណ៍កើតឡើងយ៉ាងនេះក្តី ក៏ស្តេចយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្តេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជន ជាបូជាចារ្យ សម្រាប់បម្រើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បម្រើកិច្ចការនេះ ស្តេចក៏តែងតាំងគេឲ្យបម្រើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។
34
អំពើទាំងនេះ នាំឲ្យរាជវង្សរបស់ស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22