bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 32
Deuteronomy 32
Khmer 2014 (អាល់គីតាប)
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 33 →
1
«ផ្ទៃមេឃអើយ ចូរត្រង់ត្រាប់ស្តាប់សេចក្តី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្តាប់ពាក្យដែលខ្ញុំនិយាយ!
2
សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង សូមឲ្យពាក្យសំដីរបស់ខ្ញុំស្រក់ដូចសន្សើម ដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចី ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ
3
ដ្បិតខ្ញុំនឹងប្រកាសអំពីនាម អុលឡោះតាអាឡា! ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់អុលឡោះជាម្ចាស់នៃយើង!
4
អុលឡោះតាអាឡា ជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។
5
អុលឡោះជ្រាបថា អ្នករាល់គ្នាក្បត់ទ្រង់ ដោយអ្នករាល់គ្នាមានមារយាទបែបនេះ អ្នករាល់គ្នាមិនមែនជាបុត្រធីតា របស់ទ្រង់ទៀតទេ អ្នករាល់គ្នាជាមនុស្សអប្រិយ និងមានចិត្តវៀចវេរ។
6
ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ចំពោះអុលឡោះ ដែលប្រៀបដូចជាឪពុកដែលបានបង្កើតអ្នកមក! ទ្រង់បានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយ ព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។
7
ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្តាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។
8
ពេលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលអុលឡោះបំបែកមនុស្សលោកចេញពីគ្នា ទ្រង់បានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រអែល។
9
អុលឡោះតាអាឡា បានជ្រើសរើសអ៊ីស្រអែល ទុកជាប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជ្រើសរើសកូនចៅយ៉ាកកូប ទុកជាចំណែកមត៌ករបស់ទ្រង់ផ្ទាល់។
10
ទ្រង់បានរកឃើញអ៊ីស្រអែល នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង ដែលមានតែឆ្កែព្រៃរស់នៅ ទ្រង់បីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រអែល ទ្រង់ការពារគេ ដូចប្រស្រីនេត្ររបស់អុលឡោះ។
11
អុលឡោះប្រព្រឹត្តចំពោះអ៊ីស្រអែល ដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុក ព្រមទាំងហើរការពារពីលើកូនរបស់វា ហើយត្រដាងស្លាបក្រុងកូនរបស់វា និងដាក់កូននៅលើចំអេងស្លាបផង។
12
មានតែ អុលឡោះតាអាឡា មួយគត់ ដែលដឹកនាំប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់មិនត្រូវការព្រះដទៃឡើយ។
13
អុលឡោះនាំប្រជារាស្ត្ររបស់ទ្រង់ឡើងទៅ រស់នៅតាមតំបន់ភ្នំ ហើយឲ្យពួកគេបរិភោគ ភោគផលដែលដុះនៅតាមចម្ការ ទ្រង់ឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេង នៅតាមកន្លែងដែលមានថ្ម។
14
គោញី និងពពែញីផ្តល់ទឹកដោះឲ្យពួកគេ ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន ព្រមទាំងពពែឈ្មោល ពួកគេបរិភោគនំបុ័ងធ្វើពីម្សៅដ៏ល្អៗ ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
15
អ៊ីស្រអែល បានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោល អុលឡោះតាអាឡា ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយអុលឡោះដែលជាថ្មដា និងជាអ្នកសង្គ្រោះរបស់ខ្លួន។
16
ពួកគេធ្វើឲ្យអុលឡោះប្រច័ណ្ឌ ព្រោះពួកគេបែរទៅគោរពព្រះដទៃ ពួកគេធ្វើឲ្យទ្រង់ខឹង ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។
17
ពួកគេសែនព្រេនអារក្សដែលមិនមែនជាអុលឡោះ ព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយ ដែលខ្លួនពុំស្គាល់ គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។
18
អ្នកបានប្រមាថមាក់ងាយអុលឡោះដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចទ្រង់ដែលផ្តល់ជីវិតឲ្យអ្នក។
19
អុលឡោះតាអាឡា មើលឃើញដូច្នេះ ទ្រង់បោះបង់ចោលពួកគេ។ បុត្រធីតារបស់ទ្រង់បានធ្វើឲ្យទ្រង់ខឹង។
20
អុលឡោះក៏មានបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេបានឡើយ។
21
ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើឲ្យយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើឲ្យពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។
22
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ក្នុងផ្នូរខ្មោច។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
23
យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។
24
ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្ស ឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្តៅ និងជំងឺឆ្លង។ យើងនឹងប្រហារពួកគេដោយចង្កូម របស់សត្វសាហាវ និងពស់អាសិរពិស។
25
នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្តីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកដែលនៅបៅ ទាំងចាស់សក់ស្កូវ។
26
យើងមានបំណងបំផ្លាញពួកគេទាំងស្រុង យើងចង់លុបបំបាត់ពួកគេពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀត។
27
ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែន អុលឡោះតាអាឡា ទេដែលសម្រេចការនេះ”។
28
អ៊ីស្រអែលជាប្រជាជាតិឥតដឹងខុសត្រូវ ពួកគេគ្មានប្រាជ្ញាទាល់តែសោះ។
29
ប្រសិនបើពួកគេមានប្រាជ្ញា នោះពួកគេមុខជាពិចារណា ហើយយល់ថា នៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។
30
ប្រសិនបើ អុលឡោះតាអាឡា ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រអែលមួយម៉ឺននាក់បាក់ទ័ព កើតឬ?
31
ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា ព្រះដែលជាថ្មដារបស់ពួកគេ ពុំអាចផ្ទឹមស្មើនឹង អុលឡោះតាអាឡា ដែលជាថ្មដារបស់យើងបានឡើយ។
32
ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជា អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា ហើយប្រៀបដូចជាដើមទំពាំងបាយជូរ ដែលមានផ្លែល្វីង និងមានជាតិពុល។
33
ស្រាទំពាំងបាយជូររបស់ពួកគេ ប្រៀបដូចជាពិសរបស់នាគ និងដូចជាពិសដ៏សាហាវរបស់ពស់វែក។
34
យើងរៀបចំគម្រោងការមួយដ៏លាក់កំបាំង ដែលយើងបំរុងទុក ប្រឆាំងនឹងពួកគេ។
35
ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលដែលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។
36
អុលឡោះតាអាឡា រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះអាណិតអាសូរអ្នកបម្រើរបស់ទ្រង់ នៅពេលទ្រង់មើលឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
37
អុលឡោះតាអាឡា នឹងសួរពួកគេថា “តើព្រះរបស់អ្នករាល់គ្នា គឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដា ដើម្បីពឹងផ្អែកនោះ នៅឯណា?
38
អ្នករាល់គ្នាធ្វើយញ្ញបូជា និងពិធីច្រូចស្រា សែនព្រះទាំងនោះ បើព្រះទាំងនោះចេះស៊ីផឹកមែន ឲ្យពួកគេក្រោកឡើង ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!
39
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជា អុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ យើងផ្តល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងបានទេ។
40
យើងលើកដៃឆ្ពោះទៅលើមេឃ ហើយសច្ចាក្នុងនាមយើង ដែលជាអុលឡោះនៅអស់កល្បជានិច្ចថា:
41
យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់ គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។
42
យើងនឹងធ្វើឲ្យព្រួញរបស់យើង ជោកដោយឈាម ដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវ គ្មានទាហានណាម្នាក់របស់ពួកគេ គេចផុតពីមុខដាវនេះបានឡើយ គឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយ នឹងត្រូវវិនាសដូចគ្នា។
43
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់ អុលឡោះតាអាឡា! ដ្បិតទ្រង់សងសឹកជួសអ្នកបម្រើរបស់ទ្រង់ ទ្រង់ដាក់ទោសបច្ចាមិត្ត។ ទ្រង់ធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ទ្រង់រួចផុតពីសៅហ្មង»។
44
ម៉ូសា និងយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។
45
ពេលម៉ូសាប្រកាសបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រអែលទាំងអស់ ចប់សព្វគ្រប់ហើយ
46
គាត់មានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងពាក្យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមពាក្យទាំងអស់ដែលមានចែងក្នុងហ៊ូកុំនេះ។
47
បន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាបន្ទូលដែលផ្តល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដីដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
48
នៅថ្ងៃដដែលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖
49
«ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណានដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែល ទុកជាកម្មសិទ្ធិ។
50
អ្នកនឹងស្លាប់នៅលើភ្នំដែលអ្នកឡើងទៅនោះ គឺអ្នកនឹងទៅជួបជុំដូនតារបស់អ្នក ដូចហារូនដែលបានស្លាប់នៅលើភ្នំហោរ ទៅជួបជុំដូនតារបស់គាត់ដែរ។
51
កាលនៅក្បែរប្រភពទឹកមេរីបា នៅកាដេស ក្នុងវាលរហោស្ថានស៊ីន អ្នកទាំងពីរបានប្រព្រឹត្តខុសយ៉ាងធ្ងន់ចំពោះយើង នៅមុខជនជាតិអ៊ីស្រអែល គឺអ្នកទាំងពីរពុំបានលើកតម្កើងយើងជាម្ចាស់ដ៏វិសុទ្ធ នៅក្នុងចំណោមជនជាតិអ៊ីស្រអែលទេ។
52
ដូច្នេះ អ្នកនឹងមើលឃើញស្រុកដែលស្ថិតនៅចំពោះមុខអ្នក តែអ្នកនឹងមិនចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែលឡើយ»។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34