bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Matthew 18
Matthew 18
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
1
នៅពេលនោះ ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលសួរថា៖ “តើអ្នកណាធំជាងអ្នកណា ក្នុងអាណាចក្រស្ថានសួគ៌?”។
2
ព្រះយេស៊ូវទ្រង់ហៅក្មេងម្នាក់មក ឲ្យឈរនៅកណ្ដាលចំណោមពួកគេ
3
ហើយមានបន្ទូលថា៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែអ្នករាល់គ្នាប្រែគំនិត ហើយបានដូចជាក្មេង ពុំនោះទេ អ្នករាល់គ្នានឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
4
ដូច្នេះ អ្នកណាក៏ដោយដែលបន្ទាបខ្លួនដូចក្មេងនេះ អ្នកនោះធំជាងក្នុងអាណាចក្រស្ថានសួគ៌។
5
អ្នកណាក៏ដោយដែលទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ។
6
“ប៉ុន្តែអ្នកណាក៏ដោយដែលធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះដែលជឿលើខ្ញុំជំពប់ដួល នោះប្រសើរជាងសម្រាប់អ្នកនោះ ដែលព្យួរត្បាល់កិនដ៏ធំនឹងករបស់គាត់ ហើយពន្លិចទៅក្នុងជម្រៅសមុទ្រ។
7
វេទនាដល់ពិភពលោកហើយ ដោយសារតែសេចក្ដីបណ្ដាលឲ្យជំពប់ដួល។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួលត្រូវតែមក ប៉ុន្តែវេទនាដល់អ្នកដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមកតាមរយៈគាត់។
8
ប្រសិនបើដៃម្ខាង ឬជើងម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងកំបុតដៃម្ខាង ឬកំបុតជើងម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងភ្លើងអស់កល្បជានិច្ច ទាំងមានដៃពីរ ឬជើងពីរ។
9
ប្រសិនបើភ្នែកម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងមានភ្នែកតែម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងភ្លើងនរកទាំងមានភ្នែកពីរ។
10
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
11
ជាការពិត កូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង។
12
តើអ្នករាល់គ្នាគិតដូចម្ដេច? ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្នុងចៀមទាំងនោះវង្វេងបាត់ តើគាត់មិនទុកចោលចៀមកៅសិបប្រាំបួននៅតាមភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ?
13
ប្រសិនបើគាត់រកវាឃើញ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់មុខជាអរសប្បាយនឹងវាខ្លាំងជាងអរសប្បាយនឹងចៀមកៅសិបប្រាំបួនដែលមិនបានវង្វេងបាត់នោះទៅទៀត។
14
ដូចគ្នាដែរ ការដែលម្នាក់ក្នុងអ្នកតូចទាំងនេះត្រូវវិនាស មិនមែនជាបំណងព្រះហឫទ័យរបស់ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ទេ។
15
“ប្រសិនបើបងប្អូនរបស់អ្នកប្រព្រឹត្តបាបទាស់នឹង អ្នក ចូរទៅស្ដីប្រដៅគាត់តែរវាងអ្នក និងគាត់ប៉ុណ្ណោះ។ ប្រសិនបើគាត់ស្ដាប់អ្នក នោះអ្នកឈ្នះបានបងប្អូនរបស់អ្នកមកវិញហើយ;
16
ប៉ុន្តែប្រសិនបើគាត់មិនស្ដាប់ទេ ចូរយកម្នាក់ ឬពីរនាក់ទៀតទៅជាមួយអ្នក ដើម្បីឲ្យ ‘ការទាំងអស់បានបញ្ជាក់ដោយមាត់របស់សាក្សីពីរ ឬបីនាក់’ ។
17
ប្រសិនបើគាត់មិនព្រមស្ដាប់ពួកគេទេ ចូរប្រាប់ក្រុមជំនុំ; ហើយប្រសិនបើគាត់មិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ និងអ្នកទារពន្ធចុះ។
18
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ។
19
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាម្ដងទៀតថា ប្រសិនបើពីរនាក់ក្នុងអ្នករាល់គ្នាមានចិត្តតែមួយនៅលើផែនដីអំពីអ្វីក៏ដោយដែលពួកគេទូលសុំ នោះព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងសម្រេចឲ្យពួកគេ។
20
ដ្បិតកន្លែងណាដែលមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមរបស់ខ្ញុំ ខ្ញុំក៏នៅទីនោះក្នុងកណ្ដាលចំណោមពួកគេដែរ”។
21
ពេលនោះ ពេត្រុសចូលមកជិត ទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ បើសិនបងប្អូនរបស់ទូលបង្គំប្រព្រឹត្តបាបទាស់នឹងទូលបង្គំ តើទូលបង្គំត្រូវតែលើកលែងទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?”។
22
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “ខ្ញុំប្រាប់អ្នកថា មិនមែនដល់ប្រាំពីរដងទេ គឺដល់ចិតសិបគុណនឹងប្រាំពីរដង វិញ។
23
ដូច្នេះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីនឹងពួកបាវបម្រើរបស់ខ្លួន។
24
នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់ ត្រូវគេនាំមកឯទ្រង់។
25
ប៉ុន្តែដោយសារគាត់គ្មានអ្វីសង ចៅហ្វាយក៏បញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ និងកូនគាត់ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មាន ដើម្បីសងបំណុលនោះ។
26
“បាវបម្រើនោះក៏ក្រាបចុះថ្វាយបង្គំស្ដេច ទូលថា: ‘ សូមមេត្តាអត់ធ្មត់នឹងទូលបង្គំផង ទូលបង្គំនឹងសងអ្វីៗទាំងអស់ដល់ទ្រង់’។
27
ដោយមានចិត្តអាណិតអាសូរ ចៅហ្វាយរបស់បាវបម្រើនោះក៏ដោះលែងគាត់ ព្រមទាំងលើកលែងបំណុលឲ្យគាត់ទៀតផង។
28
“ប៉ុន្តែបាវបម្រើនោះចេញទៅ ក៏ជួបបាវបម្រើជាគ្នាគាត់ម្នាក់ដែលជំពាក់គាត់មួយរយឌេណារី ។ គាត់ចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា: ‘សងអ្វីដែលជំពាក់យើងមក!’។
29
“បាវបម្រើជាគ្នាគាត់នោះក៏ក្រាបចុះ អង្វរគាត់ថា: ‘សូមអត់ធ្មត់នឹងគ្នាផង គ្នានឹងសងឯងវិញ’។
30
ប៉ុន្តែគាត់មិនព្រមទេ ផ្ទុយទៅវិញគាត់យកអ្នកនោះទៅដាក់គុក រហូតទាល់តែអ្នកនោះសងអ្វីដែលជំពាក់។
31
នៅពេលពួកបាវបម្រើជាគ្នាឯទៀតរបស់គាត់ឃើញអ្វីៗដែលកើតឡើងនោះ ពួកគេក៏ពិបាកចិត្តយ៉ាងខ្លាំង ហើយទៅរៀបរាប់ប្រាប់ចៅហ្វាយរបស់ពួកគេអំពីការទាំងអស់ដែលបានកើតឡើង។
32
“ដូច្នេះ ចៅហ្វាយរបស់គាត់ក៏ហៅគាត់មក និយាយថា: ‘បាវបម្រើអាក្រក់អើយ! យើងបានលើកលែងបំណុលទាំងអស់នោះឲ្យអ្នក ដោយសារអ្នកអង្វរយើង។
33
តើមិនគួរឲ្យអ្នកអាណិតមេត្តាបាវបម្រើជាគ្នារបស់អ្នក ដូចដែលយើងបានអាណិតមេត្តាអ្នកដែរទេឬ?’។
34
ចៅហ្វាយក៏ខឹងណាស់ ហើយប្រគល់គាត់ទៅអ្នកធ្វើទារុណកម្ម រហូតទាល់តែគាត់សងអ្វីៗទាំងអស់ដែលបានជំពាក់។
35
ព្រះបិតាសួគ៌របស់ខ្ញុំក៏នឹងធ្វើយ៉ាងនោះដល់អ្នករាល់គ្នាដែរ ប្រសិនបើអ្នករាល់គ្នាម្នាក់ៗមិនលើកលែងទោសឲ្យបងប្អូន របស់ខ្លួនអស់ពីចិត្តរបស់អ្នករាល់គ្នាទេ”៕
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28