bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 18
1 Kings 18
Khmer 2014 (អាល់គីតាប)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
1
ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួត អុលឡោះតាអាឡា មានបន្ទូលមកកាន់អេលីយ៉េសថា៖ «ចូរទៅជួបស្តេចអហាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។
2
អេលីយ៉េសក៏ចូលទៅជួបស្តេចអហាប់។ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។
3
ស្តេចអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក លោកអូបាឌាជាមនុស្សគោរពកោតខ្លាច អុលឡោះតាអាឡា ណាស់។
4
នៅគ្រាដែលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកណាពីរបស់ អុលឡោះតាអាឡា លោកអូបាឌានាំណាពីមួយរយនាក់ទៅពួននៅក្នុងរអាងភ្នំ គាត់ចែកពួកគេជាពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយគាត់បានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកផង។
5
ស្តេចអហាប់ប្រាប់លោកអូបាឌាថា៖ «សូមអ្នកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅ សម្រាប់សេះ និងលាដើម្បីឲ្យវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។
6
ដូច្នេះ ពួកគេក៏ចែកតំបន់គ្នា ស្តេចអហាប់ធ្វើដំណើរតាមផ្លូវមួយ រីឯលោកអូបាឌាធ្វើដំណើរតាមផ្លូវមួយទៀត។
7
ក្នុងពេលដែលលោកអូបាឌាធ្វើដំណើរ អេលីយ៉េសបានជួបនឹងគាត់។ លោកអូបាឌាមើលអេលីយ៉េសស្គាល់ គាត់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលថា៖ «លោកម្ចាស់ពិតជាអេលីយ៉េសឬ?»
8
អេលីយ៉េសឆ្លើយថា៖ «គឺខ្ញុំនេះហើយ! សូមទៅជម្រាបស្តេចថា អេលីយ៉េសមកដល់ហើយ!»។
9
លោកអូបាឌាពោលថា៖ «តើខ្ញុំប្រព្រឹត្តអ្វីខុស បានជាលោកប្រគល់ខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចអហាប់ ដើម្បីឲ្យស្តេចសម្លាប់ខ្ញុំដូច្នេះ?
10
ខ្ញុំសូមជម្រាបលោក ក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បជាម្ចាស់របស់លោកថា: ស្តេចចាត់គេឲ្យទៅតាមរកលោក នៅគ្រប់ប្រជាជាតិ និងគ្រប់នគរ។ កាលមានគេឆ្លើយថា លោកមិននៅទីនោះទេ ស្តេចតែងតែឲ្យនគរ ឬប្រជាជាតិនោះស្បថថា គេមិនបានឃើញលោកមែន។
11
ឥឡូវនេះ លោកប្រើខ្ញុំឲ្យទៅជម្រាបស្តេចថា លោកអញ្ជើញមកហើយ!
12
ប៉ុន្តែ ក្នុងពេលខ្ញុំចេញទៅនោះ ប្រសិនបើរសរបស់ អុលឡោះតាអាឡា មកលើកលោកយកទៅកន្លែងមួយដែលខ្ញុំមិនដឹង ហើយបើស្តេចអហាប់រកលោកពុំឃើញ ដូចខ្ញុំរាយការណ៍ជូនទេ នោះស្តេចមុខជាសម្លាប់ខ្ញុំពុំខាន ថ្វីដ្បិតតែខ្ញុំគោរពកោតខ្លាច អុលឡោះតាអាឡា តាំងពីក្មេងមកក៏ដោយ។
13
គ្មាននរណាជម្រាបលោកម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើទេឬ? ពេលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកណាពីរបស់ អុលឡោះតាអាឡា ខ្ញុំបាននាំណាពីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុមក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។
14
ឥឡូវនេះ បើលោកប្រើខ្ញុំឲ្យទៅជម្រាបស្តេចថា លោកអញ្ជើញមកហើយ នោះស្តេចមុខជាសម្លាប់ខ្ញុំពុំខាន!»។
15
អេលីយ៉េសមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបលោក ក្នុងនាម អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ដែលនៅអស់កល្ប និងជាម្ចាស់ដែលខ្ញុំគោរពបម្រើថា ថ្ងៃនេះខ្ញុំនឹងជួបស្តេចអហាប់»។
16
លោកអូបាឌាចូលទៅជួបស្តេចអហាប់ ហើយរាយការណ៍ជូនស្តេច។ ស្តេចអហាប់ក៏ទៅជួបអេលីយ៉េស។
17
កាលស្តេចឃើញអេលីយ៉េសហើយ គាត់ក៏និយាយថា៖ «គឺលោកហ្នឹងហើយដែលនាំឲ្យអ៊ីស្រអែលរងគ្រោះ!»។
18
អេលីយ៉េសតបថា៖ «ខ្ញុំមិនបាននាំឲ្យអ៊ីស្រអែលរងគ្រោះឡើយ គឺស្តេច និងរាជវង្សវិញទេតើ ដែលបង្កឲ្យមានគ្រោះកាចនេះ ព្រោះស្តេចបោះបង់ចោលបទបញ្ជារបស់ អុលឡោះតាអាឡា ទៅគោរពបម្រើព្រះបាល។
19
ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រអែលទាំងមូល ឲ្យមកជួបខ្ញុំនៅលើភ្នំកើមែល ហើយឲ្យព្យាការីរបស់ព្រះបាល ទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រីយេសិបិលមកជាមួយដែរ»។
20
ស្តេចអហាប់បានចាត់គេឲ្យកោះហៅប្រជាជនអ៊ីស្រអែលទាំងមូល ព្រមទាំងប្រមូលពួកព្យាការីរបស់ព្រះបាល ឲ្យមកជួបជុំគ្នានៅលើភ្នំកើមែល។
21
អេលីយ៉េសចូលទៅជិតប្រជាជនទាំងមូល រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើ អុលឡោះតាអាឡា ជាម្ចាស់ពិតប្រាកដមែន ចូរគោរពបម្រើទ្រង់ចុះ ហើយប្រសិនបើព្រះបាលជាម្ចាស់វិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។
22
អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមណាពីរបស់ អុលឡោះតាអាឡា នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។
23
ចូរយកគោបាពីរក្បាលមក ហើយសូមព្យាការីទាំងអស់ជ្រើសរើសយកគោមួយក្បាលរួចកាប់ជាដុំៗ ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ រីឯខ្ញុំវិញ ខ្ញុំនឹងរៀបចំគោមួយក្បាលទៀត ដាក់លើគំនរអុសតែមិនបង្កាត់ភ្លើងទេ។
24
បន្ទាប់មក ចូរអង្វររកនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកនាម អុលឡោះតាអាឡា ដែរ។ ប្រសិនបើអុលឡោះឬ ព្រះរបស់អ្នកឆ្លើយតបដោយធ្វើឲ្យមានភ្លើងឆេះ បញ្ជាក់ថា អុលឡោះឬ ព្រះនោះជាម្ចាស់ដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។
25
អេលីយ៉េសមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសម្រាប់អស់អ្នក ហើយចាប់ផ្តើមមុនចុះ ដ្បិតអស់អ្នកមានគ្នាច្រើន។ ចូរអង្វររកនាមនៃព្រះរបស់អស់អ្នក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។
26
ពួកគេយកគោបាមួយក្បាលមករៀបចំ រួចចាប់ផ្តើមអង្វររកនាមរបស់ព្រះបាល តាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ដោយពោលថា៖ «ឱព្រះបាលអើយ សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេង ឬចម្លើយអ្វីសោះ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។
27
លុះដល់ថ្ងៃត្រង់ អេលីយ៉េសក៏ចំអកទៅពួកគេថា៖ «ចូរខំប្រឹងស្រែកឲ្យខ្លាំងឡើង ដ្បិតព្រះបាលជាព្រះ ហេតុនេះហើយបានជាទ្រង់កំពុងជាប់រវល់ ឬមានកិច្ចការអ្វីហើយ ឬកំពុងតែធ្វើដំណើរ ឬប្រហែលជាដេកលក់។ ដូច្នេះ ត្រូវដាស់ព្រះឲ្យក្រោកឡើង!»។
28
ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់ តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។
29
លុះដល់ថ្ងៃជ្រេរបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលជូនសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
30
អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតគាត់។ អេលីយ៉េសសង់អាសនៈរបស់ អុលឡោះតាអាឡា ដែលគេរំលំចោលឡើងវិញ។
31
គាត់យកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់យ៉ាកកូប។ គឺយ៉ាកកូបនេះហើយ ដែល អុលឡោះតាអាឡា មានបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រអែល»។
32
អេលីយ៉េសយកថ្មទាំងដប់ពីរដុំសង់អាសនៈមួយជូននាម អុលឡោះតាអាឡា រួចគាត់ក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។
33
គាត់រៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗដាក់ពីលើអុសនោះ។
34
គាត់មានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើគូរបានដុត និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ បន្ទាប់មកគាត់ប្រាប់ថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ រួចហើយគាត់ប្រាប់ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេធ្វើតាមបង្គាប់របស់គាត់ជាលើកទីបី។
35
ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។
36
លុះដល់ពេលធ្វើគូរបានវេលាល្ងាច អេលីយ៉េសចូលមកជិតអាសនៈ ហើយទូរអាថា៖ « អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ទ្រង់ពិតជាម្ចាស់នៃជនជាតិអ៊ីស្រអែល ហើយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ សូមឲ្យពួកគេឃើញថា ខ្ញុំធ្វើការទាំងនេះ តាមបញ្ជារបស់ទ្រង់។
37
អុលឡោះតាអាឡា ជាម្ចាស់អើយ សូមមេត្តាឆ្លើយតបមកខ្ញុំផង ដើម្បីឲ្យប្រជាជននេះទទួលស្គាល់ថា ទ្រង់ពិតជា អុលឡោះតាអាឡា ជាម្ចាស់ដ៏ពិតប្រាកដ មានតែទ្រង់ទេ ដែលអាចនាំចិត្តពួកគេ ឲ្យវិលមករកទ្រង់វិញបាន»។
38
ខណៈនោះស្រាប់តែភ្លើងរបស់ អុលឡោះតាអាឡា ធ្លាក់ចុះមក ឆេះគូរបានដុត ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។
39
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដី ហើយពោលថា៖ «គឺ អុលឡោះតាអាឡា ហើយជាម្ចាស់ដ៏ពិតប្រាកដ!»។
40
អេលីយ៉េសមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយអេលីយ៉េសបញ្ជាឲ្យនាំពួកគេទៅកាន់ជ្រោះគីសូន រួចគាត់ក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។
41
អេលីយ៉េសជម្រាបស្តេចអហាប់ថា៖ «សូមស្តេចអញ្ជើញពិសា ដ្បិតខ្ញុំ ឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។
42
ស្តេចអហាប់ក៏ទៅពិសា។ រីឯអេលីយ៉េសវិញ គាត់ឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំ អុលឡោះតាអាឡា ដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។
43
គាត់ប្រាប់អ្នកបម្រើរបស់គាត់ថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបម្រើនោះក៏ឡើងទៅ ហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំមិនឃើញអ្វីទេ!»។ អេលីយ៉េសប្រាប់អ្នកបម្រើ ឲ្យឡើងទៅមើលដូច្នេះ ចំនួនប្រាំពីរដង។
44
នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបអេលីយ៉េសថា៖ «ខ្ញុំឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ អេលីយ៉េសមានប្រសាសន៍ថា៖ «ចូរទៅជម្រាបស្តេចអហាប់ឲ្យទឹមរទេះ ហើយចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។
45
ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ស្តេចអហាប់ឡើងរទេះ ចូលទៅក្រុងយេសរាល។
46
អេលីយ៉េសយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែគាត់ពោរពេញដោយអំណាចរបស់ អុលឡោះតាអាឡា ហើយគាត់ក៏រត់ពីមុខរទេះស្តេចអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22