bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 23
2 Kings 23
Khmer 2014 (អាល់គីតាប)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
1
ស្តេចចាត់គេឲ្យទៅអញ្ជើញអស់លោកអះលីជំអះ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកជួប។
2
បន្ទាប់មក ស្តេចទៅកាន់ដំណាក់របស់ អុលឡោះតាអាឡា ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអ៊ីមុាំណាពី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ស្តេចអានបន្ទូលនៃអុលឡោះទាំងប៉ុន្មានក្នុងគីតាបសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងដំណាក់របស់ អុលឡោះតាអាឡា ឲ្យប្រជាជនស្តាប់។
3
ស្តេចឈរនៅលើវេទិកា នៅចំពោះ អុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយ អុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ទ្រង់ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
4
ស្តេចចេញបញ្ជាដល់មូស្ទីហ៊ីលគីយ៉ា និងពួកអ៊ីមុាំថ្នាក់បន្ទាប់ ព្រមទាំងក្រុមយាមទ្វារឲ្យយកវត្ថុទាំងប៉ុន្មាន ដែលគេជូនព្រះបាល ព្រះអាសេរ៉ា និងផ្កាយទាំងប៉ុន្មាននៅលើមេឃ ចេញពីម៉ាស្ជិទរបស់ អុលឡោះតាអាឡា ។ គេយកវត្ថុទាំងនោះទៅដុតចោលនៅក្រៅក្រុងយេរូសាឡឹម ក្នុងជ្រោះកេដ្រូន រួចយកផេះទៅចោលនៅបេតអែល។
5
ស្តេចលុបបំបាត់ពួកអ៊ីមុាំដែលស្តេចស្រុកយូដាបានលើកបន្តុប សម្រាប់ដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៃក្រុងទាំងឡាយក្នុងស្រុកយូដា និងនៅជុំវិញក្រុងយេរូសាឡឹម។ ស្តេចលុបបំបាត់អស់អ្នកដែលដុតគ្រឿងក្រអូបជូនព្រះបាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និងហ្វូងតារាទាំងប៉ុន្មាននៅលើមេឃ។
6
ស្តេចយកបង្គោលរបស់ព្រះអាសេរ៉ា ចេញពីដំណាក់របស់ អុលឡោះតាអាឡា ទៅចោលក្រៅក្រុងយេរូសាឡឹម រួចដុតនៅជ្រោះកេដ្រូន។ គេដុតកំទេចបង្គោលនោះឲ្យទៅជាផេះ ហើយយកផេះទៅបាចលើផ្នូររបស់ប្រជាជន។
7
ស្តេចយ៉ូសៀសកំទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងដំណាក់របស់ អុលឡោះតាអាឡា និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ជូនព្រះអាសេរ៉ាដែរ។
8
ស្តេចកោះហៅអ៊ីមុាំទាំងអស់ ពីក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ស្តេចបានបំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ចាប់ពីក្រុងកេបារហូតដល់បៀរសេបា ជាកន្លែងដែលអ៊ីមុាំទាំងនោះធ្លាប់ដុតគ្រឿងក្រអូប។ ស្តេចក៏រំលំកន្លែងសក្ការៈនៅតាមទ្វារក្រុងយេរូសាឡឹម ដូចជាកន្លែងសក្ការៈដែលស្ថិតនៅខាងឆ្វេងទ្វារយ៉ូស្វេ ជាអភិបាលក្រុង។
9
ពួកអ៊ីមុាំនៃកន្លែងតាមទួលខ្ពស់ៗ គ្មានសិទ្ធិឡើងទៅធ្វើគូរបាននៅលើអាសនៈរបស់ អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹមទេ តែពួកគេអាចបរិភោគនំបុ័ងឥតមេ ជាមួយអ៊ីមុាំដទៃទៀតបាន។
10
ស្តេចយ៉ូសៀសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផែត ក្នុងជ្រលងភ្នំបេនហ៊ិនណម ដើម្បីកុំឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅធ្វើបូជាយញ្ញជូនព្រះម៉ូឡុកទៀតឡើយ។
11
ស្តេចយ៉ូសៀសយករូបសេះទាំងប៉ុន្មាន ដែលស្តេចស្រុកយូដាធ្វើជូនព្រះអាទិត្យ ចេញពីមាត់ទ្វារដំណាក់របស់ អុលឡោះតាអាឡា ។ រូបទាំងនោះស្ថិតក្បែរបន្ទប់របស់លោកមហាតលឹកនេថាន-មេឡេក គឺនៅក្នុងបន្ទប់អម។ ស្តេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។
12
ស្តេចរំលំអាសនៈទាំងប៉ុន្មានដែលស្តេចអហាស់ និងស្តេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្តេចក៏រំលំអាសនៈទាំងប៉ុន្មានដែលស្តេចម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃដំណាក់របស់ អុលឡោះតាអាឡា ។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្តេចយកកំទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
13
ស្តេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល បានសង់កន្លែងសក្ការៈទាំងនោះ ជូនព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូសជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូមជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
14
ស្តេចវាយបំបាក់ស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកឆ្អឹងមនុស្សមករាយពាសពេញទីនោះវិញ។
15
ស្តេចយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្តេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្តេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
16
ស្តេចយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្តេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមបន្ទូលដែលអ្នកជំនិតរបស់ អុលឡោះតាអាឡា ថ្លែងទុក។
17
ស្តេចមានប្រសាសន៍ថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងជម្រាបថា៖ «គឺផ្នូរអ្នកជំនិតរបស់អុលឡោះដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលស្តេចទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។
18
ស្តេចមានប្រសាសន៍ថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ឆ្អឹងរបស់គាត់ឡើយ»។ ដូច្នេះ គេមិនគាស់យកឆ្អឹងរបស់គាត់ ព្រមទាំងឆ្អឹងរបស់ណាពីដែលមកពីស្រុកសាម៉ារីទេ។
19
កាលពីដើម ស្តេចនានានៃស្រុកអ៊ីស្រអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្តាលឲ្យ អុលឡោះតាអាឡា ខឹង។ ស្តេចយ៉ូសៀសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចគាត់បានធ្វើនៅបេតអែលដែរ។
20
ស្តេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មកស្តេចត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
21
ស្តេចបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារឰបុណ្យរំលងជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ស្របតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបសម្ពន្ធមេត្រី»។
22
តាំងពីជំនាន់ពួកចៅហ្វាយ និងក្នុងជំនាន់ស្តេចនានានៃស្រុកអ៊ីស្រអែល និងស្រុកយូដា គេមិនដែលប្រារឰបុណ្យរំលងរបៀបនេះទេ។
23
នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយ៉ូសៀស គេនាំគ្នាប្រារឰពិធីបុណ្យរំលងបែបនេះជូន អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
24
ស្តេចយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីមសម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើមដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្តីទាំងប៉ុន្មានចែងទុកក្នុងគីតាប ដែលអ៊ីមុាំហ៊ីលគីយ៉ា បានរកឃើញ នៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ។
25
កាលពីមុនពុំដែលមានស្តេចណាមួយវិលមករក អុលឡោះតាអាឡា ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ដូចស្តេចយ៉ូសៀសឡើយ ហើយក្រោយមកក៏គ្មានដែរ។
26
ប៉ុន្តែ អុលឡោះតាអាឡា ខឹង ប្រឆាំងនឹងអ្នកស្រុកយូដាយ៉ាងខ្លាំងដូចមុនដដែល ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលស្តេចម៉ាណាសេបានប្រព្រឹត្តទាស់នឹងបំណងរបស់ទ្រង់។
27
អុលឡោះតាអាឡា មានបន្ទូលថា៖ «យើងនឹងបណ្តេញជនជាតិយូដាចេញឲ្យឆ្ងាយពីមុខយើង ដូចយើងបានបណ្តេញជនជាតិអ៊ីស្រអែលដែរ។ យើងនឹងបោះបង់ចោលយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ព្រមទាំងបោះបង់ចោលដំណាក់ ជាកន្លែងដែលយើងសំដែងនាមរបស់យើង»។
28
កិច្ចការផ្សេងៗរបស់ស្តេចយ៉ូសៀស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
29
ក្នុងរជ្ជកាលស្តេចយ៉ូសៀស ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្តេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលស្តេចហ្វៀរ៉អ៊ូនឃើញ ក៏សម្លាប់ស្តេចយ៉ូសៀសនៅមេគីដោ។
30
ពួកនាយទាហានលើកសពរបស់ស្តេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្តេច។ ប្រជាជននៅស្រុកយូដា នាំគ្នាជ្រើសរើសស្តេចយ៉ូអាហាស ជាបុត្ររបស់ស្តេចយ៉ូសៀស មកតែងតាំងឲ្យស្នងរាជ្យបិតា។
31
កាលស្តេចអាហាសឡើងសោយរាជ្យ គាត់មានអាយុម្ភៃបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថាហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។
32
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
33
ស្តេចហ្វៀរ៉អ៊ូននេកោ ចាប់ស្តេចយ៉ូអាហាស់ដាក់ច្រវាក់នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ដើម្បីកុំឲ្យស្តេចសោយរាជ្យនៅក្រុងយេរូសាឡឹមតទៅទៀត។ ស្តេចហ្វៀរ៉អ៊ូននេកោតំរូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាប។
34
ស្តេចហ្វៀរ៉អ៊ូននេកោតែងតាំងស្តេចអេលាគីម ជាកូនរបស់ស្តេចយ៉ូសៀសឲ្យស្នងរាជ្យបិតា ហើយដូរឈ្មោះថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ ស្តេចហ្វៀរ៉អ៊ូននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយគាត់ក៏ស្លាប់នៅទីនោះ។
35
ស្តេចយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្តេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ដូចស្តេចហ្វៀរ៉អ៊ូនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្តេចក៏យកទៅជូនស្តេចហ្វៀរ៉អ៊ូននេកោ។
36
កាលស្តេចយេហូយ៉ាគីម ឡើងសោយរាជ្យ គាត់មានវ័យម្ភៃប្រាំឆ្នាំ ហើយគាត់សោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថា សេប៊ូដា ជាកូនរបស់លោកពេដាយ៉ា ជាអ្នកស្រុករូម៉ា។
37
ស្តេចយេហូយ៉ាគីមប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25