bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 29
2 Chronicles 29
Khmer 2014 (អាល់គីតាប)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
1
ស្តេចហេសេគាបានឡើងសោយរាជ្យ ក្នុងអាយុម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថាអប៊ីយ៉ា ជាកូនរបស់លោកសាការីយ៉ា។
2
ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្ត អុលឡោះតាអាឡា ដូចស្តេចទតជាអយ្យកោ ឥតខុសត្រង់ណាឡើយ។
3
នៅខែទីមួយក្នុងឆ្នាំទីមួយ នៃរជ្ជកាលរបស់ស្តេច ស្តេចហេសេគាបើកទ្វារដំណាក់របស់ អុលឡោះតាអាឡា ព្រមទាំងជួសជុលឡើងវិញ។
4
ស្តេចបានត្រាស់ហៅក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យមកជួបជុំគ្នានៅព្រលានខាងកើត
5
រួចមានប្រសាសន៍ទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្តាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានបរិសុទ្ធ ហើយញែកដំណាក់របស់ អុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទីសក្ការៈ។
6
ដូនតារបស់ពួកយើងបានបែកចិត្តចេញពីអុលឡោះតាអាឡា ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ចិត្ត អុលឡោះតាអាឡា ជាម្ចាស់នៃយើង។ ពួកគេបានបោះបង់ចោលទ្រង់ ពួកគេងាកមុខចេញពីទីសក្ការៈរបស់ អុលឡោះតាអាឡា ព្រមទាំងបែរខ្នងដាក់ទៀតផង។
7
ពួកគេបានបិទទ្វារម៉ាស្ជិទ និងពន្លត់ចង្កៀង ហើយលែងជូនគ្រឿងក្រអូប ឬគូរបានដុតចំពោះអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅក្នុងទីសក្ការៈនេះ។
8
ហេតុនេះ អុលឡោះតាអាឡា ខឹងទាស់នឹងស្រុកយូដា និងក្រុងយេរូសាឡឹម ទ្រង់ធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាព្រឺខ្លាច ហើយប្រមាថមាក់ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។
9
ព្រោះតែកំហុសនោះ ដូនតារបស់ពួកយើងបានដួលស្លាប់ដោយមុខដាវ កូនប្រុស កូនស្រី និងភរិយារបស់ពួកយើង ត្រូវខ្មាំងកៀរទៅជាឈ្លើយ។
10
ឥឡូវនេះខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដើម្បីសូមទ្រង់ពង្វាងកំហឹងចេញពីពួកយើង។
11
ឥឡូវនេះសូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិត អុលឡោះតាអាឡា បានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះទ្រង់ ដើម្បីបំពេញមុខងារបម្រើទ្រង់ ក្នុងការជូនគ្រឿងក្រអូប»។
12
ពេលនោះកូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារា ជាកូនរបស់លោកយេហាលែល។ ក្នុងអំបូរគើរសុន មានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មា មានលោកអេដេន ជាកូនរបស់លោកយ៉ូអា។
13
ក្នុងអំបូរអេលីសាផាន មានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភ មានលោកសាការីយ៉ា និងលោកម៉ាថានា។
14
ក្នុងអំបូរហេម៉ាន មានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិន មានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។
15
អ្នកទាំងនោះបានប្រមូលផ្តុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានបរិសុទ្ធ ហើយធ្វើពិធីជម្រះដំណាក់របស់ អុលឡោះតាអាឡា ឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្តេច និងស្របតាមបន្ទូលរបស់ អុលឡោះតាអាឡា ។
16
ក្រុមអ៊ីមុាំនាំគ្នាចូលទៅខាងក្នុងដំណាក់របស់ អុលឡោះតាអាឡា ដើម្បីធ្វើពិធីជម្រះដំណាក់ឲ្យបានបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងដំណាក់របស់ អុលឡោះតាអាឡា ចេញមកទីធ្លាដំណាក់របស់ អុលឡោះតាអាឡា ហើយក្រុមលេវីយកចេញទៅក្រៅបោះចោលនៅជ្រោះកេដ្រូន។
17
ពួកគេធ្វើពិធីញែកដំណាក់ឲ្យបានបរិសុទ្ធនៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃដំណាក់របស់ អុលឡោះតាអាឡា ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកដំណាក់របស់ អុលឡោះតាអាឡា ឲ្យបានបរិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។
18
បន្ទាប់មកក្រុមលេវី នាំគ្នាទៅជួបស្តេចហេសេគាជម្រាបថា៖ «យើងខ្ញុំ ធ្វើពិធីជម្រះដំណាក់ទាំងមូលរបស់ អុលឡោះតាអាឡា ព្រមទាំងអាសនៈធ្វើគូរបានដុត និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ តុតម្កល់នំបុ័ង និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ ចប់សព្វគ្រប់ហើយ។
19
រីឯវត្ថុទាំងប៉ុន្មានដែលស្តេចអហាសធ្វើឲ្យសៅហ្មង នៅពេលស្តេចបោះបង់ចោល អុលឡោះតាអាឡា ក្នុងគ្រាស្តេចគ្រងរាជ្យនោះ យើងខ្ញុំក៏បានជួសជុល និងញែកជាបរិសុទ្ធហើយដែរ។ យើងខ្ញុំដាក់វត្ថុទាំងនោះនៅមុខអាសនៈរបស់ អុលឡោះតាអាឡា »។
20
ស្តេចហេសេគាក្រោកពីព្រលឹម ហើយប្រមូលមេដឹកនាំនៅក្នុងទីក្រុងឲ្យមកជួបជុំគ្នា រួចឡើងទៅដំណាក់របស់ អុលឡោះតាអាឡា ។
21
គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅធ្វើជាគូរបានរំដោះបាបសម្រាប់រាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ស្តេចបង្គាប់ក្រុមអ៊ីមុាំ ជាពូជពង្សរបស់ហារូន ឲ្យយកសត្វទាំងនោះធ្វើគូរបាន នៅលើអាសនៈរបស់ អុលឡោះតាអាឡា ។
22
អ៊ីមុាំនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មកគេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។
23
បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវធ្វើជាគូរបានរំដោះបាប មកដាក់នៅមុខស្តេច និងនៅមុខអង្គប្រជុំ។ ស្តេចព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
24
ក្រុមអ៊ីមុាំក៏សម្លាប់ពពែឈ្មោល ហើយដាក់ឈាមនៅលើអាសនៈ ទូរអាសូមអុលឡោះរំដោះបាបជនជាតិអ៊ីស្រអែលទាំងមូល ដ្បិតស្តេចបានប្រកាសថា គូរបានដុត និងគូរបានរំដោះបាបនេះត្រូវធ្វើសម្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។
25
ស្តេចចាត់ក្រុមលេវីឲ្យឈរនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ស្តេចទត និងលោកកាដ ជាអ្នកទាយរបស់ស្តេច ព្រមទាំងណាពីណាថាន ដ្បិត អុលឡោះតាអាឡា បង្គាប់ដូច្នេះ តាមរយៈណាពីរបស់ទ្រង់។
26
ក្រុមលេវីឈរនៅកន្លែងរបស់ខ្លួន ទាំងកាន់ឧបករណ៍តន្ត្រីរបស់ស្តេចទត ហើយក្រុមអ៊ីមុាំកាន់ត្រែ។
27
ស្តេចហេសេគាបង្គាប់ឲ្យធ្វើគូរបានដុតនៅលើអាសនៈ។ នៅពេលគេចាប់ផ្តើមធ្វើគូរបានដុត គេក៏ចាប់ផ្តើមច្រៀងជូន អុលឡោះតាអាឡា ដោយមានត្រែ និងឧបករណ៍តន្ត្រីរបស់ស្តេចទត ជាស្តេចស្រុកអ៊ីស្រអែលប្រគំកំដរផង។
28
អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចំរៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែធ្វើគូរបានដុតចប់សព្វគ្រប់។
29
ពេលធ្វើគូរបានដុតរួចរាល់ហើយ ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
30
បន្ទាប់មកស្តេចហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើង អុលឡោះតាអាឡា តាមទំនុកដែលស្តេចទត និងលោកអេសាភ ជាអ្នកទាយបានតែង។ ពួកគេសរសើរតម្កើងទ្រង់ ដោយអំណរសប្បាយដ៏លើសលប់ រួចនាំគ្នាអោនកាយក្រាបថ្វាយបង្គំ។
31
ពេលនោះស្តេចហេសេគាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាយកជំនូនមកជូន អុលឡោះតាអាឡា ។ ឥឡូវនេះចូរនាំសត្វដែលអ្នករាល់គ្នាត្រូវធ្វើជាគូរបានអរគុណ ចូលទៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវធ្វើជាគូរបានចូលមកជូន ដើម្បីអរគុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានធ្វើគូរបានដុតដែរ។
32
ចំនួនសត្វដែលអង្គប្រជុំយកមកធ្វើជាគូរបានដុត មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេជូនសត្វទាំងនោះជាគូរបានដុតដល់ អុលឡោះតាអាឡា ។
33
គេក៏បានយកគោប្រាំមួយរយក្បាល និងចៀមបីពាន់ក្បាលទៀត មកធ្វើជាគូរបានផ្សេងៗដែរ។
34
ដោយអ៊ីមុាំមានគ្នាតិចពេក មិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវធ្វើជាគូរបានដុតបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមអ៊ីមុាំធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានបរិសុទ្ធជាងក្រុមអ៊ីមុាំ។
35
មួយវិញទៀត ក្រៅពីចំនួនគូរបានដុតដ៏ច្រើន រួមទាំងស្រាដែលច្រួចជាមួយនោះ គេក៏ត្រូវជូនខ្លាញ់របស់សត្វ ដែលធ្វើជាគូរបានមេត្រីភាពនៅលើអាសនៈដែរ។ ដូច្នេះគេបានចាត់ចែង ឲ្យមានពិធីគោរពបម្រើ អុលឡោះតាអាឡា នៅក្នុងដំណាក់របស់ទ្រង់ឡើងវិញ។
36
ស្តេចហេសេគា និងប្រជាជនទាំងមូលសប្បាយរីករាយក្រៃលែង ព្រោះអុលឡោះជួយគេឲ្យសម្រេចការនេះបាន ដោយឥតបង្អែបង្អង់ឡើយ។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36